ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថាវិបត្តិនៅក្នុងប្រទេសប៊ូរុនឌី (Burundi) កំពុងតែស្ថិតក្នុងស្ថានភាពបែងចែកជាតិសាសន៍។ លោកនិយាយថាលោកមានភស្តុតាងបង្ហាញថា ស្រ្តីត្រូវបានកងកម្លាំងសន្តិសុខរំលោភបំពានផ្លូវភេទដោយសារតែពួកគេជាសាសន៍ Tutsi។
ភាពភ័យខ្លាចកំពុងតែកើនឡើង ដោយសារកំណើននៃការបែងចែកជាតិសាសន៍នៅក្នុងប្រទេសប៊ូរុនឌី (Burundi) កំពុងចាប់ផ្តើមមានលក្ខណៈស្រដៀងទៅនឹងស្ថានភាពដែលនាំឲ្យមានអំពើប្រល័យពូជសាសន៍នាឆ្នាំ១៩៩៤ ក្នុងប្រទេសរវ៉ាន់ដា (Rwanda) ដែលជនជាតិ Hutus បានសម្លាប់មនុស្សចំនួន៨០០.០០០នាក់ ហើយភាគច្រើនជាជនជាតិភាគតិច Tutsis។
លោក Zeid Ra'ad Al Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស មានការបារម្ភចំពោះនិន្នាការថ្មីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសប៊ូរុនឌី រួមមានករណីនៃអំពើហិង្សាផ្លូវភេទ ដែលប្រព្រឹត្តដោយកងកម្លាំងសន្តិសុខ និងការកើនឡើងខ្លាំងនៃការបាត់ខ្លួនដោយបង្ខំ។
លោកបានព្រមានថា ការវាយប្រហារដោយក្រុមប្រឆាំងទៅនឹងមូលដ្ឋានយោធាចំនួន៣នៅក្នុងរដ្ឋធានីប៊ូយ៉ាំប៊ូរ៉ា (Bujumbura) កាលពីថ្ងៃទី១១ និង១២ បានបង្កឲ្យមានការរំលោភបំពានសិទ្ធិមនុស្សក្នុងលក្ខណៈទ្រង់ទ្រាយធំ ដែលប្រព្រឹត្តឡើងដោយរដ្ឋាភិបាល។
លោក Rupert Colville អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ និយាយថា អង្គការសហប្រជាជាតិបានចងក្រងករណីហិង្សាផ្លូវភេទចំនួន១៣ករណី ដែលបានប្រព្រឹត្តទៅលើស្រ្តីក្នុងពេលស៊ើបអង្កេត និងប្រតិបតិ្តចាប់ខ្លួនបន្ទាប់ពីព្រឹត្តិការណ៍ក្នុងខែធ្នូនោះ។ លោកនិយាយថា ករណីថ្មីៗនៃអំពើហិង្សាផ្លូវភេទកំពុងកើតឡើងជាបន្តបន្ទាប់។ លោកកត់សម្គាល់ថា ជនរងគ្រោះក្នុងប្រតិបត្តិការទាំងនេះនិយាយថា ពួកគេត្រូវបានយកធ្វើជាគោលដៅ ដោយសារតែពួកគេជាជនជាតិភាគតិច Tutsis។
«ការលើកឡើងដែលថា ការបែងចែកជាតិសាសន៍កំពុងតែចាប់ផ្តើមកើតមានឡើង ត្រូវបានពង្រឹងដោយពាក្យសម្តីរបស់ស្រ្តីម្នាក់ដែលរងការរំលោភបំពានផ្លូវភេទ ដែលបាននិយាយថា អ្នកដែលធ្វើបាបនាងបានប្រាប់នាងថា នាងត្រូវសងសំណង ដោយសារនាងជាជនជាតិ Tutsi។ សាក្សីម្នាក់ទៀតបានអះអាងថា ជនជាតិភាគតិច Tutsi ត្រូវបានសម្លាប់ជាប្រព័ន្ធ ខណៈពេលជនជាតិ Hutus ត្រូវបានប្រណី»។
លោក Colville និយាយថា ការិយាល័យសិទ្ធិមនុស្សរបស់អ.ស.ប.ក៏បានទទួលការចោទប្រកាន់ជាច្រើនដែលថា ប៉ូលិសនិងកងកម្លាំងយោធាបានចាប់បុរសៗដែលមានវ័យក្មេងជាច្រើន ក្នុងប្រតិបត្តិការស៊ើបអង្កេតនេះ។ លោកនិយាយថាក្រោយមកក្មេងប្រុសទាំងនោះត្រូវបានគេធ្វើទារុណកម្ម សម្លាប់ ឬយកទៅកន្លែងដែលគេមិនស្គាល់។
លោកនិយាយថា លោកប្រធានឧត្តមស្នងការមានការព្រួយបារម្ភចំពោះការបាត់ខ្លួនជាច្រើនដែលចេះតែកើនឡើង រួមជាមួយនឹងការចោទប្រកាន់ទាក់ទិននឹងមណ្ឌលឃុំឃាំងសម្ងាត់ និងរណ្តៅកប់សពជាក្រុម។
«សាក្សីជាច្រើនបានរាយការណ៍ពីការសម្លាប់រង្គាលយ៉ាងហោចណាស់៩លើកនៅក្នុងរដ្ឋធានីប៊ូយ៉ាំប៊ូរ៉ា និងកន្លែងផ្សេងទៀតនៅក្បែរនោះ រួមមានកន្លែងមួយក្នុងជំរុំទាហានផងដែរ។ ហើយសាកសពអ្នកស្លាប់នៅកន្លែងទាំងនោះ សរុបមានចំនួនច្រើនជាង១០០នាក់ ពួកគេទាំងត្រូវបានគិតថា ត្រូវបានសម្លាប់ថ្ងៃទី១១ ខែធ្នូ»។
លោកឧត្តមស្នងការ Zeid កំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយជាបន្ទាន់អំពីព្រឹត្តិការណ៍ថ្ងៃទី១១ និង១២ រួមទាំងទៅលើរណ្តៅកប់សពជាក្រុមដែលត្រូវបានចោទប្រកាន់។ លោកនិយាយថា វាមានសារៈសំខាន់ណាស់ដែលរណ្តៅកប់សពនោះត្រូវបានគេការពារត្រឹមត្រូវ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ