ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៤០​នាក់​ត្រូវ​ចាប់​ខ្លួន និង​មួយ​ចំនួន​ទៀត​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស


រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​ដាក់​បង្ហាញ នៅ​មុន​ការជួប​ប្រមូលផ្តុំ​នៅ​ថ្ងៃទី១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ជាយ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧។
រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​ដាក់​បង្ហាញ នៅ​មុន​ការជួប​ប្រមូលផ្តុំ​នៅ​ថ្ងៃទី១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ជាយ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧។

មន្ត្រី​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា​បារម្ភ​ថា​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ​ប្រឆាំង​នឹង​​មាន​ជា​បន្ត​ទៀត​ក្នុង​ពេល​ខាង​មុខ​នេះ។

របាយការណ៍​ផ្លូវ​ការ​របស់​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថាយ៉ាង​តិច​សកម្មជន​និង​អ្នក​គាំទ្រ​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ក្នុង​នោះ​ការ​ចាប់​ខ្លួន​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​បទចោទពី​ការ«រួមគំនិតក្បត់» ។

​មន្ត្រីសិទ្ធិ​មនុស្ស​បាន​សម្តែង​កង្វល់​ថា​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ​ប្រឆាំង​នឹងមាន​ជា​បន្ត​ទៀត​ក្នុង​ពេល​ខាង​មុខ​នេះ។

ប៉ុន្មាន​សប្តាហ៍​នេះ​ សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិនៅ​តាម​បណ្តាខេត្ត និង​រាជធានី​ត្រូវ​តុលាការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ស្ទើរ​រាល់​ថ្ងៃ ទាក់​ទង​នឹង​បទ​«​រួម​គំនិត​ក្បត់» ​ដែល​ក្រុម​អាជ្ញាធរ​ភ្ជាប់​ជាមួយ​នឹង​ការផ្សព្វផ្សាយ​ឬ​រៀប​ចំ​គម្រោង​ការ​សម្រាប់​ទទួល​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី។

ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្ថិត​ក្នុង​ការ​និរទេស​អស់រយៈ​ពេល​ប្រាំ​ឆ្នាំមក​ហើយ បាន​ប្រកាស​ថា​លោក​នឹង​និវត្ត​មក​កម្ពុជា​វិញ​នៅថ្ងៃទី ៩​ខែ​វិច្ឆិកា ខាង​មុខ។ រដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​សម រង្ស៊ី ថា​ជា​ផែន​ការ​ក្បត់​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល។ ហើយសកម្មភាព​គាំទ្រ​ឬ​ផ្សព្វ​ផ្សាយ​អំពី​ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី​ ​ដើម្បី​ត្រៀម​ទទួល​រូប​លោក​ត្រូវ​ចាត់​ទុក​ថា​គឺជា​ការ​ចូលរួម​គំនិត​ក្បត់។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិបាល​។​

លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បានប្រាប់​វីអូអេ ថា ​រហូត​មក​ទល់ថ្ងៃ​ព្រហស្បត្តិ៍​នេះ ​អតីតអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន​២៦​នាក់​ត្រូវ​ចាប់​ខ្លួនក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់»។ ដោយ​ឡែក១៤​នាក់​ផ្សេង​ទៀតត្រូវ​ចាប់​ខ្លួន​ពី​បទ«ញុះញង់​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍»។

ពោល​គឺ​ចំនួនអតីត​សកម្មជន​គណបក្ស​ប្រឆាំង​ដ៏ធំជាង​គេ​នេះ​ត្រូវ​ចាប់​ខ្លួន​កើន​ដល់​៤០​នាក់​មក​ទល់​នឹងពេល​នេះ។

«បទ​ល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍ ១៤​នាក់​គឺ​ក្នុង​ខែ​មករា មក​ខែ​កក្កដា។ ដោយ​ឡែក​ចាប់​ពី​ចុងខែ​កក្កដា​ ដល់​កញ្ញា​នេះ គឺ​មាន​ ២៦​នាក់​ទៀត​នឹង​បទល្មើស «រួម​គំនិត​ក្បត់»»។

លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ​ បញ្ជាក់​ថា​ក្នុង​ចំណោម​ជន​ត្រូវ​ចាប់​ខ្លួន​ពីបទ«រួម​គំនិតក្បត់»​មាន​ម្នាក់បាន​សារភាព​ពីទោស​កំហុស។

លោក សឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​អាដហុដ​ (ADHOC) សង្កេ​ត​ឃើញថា​ការ​ចាប់​ខ្លួន​ទាំង​នេះគឺជា​ហេតុ​ផល​នយោបាយ។

«ដរាប​ណា​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​នៃ​គណបក្ស​ទាំងពីរ​ហ្នឹង​មិន​ទាន់​រក​ដំណោះស្រាយ​បាន​ទេ នីតិវិធី​នៃ​ក្នុង​រឿង​នៃ​ការ​រឹតត្បិត​ទៅ​លើសេរីភាពសកម្មជន​នៃ​អតីត​គណបក្ស​ប្រឆាំង​ហ្នឹង​នឹង​មាន​ការ​ធ្វើ​ទុកបុក​ម្នេញ​ហ្នឹង​ត​ទៅ​ទៀត»។

លោក អំ សំអាត ​នាយក​រងទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​និ​ង​ការពារ​សិទ្ធិ​មនុស្សនៃ​អង្គការលីកាដូ បាន​លើកឡើង​ថា បញ្ហា​នយោបាយ​ជា​ពិសេស​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្រ្គោះជាតិ​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការ​ចាប់ខ្លួន​សមាជិក​អតីត​គណបក្ស​នេះ​ជា​បន្តបន្ទាប់។

​«ចំណុច​ដែល​សំខាន់​គឺ គម្រោង​នៃ​ការ​វិលត្រឡប់​នៃ​អតីត​គណបក្ស​ប្រឆាំងមក​កម្ពុជា​ហ្នឹង ដែល​បង្កើត​ឲ្យ​មាន​ជា ការ​ចោទប្រកាន់​ទាក់ទង​នឹង​បទឧបឃាត និង​រួម​គំនិត​ក្បត់​ជា​ដើម ដែល​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ក្រសួង​យុត្តិធម៌​ហើយ​បន្ទាប់​មក​សាលាដំបូង​រាជធានី​និង​ខេត្ត​ចាប់​ផ្តើម​ធ្វើ​ការ​ចោទប្រកាន់ និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់»។

ចាប់​តាំង​ពីដើម​ឆ្នាំ២០១៩​មក​អ្នក​គាំទ្រ​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ច្រើន​ជាង​១៦០​នាក់​ត្រូវ​បាន​កោះ​ហៅ​មក​សាក​សួរ​។​ដោយ​ឡែក​សកម្មជនគណបក្ស​នេះ​មួយ​ចំនួន​ទៀត​ត្រូវ​ចោទ​ប្រកាន់​ប៉ុន្តែ​បាន​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។

លោក អំ សំអាត​ ​ព្រួយ​បារម្ភ​ថា​ការ​ចាប់ខ្លួន​ពួក​គេ​អាច​មាន​ជា​បន្តបន្ទាប់​នា​ពេល​ខាង​មុខ​។

លោក ​ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ឆ្លើយ​តប​ទៅ​នឹង​កង្វល់​នេះ​ថា​ការ​ចាប់​ខ្លួន​ឬ​មិន​ចាប់​ខ្លួន​អាស្រ័យ​លើ​សកម្មភាព​របស់​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ទាំង​នោះ ដែល​លោក​ហៅថាតើ​ពួកគេ​បំពាន​ច្បាប់​ឬយ៉ាងណា។

លោក ជិន ម៉ាលីន បន្ថែមថា ខណៈ​ដែល​ពួក​គេត្រូវ​សម្គាល់​ថា ​«បាន​បំពាន​ច្បាប់ ពួកគេ​នឹងត្រូវ​ទទួល​រង​ការចោទ​ប្រកាន់​និង​ចាប់​ខ្លួន»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG