ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចំណេញ​ពីរ​ចំណុច បន្ទាប់ពី​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទៅ​ជិត​ជប៉ុន និង​កោះតៃវ៉ាន់


រូបឯកសារ៖ នាវាដឹកយន្តហោះប្រយុទ្ធ Liaoning របស់យោធាជើងទឹកចិនចូលរួមក្នុងពិធីរំឭកខួបលើកទី៧០ នៃកងទ័ពចិន នៅខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ នាវាដឹកយន្តហោះប្រយុទ្ធ Liaoning របស់យោធាជើងទឹកចិនចូលរួមក្នុងពិធីរំឭកខួបលើកទី៧០ នៃកងទ័ពចិន នៅខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

អ្នកវិភាគ​នានា​ជឿ​ថា យោធា​ជើង​ទឹក​ចិន​បាន​យល់​ដឹង​ច្រើន​ពី​បេសកកម្ម​ហាត់សម​រយៈពេល​ពេញ​មួយ​ខែ​របស់​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​ខ្លួន នៅ​ក្នុង​ការ​ការពារ​កងទ័ព​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ និង​យល់​ដឹង​បន្ថែម​ពី​ស្ថានភាព​ដែល​អាច​កើត​មាន​ឡើង ប្រសិន​បើ​ខ្លួន​ត្រូវ​ប្រយុទ្ធ​ជាមួយ​នឹង​ជប៉ុន ឬ​ក៏​កោះ​តៃវ៉ាន់។

នាវា​ដឹក​យន្តហោះ​ចម្បាំង Liaoning បាន​វិល​ត្រឡប់​មក​កាន់​កំពង់ផែ​នៅ​ភាគខាងកើត​ប្រទេស​ចិន​វិញ កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មេសា​កន្លង​ទៅ​នេះ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច​ជិត​កោះ​តៃវ៉ាន់ និង​ប្រទេស​ជប៉ុន​មក ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់ និង​ជប៉ុន​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់ ដោយសារ​តែមាន​ភាព​ខ្វែង​គ្នា​ផ្នែក​នយោបាយ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ទោះ​បី​ជា​ការ​ធ្វើ​ដំណើរ​ដូច​នេះ​មិនមែន​ជា​លើក​ដំបូង​សម្រាប់​នាវា​ចម្បាំង​ចិន​ក៏ដោយ ក៏​ប្រទេស​ចិន​ដែល​មាន​អំណាច​យោធា​ជើង​ទឹក​កំពុង​តែ​រីកចម្រើន​ឡើង​ខ្លាំង​នេះ បាន​បញ្ជូន​នាវា​ប្រយុទ្ធ​របស់​ខ្លួន​ឲ្យ​ធ្វើដំណើរ​យូរ​ជាង​សព្វដង​នៅ​ឆ្នាំ​នេះ សម្រាប់​លំហាត់​សម​ខ្លាំងក្លា​ជាង​ពេល​មុនៗ។

លោក Andrew Yang អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​សិក្សា​គោលនយោបាយ​ជាន់​ខ្ពស់​ស្តី​ពី​ប្រទេស​ចិន នៅ​កោះ​តៃវ៉ាន់ បាន​និយាយ​ថា យោធា​ជើង​ទឹក​ចិន​ប្រហែលជា​បាន​ធ្វើ​ការ​ដឹក​ជញ្ជូន «យ៉ាងខ្លាំងក្លា» នូវ​គ្រឿងបរិក្ខារ និង​សម្ភារៈ​ផ្នែក​សុខាភិបាល​នានា ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ផ្នែក​ស៊ីវិល ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដល់​កង​នាវា​តូច​របស់​ខ្លួន ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ជា​សាកល។

នាវា​យោធា​ជើង​ទឹក​មួយ​ចំនួន​របស់​កោះ​តៃវ៉ាន់ សហរដ្ឋអាមេរិក និង​ប្រទេស ៣ ផ្សេង​ទៀត​នៅ​ទ្វីប​អឺរ៉ុប មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ នេះ នៅ​ក្នុង​ឆ្នាំ​នេះ។ វីរុស​កូរ៉ូណា​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​កូវីដ១៩ នេះ បាន​ឆ្លង​រាលដាល​នៅ​លើ​នាវា ដោយសារ​ទាហាន​មួយ​ចំនួន​ប្រចាំ​ការ​នៅ​ក្បែរៗ​គ្នា។

លោក Yang បាន​និយាយ​ថា ការ​ធ្វើ​ដំណើរ​លើ​នាវា​ដោយ​មិន​មាន​ឆ្លង​ជំងឺ​មាន​ន័យ​ថា «ពួកគេ​អាច​ទប់ទល់​ជាមួយ​នឹង​ស្ថានភាព​ដែល​ខុសប្លែក​ពី​ធម្មតា​បាន ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ពួកគេ​នៅតែ​អាច​ធ្វើ​ឲ្យ​នាវា​ចម្បាំង​មាន​ប្រតិបត្តិការ​ទៅ​មុខ​បាន»។

លោក Derek Grossman អ្នក​វិភាគ​ជាន់​ខ្ពស់​ផ្នែក​ការពារ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ RAND Corp. បាន​និយាយ​ថា សម្រាប់​រយៈពេល​វែង​ទៅ​ថ្ងៃ​អនាគត យោធា​ជើង​ទឹក​ចិន​បាន​ដក​បទ​ពិសោធន៍​ក្នុង​ពេល​មួយ​ខែ​កន្លង​មក​នេះ ដោយ​យល់​ដឹង​ពី​កាន់​តែ​ប្រសើរ​ជាង​មុន​ថា​តើ​នឹង​មាន​ស្ថានភាព​អ្វី​កើត​ឡើង ប្រសិន​បើ​ខ្លួន​មាន​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ប្រទេស​ជប៉ុន កោះ​តៃវ៉ាន់ ឬ​បណ្តា​ប្រទេស​ដទៃ​ទៀត ដែលបាន​ធ្វើ​ការ​ទាមទារ​នៅ​តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។

លោក Grossman បាន​កត់​សម្គាល់​ថា ចិន​មិន​បាន​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ណា​មួយ​នោះ​ទេ ចាប់​តាំង​ពី​មាន​ជម្លោះ​នៅ​ឆ្នាំ ១៩៧៩ ជាមួយ​នឹង​ប្រទេស​វៀតណាម​មក។

លោក​បាន​និយាយ​ថា៖ «កន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ស្ថានភាព​ប្រយុទ្ធ​បែប​ពិតប្រាកដ​គឺ​កន្លែង​ដែល​អ្នក​នឹង​ទៅ​ប្រយុទ្ធ ហើយ​ខ្ញុំ​គិត​ថា នេះ​ពិតជា​ចំណុច​សំខាន់​មួយ​ដែល​តែងតែ​ត្រូវ​បាន​គេ​មើល​រំលង»។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ចិន Xinhua បាន​ពណ៌នា​បេសកកម្ម​របស់​នាវា​ដឹង​យន្តហោះ​ចម្បាំង Liaoning នេះ​ថា​ជា «លំហាត់​ហ្វឹកហ្វឺន​នៅ​តំបន់​សមុទ្រ​ឆ្ងាយៗ» ប្រចាំ​ឆ្នាំ។ ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​បញ្ជាក់​ថា បេសកកម្ម​នេះ​មាន «រយៈពេល​វែង ប្រធាន​បទ​ច្រើន ភាព​តានតឹង​ខ្ពស់ និង​ស្ថានភាព​ស្មុគស្មាញ​តាម​ផ្លូវ​អាកាស និង​ផ្លូវ​ទឹក»។

ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​បន្ថែម​ថា «ការ​ធ្វើ​លំហាត់សម​នៅ​តំបន់​សមុទ្រ​ឆ្ងាយ​របស់​កង​នាវា​តូច​នេះ​នៅ​ក្នុង​លក្ខខណ្ឌ​ដូច​ទៅ​នឹង​ការ​ប្រយុទ្ធ​គ្នា​ពិតប្រាកដ មាន​ភាព​ប្រសើរឡើង ហើយ​សមត្ថភាព​ប្រយុទ្ធ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​នោះ​ក៏​ត្រូវ​បាន​ធ្វើ​ការ​សាកល្បង​ផង​ដែរ»។

នាវា​ដឹក​យន្តហោះ​ចម្បាំង Liaoning នេះ ក៏​មាន​ឧបសគ្គ​ផ្នែក​បច្ចេកទេស​ដែល​ត្រូវ​ជម្នះ​ផង​ដែរ។ លោក Yang បាន​និយាយ​ថា នាវា​នេះ​ខ្វះ​គ្រឿង​បន្លាស់​សម្រាប់​ការ​ធ្វើ​ការ​ជួសជុល​ជា​ប្រចាំ។ ហើយ​នាវា​ដែល​មាន​អាយុ​កាល ៨ ឆ្នាំ​នេះ ក៏​មាន​ប្រវែង​ខ្លី​ជាង​នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​ផងដែរ។

ក្រសួង​ការពារ​ជាតិ​កោះ​តៃវ៉ាន់ និង​ក្រសួង​ការពារ​ជាតិ​ជប៉ុន បាន​កត់​សម្គាល់​ឃើញ​នាវា Liaoning របស់​ចិន​នេះ ធ្វើ​ដំណើរ​ឆ្លង​កាត់​កាល​ពី​ពាក់​កណ្តាល​ខែ​មេសា​កន្លង​ទៅ​នេះ ប៉ុន្តែ​មិន​បាន​ធ្វើ​ការ​ឆ្លើយតប​នឹង​នាវា​នោះ​ទេ។

ជប៉ុន និង​ចិន​មាន​ជម្លោះ​ដែន​អធិបតេយ្យ​លើ​តំបន់​សមុទ្រ​ភាគ​ខាង​កើត​ទីក្រុង​សៀងហៃ។ ចិន​បាន​ទាមទារ​អធិបតេយ្យ​ភាព​លើ​កោះ​តៃវ៉ាន់ ទោះបីជា​កោះ​តៃវ៉ាន់​មាន​ការ​ដឹកនាំ​ដោយ​ស្វ័យភាព និង​មាន​ការ​ប្រឆាំង​ជា​សាធារណៈ​ចំពោះ​ការ​រួបរួម​ជាមួយ​ប្រទេស​ចិន​ក៏ដោយ។ ប្រទេស​ចិន​បាន​គំរាម​ប្រើ​កម្លាំង​ប្រឆាំង​នឹង​កោះតៃវ៉ាន់ ប្រសិន​បើ​ចាំបាច់។

ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​កោះ​តៃវ៉ាន់ បាន​តតាំង​ជាមួយ​នឹង​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទំហំ​ប្រមាណ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ ដែល​ពោរពេញ​ទៅ​ដោយ​ប្រេង ឧស្ម័ន​ធម្មជាតិ និង​ត្រី។

លោក Grossman បាន​និយាយ​ថា ការ​ធ្វើ​លំហាត់​សម​របស់​យោធា​ជើង​ទឹក​ចិន​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លើយតប​ពី​យោធា​ជើង​ទឹក​សហរដ្ឋអាមេរិក និង​អូស្ត្រាលី។

ប្រទេស​ទាំង​ពីរ​នេះ​រំពឹង​ថា នឹង​តាមដាន​ការ​ពង្រីក​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Alan Chong សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​សិក្សា​កិច្ចការ​អន្តរជាតិ S. Rajaratnam នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា នៅ​តំបន់​អាស៊ីអាគ្នេយ៍ មាន​មនុស្ស​តិចតួច​ណាស់​ដែល​និយាយ​អំពី​នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​ចិន​នេះ។ នេះ​គឺ​ដោយសារតែ​ពួកគេ​ទទួល​បាន​ម៉ាស់ និង​ជំនួយ​ផ្នែក​សុខាភិបាល​ផ្សេង​ទៀត​ពី​ប្រទេស​ចិន ដើម្បី​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​របស់​ពួកគេ។

ជា​ឧទាហរណ៍ ចិន​បាន​បញ្ជូន​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​ចំនួន ១២ នាក់ ទៅ​កាន់​ប្រទេស​ហ្វីលីពីន កាល​ពី​ដើម​ខែ​មេសា។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទូរទស្សន៍​ជាតិ​របស់​ចិន។ នាវា​ដឹក​យន្តហោះ​ចម្បាំង Liaoning របស់​ចិន​នេះ បាន​ធ្វើ​ដំណើរ​ឆ្លង​តំបន់​ភាគ​ខាង​ជើង​កោះ Luzon របស់​ប្រទេស​ហ្វីលីពីន។

ដោយ​សំដៅ​ទៅ​នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​ចិន​នេះ លោក Chong បាន​បញ្ជាក់​ថា៖ «ដោយសារតែ​ប្រទេស​នីមួយៗ​ប្រើ​ជំនួយ​របស់​ចិន ប្រទេស​ទាំង​នោះ​មិន​ហ៊ាន​និយាយ​ខ្លាំង​អំពី​នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​ចិន​នោះ​ទេ»៕

ប្រែសម្រួល​ដោយ​ ណឹម​ សុភ័ក្រ្តបញ្ញា

XS
SM
MD
LG