អ្នកស្រី Sviatlana Tsikhanouskaya មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសបេឡារុសបានជួបជាមួយលោកប្រធានាធិបតី Joe Biden កាលពីថ្ងៃពុធនៅសេតវិមានពិភាក្សាអំពីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅអតីតសាធារណរដ្ឋនៃសហភាពសូវៀតនេះ។
ក្នុងការចុះផ្សាយតាម Twitter អំពីជំនួបនេះលោក Biden បានមានប្រសាសន៍ថា៖ «ខ្ញុំមានកិត្តិយសដោយបានជួបជាមួយអ្នកស្រី Tsikhanouskaya នៅឯសេតវិមាននៅព្រឹកនេះ។ សហរដ្ឋអាមេរិកឈរជាមួយប្រជាពលរដ្ឋបេឡារុសនៅក្នុងការស្វែងរកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»។
អ្នកស្រី Tsikhanouskaya បានហៅជំនួបនេះថា «មានភាពកក់ក្តៅ» ហើយថាអ្នកស្រីគិតថាសហរដ្ឋអាមេរិកបានឈរជាមួយប្រទេសបេឡារុស។
ប្រទេសបេឡារុសមានចលាចលនយោបាយចាប់តាំងពីប្រធានាធិបតី Alexander Lukashenko បានជាប់ឆ្នោតម្តងទៀតដែលប្រទេសលោកខាងលិចជាច្រើនថាជាការបោះឆ្នោតមិនសុចរិតកាលពីខែសីហាឆ្នាំទៅ។
អ្នកស្រី Tsikhanouskaya បានអំពាវនាវឲ្យសហរដ្ឋអាមេរិកចាត់វិធានការកាន់តែខ្លាំងប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Lukashenko។ កាលពីពេលថ្មីៗនេះអ្នកស្រីបានអំពាវនាវឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើពាណិជ្ជកម្មប៉ូតាស្យូមឈើ និងដែកថែប។
ក្នុងអំឡុងពេលស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនអ្នកស្រីក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិនៅសេតវិមាន៕
វីអូអេភាសារុស្ស៊ីនិងទីភ្នាក់ងារសារព័ត៌មាន Reuters រួមចំណែក្នុងសេចក្តីរាយការណ៍នេះ។