ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ផ្ដល់​សច្ចាប័ន​​លើ​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​ TPP ​នៅ​អាស៊ី​ទំនង​រលូន​ជាង​នៅ​អាមេរិក

  • Steve Herman

រូប​ភាព​ឯកសារ ៖ បាតុករ​ម្នាក់​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ TPP នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ។​

ការ​អនុវត្ត​កិច្ច​ព្រមព្រៀង TPP មិន​ត្រូវ​បាន​ធានា​នោះ​ទេ ទោះ​បី​ជា​ត្រូវ​បាន​កោត​សរសើរ​ដោយ​រដ្ឋាភិបាល​ជា​សមាជិក​រាប់​សិប​​របស់​ខ្លួន​ថា​បាន​បង្រួប​បង្រួម​ទីផ្សារ​ក៏​ដោយ។​

កិច្ច​ព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ​ ​ដែល​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ត្រូវ​បាន​កោត​សរសើរ​ដោយ​រដ្ឋាភិបាល​ជា​សមាជិក​រាប់​សិបរបស់​ខ្លួន​ ថា​បាន​បង្រួប​បង្រួម​ទីផ្សារ​ ការ​រួម​បញ្ចូល​ ៤០ ភាគរយ​នៃ​សេដ្ឋកិច្ច​សកល​ ព្រម​ទាំងទិន្នផល​សរុប​៣០​ទ្រី​លាន​ដុល្លារ ($30 trillion​ ស្មើ ៣០ ពាន់ពាន់​លាន)។ ប៉ុន្តែ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​មិន​ត្រូវ​បាន​ធានា​ទេ។

បន្ទាប់​ពី​ការ​រក្សា​ការ​សម្ងាត់​ក្នុង​ដំណើរ​ការ​ចរចា​នេះ​ អ្នក​នយោបាយ ​ក្រុម​អ្នក​មាន​ប្រយោជន៍ពាក់ព័ន្ធ​ពិសេស​ និង​សាធារណជន ​នៅ​ក្នុង​ប្រទេស​ដែល​ចុះ​កិច្ច​ព្រមព្រៀង ​ TPP ទាំង១២​ ​នឹង​មាន​ពេល​វិភាគ​លម្អិត​លើ​ឯកសារ​ទាំង​មូល​នៅ​ពេល​ដែល​វាចេញ​ផ្សាយ​ឆាប់ៗ​នេះ។

អ្នក​ខ្លះ​នឹង​ឃើញ​អ្វី​ដែល​ពួក​គេ​មិន​ចូល​ចិត្ត។ ហើយ​វានឹង​បង្កើន​សម្ពាធ​លើ​សមាជិក​សភា​ដែល​គិតគូរ​ ថា​តើ​ត្រូវ​គាំទ្រ​វា​ឬ​ទេ។ ប្រសិនបើ​ប្រទេស​ទាំងអស់​ដែល​បាន​ចូលរួម​ មិន​ផ្ដល់​សច្ចាប័ន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទេ​ ​ប្រទេស​ហត្ថលេខី​ដើម​ទាំង​ប្រាំមួយ​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ស្មើ​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​៨៥​ភាគ​រយ​ដែល​ប្រទេស​ TPP ទាំង​អស់​ ត្រូវ​តែ​ផ្ដល់​សច្ចាប័ន​ដល់​វា។ តួលេខ​នេះ​មាន​ន័យ​ថា ​ការ​អនុម័ត​ដោយ​សហរដ្ឋអាមេរិក​គឺ​ជា​ការ​ចាំបាច់​ រួម​ជាមួយ​ទាំង​ប្រទេស​កាណាដា ​ឬ​ ប្រទេស​ជប៉ុន​ផង​ដែរ។

ការ​តម្រូវ​ឱ្យ​មាន​ការអនុម័ត​ពី​សហរដ្ឋ​អាមេរិក​

​មាន​ការ​ប្រឆាំង​ជំទាស់​យ៉ាង​សន្ធឹកសន្ធាប់​រួច​ទៅ​ហើយ​ពី​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ដែល​មាន​ឥទ្ធិពល ​រួម​ទាំង​អ្នក​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ផង​ដែរ។ ក្នុង​នោះ​មាន​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ដែល​ឥឡូវ​នេះ​ ជា​បេក្ខជន​ប្រធានាធិបតី​គឺ​លោក​ស្រី Hillary Clinton ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង TPP នេះ។

អ្នក​អង្កេត​ការណ៍​មួយ​ចំនួន​បាន​ព្យាករណ៍​ថា​ ការ​អនុម័ត​នេះ​ ប្រសិន​បើ​វា​កើត​ឡើង ​គឺ​ទំនង​ជា​អាច​ធ្វើ​បាន​ឆាប់​បំផុត​ គឺ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​ក្រោយ​នេះ​ត្រូវ​បាន​បញ្ចប់។

អ្នកស្រី Deborah Elms ដែល​ជា​អ្នក​គាំទ្រ​កិច្ចព្រមព្រៀង TPP ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាស៊ី​ Asia Trade Center ។

អ្នក​ស្រី​ថ្លែង​ថា៖ «ខ្ញុំអាច​គិត​បាន​ថា​ ប្រសិនបើ​សហរដ្ឋអាមេរិក​មិន​ចង់​ឬ​មិន​អាច​អនុវត្ត​កិច្ច​ព្រមព្រៀង​មួយ​នេះ ប្រទេសដទៃ​ទៀតអាច​សម្រេច​ចិត្ត ​បន្ត​ទៅ​មុខ​ ដោយ​កែ​កិច្ច​ព្រមព្រៀង​សារ​ជា​ថ្មី​ដោយ​គ្មាន​សហរដ្ឋ​អាមេរិក»។

ជោគ​វាសនា​របស់កិច្ច​ព្រមព្រៀង​នេះ​នៅ​ក្នុង​ប្រទេស​កាណាដា​វិញ​ អាច​អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សហព័ន្ធ​នៅ​ថ្ងៃ​ទី ១៩ ខែ​តុលា។

មាន​ការ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង​ទៅ​នឹង​កិច្ច​ព្រមព្រៀង TPP នេះ​ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​និង​នូវែលហ្សេឡង់​ផង​ដែរ​ ទោះ​បី​ជា​វា​ទំនង​ជា​ទទួល​បាន​នូវ​ការ​អនុម័ត​ច្បាប់​ នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​ បើ​យោង​តាម​អ្នកស្រី Elms ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្មតំបន់​អាស៊ី ។

«ពួកគេជឿ​ជាក់​ថា ​ភាគី​អាមេរិក​ទទួល​បានអ្វី​ដែល​ពួកគេ​ចង់​បាន ច្រើន​ជាង​ភាគី​អូស្ត្រាលី​ នឹង​នូវែលហ្សេឡង់​ចង់បាន»។

គណបក្ស​ការងារ​របស់​នូវែលហ្សេឡង់​ នា​ពេល​បច្ចុប្បន្ន​មិនមែន​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​នោះ​ទេ​ហើយ​មាន​ការ​ខក​ចិត្ត​ជា​មួយ​នឹងមាត្រា​របស់​កិច្ច​ព្រម​ព្រៀង TPP ​ដែល​ហាមឃាត់​ការ​វិនិយោគ​បរទេស​ក្នុង​វិស័យ​ដីធ្លី​និង​លំនៅដ្ឋាន។

ប្រទេស​ឈីលី​ជា​ប្រទេស​មួយ​ផ្សេង​ទៀត​ អាច​ជា​កន្លែង​ដែល​មាន​ការ​ប្រឆាំង​ជំទាស់​ពី​សភា​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​មាន​ក្តី​បារម្ភ​អំពី​ការ​ទទួល​បាន​ថ្នាំ​សង្កូវ​ក្នុង​តម្លៃ​សមរម្យ។

ការគាំទ្រ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ និង​វៀតណាម​

ប្រទេស​ជប៉ុនត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ស្ទើរ​តែ​ប្រាកដ​ជា​កើត​មាន​ នៅ​ការ​ផ្ដល់​សច្ចាប័ន​ចប់​ចុង​ចប់​ដើម។

វា​នឹង​ត្រូវ​បាន​ពិនិត្យ​ដោយ​សភា​ទាំង​ពីររបស់​ប្រទេស​ជប៉ុន​ ហើយ​រដ្ឋាភិបាល​កំពុង​ពិចារណា​លើ​ការបន្ថែម​ការ​ប្រជុំរហូត​ដល់​ដើម​ឆ្នាំ​ក្រោយ ទោះ​បី​ជា​វា​មិន​ច្បាស់​លាស់​ថា​ នៅ​ពេល​ណា​ទើប​ការ​ពិភាក្សា​លើ​កិច្ច​ព្រមព្រៀង TPP នេះ​នឹង​ត្រូវ​បាន​បញ្ចប់ ។ការ​ធ្វើ​សម្បទាន​មួយ​ចំនួន​របស់​ប្រទេស​ជប៉ុន​លើ​វិស័យ​កសិកម្ម​នឹង​ទំនង​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួនប្រឆាំង​នឹង​ការ​អនុម័ត​នេះ។

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​លោក Charles Santiago បាន​រិះគន់​កិច្ច​ព្រមព្រៀង TPP នេះ​ថា​ជា «កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​គ្រោះថ្នាក់​បំផុត​មួយ​នៅ​ពេល​និយាយ​ដល់ការ​ទទួល​បាន​ថ្នាំសង្កូវ​ក្នុង​តម្លៃ​សមរម្យ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ»។ លោក​បាន​ប្រាប់ VOA​ ថា​ រដ្ឋាភិបាល​របស់​ប្រទេស​ម៉ាឡេស៊ី​ បាន​សន្យា​ថា​ នឹង​ធ្វើ​តាម​ការ​មូល​មតិ​គ្នា​របស់​សភា។ ប៉ុន្តែ​ រដ្ឋាភិបាល​មាន​អំណាច​ដើម្បី​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​នេះ​ បើ​ទោះបី​ជា​ភាគ​ច្រើន​នៃ​សមាជិក​សភា​ប្រឆាំង​នឹង​វា​ក៏​ដោយ។

«ពួក​គេ​អាច​ធ្វើ​បាន​ ដោយ​សារ​តែ​បច្ចេកទេស​រដ្ឋធម្មនុញ្ញ​ អនុញ្ញាត​ឱ្យ​គណៈរដ្ឋមន្ត្រី​ ចុះ​ហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណា​មួយ​ដែល​ពួក​គេ​បាន​ធ្វើ។ ប៉ុន្តែ​ដោយ​សារ​តែ​មាន​សម្ពាធ​ពី​ក្រុម​សង្គម​ស៊ីវិល ​ពី​សហជីព​ និង​ពី​ក្រុម​មាន​ជំនាញ​វិជ្ជាជីវៈ ​រួម​ទាំង​វិស័យ​ឧស្សាហកម្ម​ខ្នាត​តូច​និង​មធ្យម​ ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​នឹង​និយាយ​ថា​ "យើង​នឹង​ចាំ​មើល​សិន​ ប្រសិន​បើ​រដ្ឋ​សភា​មិន​គាំទ្រ​គំនិត​ក្នុង​កិច្ច​ព្រមព្រៀង​នេះ ​បន្ទាប់​មក​យើង​នឹង​មិន​គាំទ្រ​វា​ដែរ”»។

​ប្រទេស​វៀតណាម​ ដែល​ជា​អ្នក​ទទួល​ផល​ច្រើន​ពីកិច្ចព្រមព្រៀង​តំបន់​ប៉ាស៊ីហ្វិក​នេះ​ ហើយ​កិច្ច​ព្រម​ព្រៀង TPP នេះ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​ទទួល​បាន​ការ​អនុម័ត​បាន​យ៉ាង​ងាយ​ស្រួល​ នេះ​បើ​យោង​តាម​លោក Dinh Xuan Thao ជា​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​អង្គនីតិប្បញ្ញត្តិ។

លោក Dinh ​បាន​និយាយ​ថា ​សមាជិក​សភា​ទទួល​បានព័ត៌មាន​អំពីកិច្ចព្រមព្រៀង​នេះ​ ក្នុង​អំឡុង​ពេល​ដំណើរការ​ចរចា ​ហើយ​ពួកគេ​បាន​ឯកភាព​គ្នា​ក្នុង​រឿង​នោះ​ ដូច្នេះ​វា​គួរ​តែ​មាន​គ្មាន​ឧបសគ្គ​ក្នុង​ការ​អនុម័ត​វាទេ​ ប៉ុន្តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សិទ្ធិ​របស់​សហជីព​កម្មករ​ដែល​គាំទ្រ​ដោយ​រដ្ឋ។

ការ​ចូល​រួម​របស់​ប្រទេស​ចិន?​

លោក Nguyen Minh Thuyet អតីត​សមាជិក​សភា​វៀតណាម​បាន​មើល​ឃើញ​កិច្ច​ព្រមព្រៀង TPP នេះ​ថា​ បាន​ជួយ​ប្រទេស​វៀតណាម​ពង្រីក​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​និង​កាត់​បន្ថយ​ ការ​ពឹង​ផ្អែក​លើ​ប្រទេស​ជិត​ខាង​ភាគ​ជើង​ខាង​របស់​ខ្លួន​ដ៏​ធំ​ គឺ​ប្រទេស​ចិន។​

ការ​ចូលរួម​ជា​មួយ​ TPP ជា​បំណង​ប្រាថ្នា​របស់​ប្រជាជន​វៀតណាម​ភាគ​ច្រើន ​ប៉ុន្តែ​លោក​បាន​និយាយ​ថា វា​នឹង​តម្រូវ​ឱ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​និងគោល​នយោបាយ​សេដ្ឋកិច្ចដែល​មាន​ប្រសិទ្ធភាព។

ប្រទេស​អូស្ត្រាលី​ ព្រុយណេ​ ម៉ិកស៊ិក​ ប៉េរូ ​និង​សិង្ហបុរី​ ជា​ប្រទេស​សមាជិក​របស់​ TPP នេះ​ផង​ដែរ​។ ហើយ​ជា​ទូទៅ​ ប្រទេសទាំង​នេះ​មាន​សមាជិក​សភា​និង​រដ្ឋាភិបាល​ ដែល​គេ​មើល​ឃើញ​ថា​ មាន​ការ​គាំទ្រ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ពិភពលោក​នេះ​ច្រើន​ ហើយកិច្ចព្រមព្រៀង​ ភាព​ជា​ដៃ​គូ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​ផ្ដល់​សច្ចាប័ន។

ជុំបន្ទាប់​មក​ទៀត ត្រូវ​បាន​គេ​រំពឹង​ទុកថា​ នឹងឃើញ​មាន​ប្រទេស​ផ្សេង​ទៀត​ តម្រង់​ជួរ​ដើម្បី​ចូល​រួម​កិច្ចព្រមព្រៀងTPP ​ដែល​អាច​មាន​ប្រទេស​ចិន​ និង​ប្រទេស​ថៃ​ ប៉ុន្តែ​ដែល​ទំនង​ជាង​នេះ ​គឺ​ប្រទេស​កូឡុំប៊ី ​កូស្តារីកា ​ហុងកុង​ ប៉ាណាម៉ា ហ្វីលីពីន​ កូរ៉េ​ខាង​ត្បូង ​និង​តៃវ៉ាន់ ៕

ប្រែ​សម្រួល​ដោយ មាន​ ឥស្សរាយស

XS
SM
MD
LG