អត្តពលិកជនជាតិបេឡារុសម្នាក់ដែលប្រកួតនៅក្នុងអូឡាំពិកបានប្រទាញប្រទង់គ្នាយ៉ាងខ្លាំងជាមួយប្រទេសរបស់នាង។ នាងបានដើរចូលក្នុងស្ថានទូតប៉ូឡូញនៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីបដិសេធជិះយន្តហោះត្រឡប់ទៅប្រទេសវិញ ដោយនាងនិយាយថា នាងត្រូវបានក្រុមរបស់នាងបង្ខំឲ្យវិលត្រឡប់ទៅវិញដែលផ្ទុយពីឆន្ទៈរបស់នាង។
នាង Krystsina Tsimanouskaya អាយុ២៤ឆ្នាំ ដែលបានស្វះស្វែងសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសប៉ូឡូញ បាននិយាយថា សមាជិកម្នាក់របស់សហគមន៍បេឡារុសក្នុងមូលដ្ឋាន បានទាក់ទងជាមួយនាង។ ក្រុមមន្ត្រីស្ថានកុងស៊ុលប៉ូឡូញ មិនបានឆ្លើយតបទៅនឹងសំណើសុំធ្វើការបញ្ជាក់ ឬធ្វើអត្ថាធិប្បាយទេ។
កាលពីដំបូង លោកស្រី Marcin Przydacz មន្ត្រីក្រសួងការបរទេសប៉ូឡូញ បានសរសេរនៅលើ Twitter ថា នាង Tsimanouskaya បានត្រូវបានគេ«ផ្តល់ទិដ្ឋាការផ្នែកមនុស្សធម៌ហើយមានសេរីភាពប្រកបអាជីពកីឡារបស់នាងនៅក្នុងប្រទេសប៉ូឡូញ ប្រសិនបើនាងជ្រើសរើសធ្វើដូច្នេះ»។
កីឡាការិនីផ្នែករត់នោះត្រូវបានគេដឹកតាមរថយន្ត Van ពណ៌ទឹកប្រាក់ដែលមិនស្គាល់អត្តសញ្ញាណមកទម្លាក់នៅខាងមុខស្ថានទូតនៅប្រហែលម៉ោង៥ល្ងាច។ នាងបានចេញពីរថយន្តនោះដោយមានវ៉ាលីរបស់នាង ហើយបន្ទាប់មកត្រូវបានទទួលការស្វាគមន៍ដោយមន្ត្រី២នាក់មុនចូលក្នុងបរិវេណស្ថានទូតប៉ូឡូញ។
ស្ត្រី២នាក់ ម្នាក់កាន់ទង់ជាតិមានពណ៌ក្រហមនិងសដែលគេចាត់ទុកជានិមិត្តរូបរបស់គណបក្សប្រឆាំងក្នុងប្រទេសបេឡរុស បានដើរមកច្រកទ្វាដើម្បីគាំទ្រនាង។
ប្រភពក្រសួងមហាផ្ទៃអ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោក Arseni Zhdanevich ដែលជាស្វាមីរបស់នាង Tsimanouskaya បានចូលក្នុងប្រទេសអ៊ុយក្រែន។ គេមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយថា តើលោកនឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញដើម្បីជួបជុំជាមួយភរិយារបស់លោកឬក៏យ៉ាងណាទេ៕