ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាការិនី​បេឡារុស​ចាកចេញ​ពី​ទីក្រុង​តូក្យូ​ទៅកាន់​ទីក្រុង​វីយ៉េន​


នាង​ Krystsina Tsimanouskaya ​កីឡាការិនី​រត់​ប្រណាំង​ជនជាតិ​បេឡារុស​ រៀប​ឡើង​យន្ដហោះ​ទៅ​កាន់​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។
នាង​ Krystsina Tsimanouskaya ​កីឡាការិនី​រត់​ប្រណាំង​ជនជាតិ​បេឡារុស​ រៀប​ឡើង​យន្ដហោះ​ទៅ​កាន់​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។

កីឡាការិនី​រត់​ប្រណាំង​ជនជាតិ​បេឡារុស​ដែល​និយាយ​ថា ​ នាង​ប្រឈមនឹង​ការ​ធ្វើ​បាប​ ​បើ​នាង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​នាង​វិញ​នោះ ​បាន​ចាកចេញ​ពី​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​តាម​ជើង​យន្តហោះ​ទៅ​ប្រទេស​អូទ្រីស។​

នាង​ Krystsina Tsimanouskaya ​នឹង​ទៅ​ដល់​ទីក្រុង​វីយ៉ែន​នៅ​ថ្ងៃពុធ​ពេល​រសៀល។​ បន្ទាប់​មក ​នាង​នឹង​ធ្វើ​ដំណើរ​ទៅប្រទេស​ប៉ូឡូញ ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ទិដ្ឋាការ​មនុស្សធម៌​ដល់​នាង។

នាយក​រដ្ឋមន្ត្រី​ប៉ូឡូញ​លោក ​Mateusz Morawiecki ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Facebook ​កាលពី​ថ្ងៃ​អង្គារ​ថា​លោក​បាន​និយាយ​ជាមួយ​នាង ​Tsimanouskaya ​ហើយ​ថា ​ នាង​អាច​រស់​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ដោយ​គ្មាន​ឧបសគ្គ។​

អាជ្ញាធរ​ប៉ូឡូញ​បាន​ផ្តល់​ទិដ្ឋាការ​មនុស្ស​ធម៌​ឲ្យ​នាង​ Tsimanouskaya ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​កាលពី​ថ្ងៃ​ច័ន្ទ​បន្ទាប់ពី​នាង​បាន​ចោទ​ពួក​មន្ត្រី​របស់​ក្រុម​កីឡា​នាង​ថា​ បាន​ព្យាយាម​បង្ខំ​នាង​ឲ្យ​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​បេឡារុស​វិញ​ដែល​ប្រឆាំង​នឹង​ឆន្ទៈ​របស់​នាង។​

នាង​ Tsimanouskaya ​បាន​ប្រាប់​ក្រុម​មន្ត្រី​ក្នុង​ទីក្រុង​តូក្យូ​ថា ​នាង​ភ័យ​ខ្លាច​នាង​នឹង​មិន​មាន​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​បេឡារុស ​ដោយ​សារ​រដ្ឋាភិបាល​ផ្តាច់ការ​របស់​លោក​ប្រធានាធិបតី Alexander Lukashenko។​

គណៈ​កម្មាធិការ​អូឡាំពិក​ជាតិ​បេឡារុស​ត្រូវ​បាន​ដឹកនាំ​អស់​រយៈពេល​ជាង​២៥​ឆ្នាំ​ដោយ​លោក Lukashenko ​និង​កូន​ប្រុស​របស់​លោក​ឈ្មោះ ​Viktor។​

រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក ​Antony Blinken ​បាន​និយាយ​ថា ​ រដ្ឋាភិបាល​លោក ​Lukashenko ​បាន​ព្យាយាម​បង្ខំ​ឲ្យ​នាង​ Tsimanouskaya ​ចាកចេញ​ពី​ការ​ប្រកួត​កីឡា ​«ដោយ​គ្រាន់តែ​នាង​ប្រើ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី»។​

ម៉្យាង​ទៀតនៅ​ប្រទេស​បេឡារុស​មាន​ការ​កាត់​ទោសអសាធារណៈ​លើ​ឥស្សរជន​ប្រឆាំង​នាំមុខកាលពី​ថ្ងៃពុធ​លើ​បទ​ចោទ​ដែល​កើត​ចេញ​ពី​ការ​អំពាវ​នាវ​របស់​ពួកគេ​ឲ្យ​តវ៉ា​ប្រឆាំង​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​មាន​ការ​លួច​បន្លំ​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ​ទៅ។ ​

លោក​ស្រី ​Maryya Kalesnikava ​និង​លោក ​Maksim Znak ត្រូវ​ចោទ​ពី​បទរួម​គំនិតដណ្តើម​អំណាច ​ ​អំពាវនាវ​ឲ្យ​មាន​សកម្មភាព​ប៉ះពាល់​សន្តិសុខ​ជាតិ ​និង​ជំរុញសកម្មភាព​ដែល​ប៉ះពាល់​សន្តិសុខ​ជាតិ​ តាម​រយៈ​បណ្តាញ​ព័ត៌មាន​ និង​អ៊ីនធឺណិត។​

សាច់ញាតិ ​មិត្ត​ភក្ដិ ​អ្នក​កាសែត​ និង​អ្នក​គាំទ្រលោក​ស្រី ​Kalesnikava ​និង​លោក ​Znak បាន​ត្រូវ​គេ​រារាំង​មិន​ឲ្យ​ចូល​ស្តាប់​ការកាត់ទោស​នៅតុលាការ​ក្នុង​ទីក្រុង​ Minsk ​នោះ​ទេ។​

អ្នក​ទាំង​២​ជា​សមាជិក​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​របស់​គណបក្ស​ប្រឆាំងដែល​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់ពី​ការ​បោះឆ្នោត​មាន​ជម្លោះ​ ដើម្បី​សម្រប​សម្រួល​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។​

សហ​រដ្ឋ​អាមេរិក​បាន​ហៅ​ការ​ចោទប្រកាន់​នោះ​ថា​ ជា​ការ​ប្រឌិត​ឡើង៕​


(ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP, និង Reuters)

XS
SM
MD
LG