បណ្តាប្រទេសចំនួន១២នៅជាប់មហាសមុទ្រប៉ាស៊ីហ្វិក ដែលរួមមានប្រទេសមានសេដ្ឋកិច្ចធំៗ ដូចជាសហរដ្ឋអាមេរិកនិងជប៉ុន និងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរើបឡើងដូចជាវៀតណាម និងម៉ិកស៊ិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដ៏ធំបំផុតក្នុងរយៈពេល២០ឆ្នាំនេះ នៅថ្ងៃច័ន្ទ ទី៥ខែតុលា ក្នុងទីក្រុងអាត្លាន់តា (Atlanta) សហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP ដែលនឹងបន្ទាបពន្ធនាំចូលលើទំនិញកសិកម្មនិងឧស្សាកម្មជាច្រើន ហើយនឹងដោះស្រាយភាពស្មុគស្មាញផ្នែកពាណិជ្ជកម្មដូចជា បញ្ញត្តិការពារប៉ាតង់សម្រាប់ឱសថសង្គ្រោះជីវិតនោះ នៅរង់ចាំការអនុម័តរបស់សភាអាមេរិកនិងសភារបស់ប្រទេសជាសមាជិក មុនពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន ដែលដំណើរការនេះ អាចត្រូវការពេលជាច្រើនឆ្នាំ។ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃVOA បានពិភាក្សាតាមទូរស័ព្ទជាមួយលោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida នៅសហរដ្ឋអាមេរិក អំពីផលប៉ះពាល់ដោយសារកិច្ចព្រមព្រៀងនេះ៕