ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ដើម​ភាគតិច​ចោទ​ប្រកាន់​ថា​អាជ្ញាធរ​ឃុបឃិត​ជាមួយ​ឈ្មួញ​និង​ក្រុមហ៊ុន​កាប់​ឈើ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជនជាតិ​ដើម​ភាគតិច៖​អាជ្ញាធរ​​ឃុបឃិត​ជាមួយ​ឈ្មួញ​និង​ក្រុមហ៊ុន​កាប់​ឈើ​

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​នៅក្នុង​ខេត្ត​មណ្ឌលគីរី និយាយ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​មាន​តួនាទី​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ព្រៃឈើ បែរ​ជា​ឃុបឃិត​ជា​មួយ​ឈ្មួញ​និង​ក្រុហ៊ុន​កាប់​ឈើ​ទៅ​វិញ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅដែលពឹងផ្អែក​ទៅ​លើ​ព្រៃឈើ​របស់​ពួក​គេ។​

នៅ​ក្នុង​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា​នៃ​ខេត្ត​មណ្ឌល​គីរី​នេះ ក្រុម​អ្នកភូមិ​លើក​ឡើង​ថា ជីវភាព​រស់​នៅ​របស់​ពួកគេ​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​បាត់​បង់​ព្រៃ​ឈើ​ដែល​ពួកគេ​ពឹង​អាស្រ័យ​លើ។​

លោក​វណ្ណា ក្វើក​គឺ​ជា​អ្នក​ភូមិ​ជនជាតិ​ព្នង​ម្នាក់​នៅ​ទី​នេះ។​

លោក​ថ្លែង​ថា៖ «ព្រៃឈើ​គឺ​ជា​យុទ្ធសាស្ត្រ​ដែល​ប្រជា​ពលរដ្ឋ​ពឹង​ដូច​ជា​ជ័រ​ទឹក​ជាដើម​សម្រាប់​ជីវភាព​គ្រួសារ​នៅក្នុង​ភូមិ​ហ្នឹង។ ​ដល់​ពេល​គេ​បង្កើត​ជា​ក្រុមហ៊ុន​ទៅ​កាប់​ឈើ​យក​លក់​ទាំង​មូលៗហ្នឹង និង​ឈូស​ឆាយ​ដី​ទៀត វា​អត់​មាន​ផល​ប្រយោជន៍​ជូនប្រជា​ពលរដ្ឋ​ទេ»។​ ​

ដូច​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ជាច្រើន​ទៀត​នៅ​ទី​នេះ​ដែរ លោក​វណ្ណា ក្វើក ​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ភូមិ​មិន​អាច​ធ្វើ​អ្វី​បាន ដើម្បី​បញ្ឈប់​ក្រុមហ៊ុន​វៀតណាម​មួយ​ឈ្មោះ​បិន ភឿក​១​បាន​ទេ។ ​ពួកគេ​អះអាង​ថា​ ក្រុមហ៊ុន​វៀតណាម​នេះ​កំ​ពុង​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​ពួកគេ​ពឹង​អាស្រ័យ​លើនោះ។​

លោក​វណ្ណា ក្វើក​មាន​ប្រសាសន៍​ថា៖​ «វា​ថា​ រាជ​រដ្ឋាភិបាល​ឲ្យ​កាប់​ហើយ ​បង​ឯង​ម៉េច​ហ៊ាន​ប្រកែក​ជាមួយ​គេ។ ដល់​ពេល​អញ្ចឹង​ ពួក​ខ្ញុំ​ ប្រជា​ពលរដ្ឋ​ហ្នឹង បើ​ថា ​រាជ​រដ្ឋាភិបាល​ឲ្យ​កាប់​ហើយ ​មាន​តែ​អស់​ហើយ។ បើ​អស់​ព្រៃ​ អស់​ឈើ​ហើយ​ មាន​តែ​យើង​ទៅ​រស់​នៅ​លើ​ថ្នល់​ឲ្យ​ឡាន​កិន​តែ​ម្តង​ទៅ។ អញ្ចឹង​បាន​ថា​ វា​អស់​ជំនឿ​ហើយ​ ​រាល់​ថ្ងៃ​ហ្នឹង»។​ ​

មណ្ឌលគីរី​គឺ​ជា​ខេត្ត​ដែល​សម្បូរ​ព្រៃឈើ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ទឹក​ដី​កំណើត​របស់​ជនជាតិ​ដើម​ភាគតិច​ភាគច្រើន​ដែរ។​ ប្រជាជន​ទាំង​នេះ​ពឹង​ផ្អែកជា​សំខាន់​ទៅលើ​ព្រៃ​ឈើ​ និងអនុផល​ព្រៃ​ឈើ​ ដូច​ជា​វល្លិ៍ ផ្តៅ ទឹក​ឃ្មុំ និង​ជ័រ​ទឹក​ជាដើម​សម្រាប់​ការ​រស់​នៅ​ប្រចាំថ្ងៃ​របស់​ពួក​គេ។​

ប៉ុន្តែ​ប្រជា​សហគមន៍​នៅ​ក្នុង​តំបន់​នេះអះអាង​ថា​ ការ​កាប់​ព្រៃ​ឈើ​ពី​សំណាក់​ឈ្មួញ​ និង​ក្រុមហ៊ុនបាន​កំពុង​បំផ្លាញ​ជីវភាព ​និង​ជីវិត​រស់​នៅ​តាម​បែប​ប្រពៃណី​របស់​ពួក​គេ។​

ក្រុម​អ្នក​ភូមិ​លើក​ឡើង​ថា នគរបាល មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន​មិន​ត្រឹម​តែ​មិន​អើ​ពើ​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ប៉ុណ្ណោះ​ទេ​គឺ​ថែម​ទាំង​ជួយ​ការ​ពារ​ផល​ប្រយោជន៍​ឲ្យ​ឈ្មួញ​ និង​ក្រុមហ៊ុន​កាប់​ឈើ​ទៀត​ផង។​

លោក​ទ្រឹប ធើម​គឺ​ជា​អនុ​ប្រធាន​ផ្នែក​ដី​ធ្លី​នៃ​ជនជាតិ​ដើម​ភាគតិច​នៅ​ទី​នេះ។​

«អាជ្ញាធរ​ហ្នឹង​ហើយ​ចង់​បំផ្លាញ​ប្រជាពល​រដ្ឋ! ​និយាយ​ឲ្យ​ចំទៅ!។ អាជ្ញាធរ​ស្អី​ទៀត!​ អាជ្ញាធរ​ហ្នឹង​ហើយ​ពុករលួយ​ខ្លាំង​ជាង​គេ​ យក​លុយ​ពី​ក្រុមហ៊ុន»។​

នៅ​ក្នុង​ដំណើរ​ប្រមូល​ព័ត៌មាន​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ទៅ​កាន់​តំបន់​ដែល​អ្នក​ភូមិ​រាយ​ការណ៍​ថា មាន​ការ​កាប់​ឈើ​ខុសច្បាប់ អ្នក​យក​ព័ត៌មាន​មួយ​ក្រុម​ ដោយ​រួម​ទាំង​អ្នក​យក​ព័ត៌មាន​វីអូអេ​ម្នាក់​ដែរ​ ត្រូវ​បាន​ក្រុម​នគរបាល​ប្រដាប់​ដោយ​កាំភ្លើង​អាកា​ ​ឃាត់​ដំណើរ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​នោះ​ទេ។​

នៅ​ពេល​យប់ ក្រុម​អ្នក​សារ​ព័ត៌មាន​ក៏​បង្ខំ​ចិត្តចាក​ចេញ​ពី​តំបន់​នេះ​ ក្រោយ​ពី​មាន​ការ​ព្រមាន ​និង​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​សំណាក់​មេឃុំ​ស្រែព្រះ។

នៅ​ព្រឹក​បន្ទាប់ ដោយ​មាន​ជំនួយ​ពី​អ្នក​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ អ្នក​យក​ព័ត៌មាន​វីអូអេ​បាន​ប៉ុនប៉ង​ចូល​ទៅក្នុង​តំបន់​នោះ​ម្តង​ទៀត​ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដំណើរជាថ្មី​ទៀត​ដោយ​ក្រុម​នគរបាល​ប្រដាប់​ដោយ​អាវុធ។

លោក​កែវ សាវុធ ដែល​បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​ប្រតិបត្តិ​ការ​រារាំង​ក្រុម​អ្នក​យក​ព័ត៌មាន​នេះ​ មាន​ប្រសាសន៍​ថា លោក​ធ្វើ​តែ​តាម​បទបញ្ជា​ពី​ថ្នាក់​លើ​របស់​លោក​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​បាន​បដិសេធ​ មិន​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​ដែល​ថា​ អាជ្ញាធរ​ទទួល​សំណូក​ពី​ក្រុម​ហ៊ុនកាប់​ឈើ​នោះ​ទេ។​

លោក​កែវ សាវុធ៖​«ខ្ញុំ​អត់​ដឹង​ទេ»។​

មេឃុំ​ស្រែព្រះ​គឺ​លោក​ព្ចើប ប៉េ ដែល​បាន​ព្យាយាម​គេច​ពី​អ្នក​យក​ព័ត៌មាន ​តែ​មិន​អាច​គេច​បាន​នោះ​ មាន​ប្រសាសន៍​ថា លោក​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ក្នុង​តំបន់​នោះ​ទេ​ ដោយ​សារ​តែ​ពួកគេ​គ្មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​របស់​លោក។​

លោក​ក៏​បាន​ស្នើ​សុំ​ឈ្មោះ​អ្នក​ភូមិ​ដែល​បាន​ចោទ​ប្រកាន់​ថា ​លោកបាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ។​

«នរណា​គេ​ដែល​ចោទ​ខ្ញុំ​ហ្នឹង​ ឲ្យ​ជួប​ខ្ញុំ​មក!​ ឲ្យ​តែ​មាន​ភស្តុតាង​ ខ្ញុំ​ទទួល​ខុស​ត្រូវ»។​

ក្រុម​អ្នកភូមិ​និង​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​ដីធ្លី​នៅ​ទី​នេះ​លើក​ឡើង​ថា​ នៅ​ពេល​ដែល​ពួក​គេ​រាយ​ការណ៍​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ជាមុន​អំពី​ផែន​ការ​ល្បាត​ព្រៃ​នៅ​ក្នុង​តំបន់ដែលមាន​ការ​សង្ស័យ​ថា​ ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ​ ក្រុម​អ្នក​កាប់​ឈើ​តែង​តែ​ដឹង​មុន​ ហើយ​បាន​ចាកចេញ​ពី​តំបន់​នោះ​ មុន​ពេល​ក្រុម​អ្នក​ភូមិ​ទៅ​ដល់។​

លោក​ឯម សុភ័្រក្តិ​គឺ​ជា​មន្ត្រី​សម្រប​សម្រួល​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ប្រចាំ​ខេត្ត​មណ្ឌល​គីរី​នេះ។​

«ប្រសិន​បើ​មន្ត្រី​អាជ្ញាធរ​គាត់​មាន​ឆន្ទៈ​ការពារ​ជាតិ ការពារ​ព្រៃឈើ ការ​ពារ​សហគមន៍​ គាត់​មិន​រារាំង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និងមិន​ឲ្យ​អ្នក​សារព័ត៌មាន​ទៅ​យក​ព័ត៌មាន​ពិត​នៅ​ក្នុង​តំបន់​នេះ​ឡើយ។​ អញ្ចឹង​ យើង​ឃើញ​ថា ប្រហែល​ជា​មាន​ការ​ពាក់ព័ន្ធ​ផល​ប្រយោជន៍​ជាមួយ​ក្រុម​ទុច្ចរិត​ ដែល​កាប់​បំផ្លាញ​ព្រៃ​ឈើ ទើប​ពួកគាត់​ព្យាយាម​ ហើយ​ព្យាយាម​ទៀត មិនឲ្យ​យើង​ចូល​ទៅ​ក្នុង​តំបន់​ដែលកាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ»។​

ដោយ​ខឹង​សម្បារ​នឹង​ការ​មិន​អើពើ​ពី​សំណាក់​អាជ្ញាធរ​ ក្រុម​អ្នក​ភូមិ​ពូគង់​ និង​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ផ្សេងៗ​ទៀត​បានលើក​គ្នា​ឡើង​មក​តវ៉ា​នៅ​សាលា​ខេត្ត​នេះ​ដើម្បី​ទាមទារ​ឲ្យថ្នាក់​ដឹកនាំ​ខេត្ត​ជួយ​រក​ដំណោះ​ស្រាយ​ឲ្យ​ពួក​គេ។​

ជា​ការ​ឆ្លើយ​តប​នឹង​ការ​ទាម​ទារ​របស់​ក្រុម​អ្នក​ភូមិ​ជនជាតិ​ភាគតិច​ទាំង​នេះ ​ លោក​យឹម លុច្យ អភិបាល​រង​ខេត្តមណ្ឌលគីរី បាន​ថ្លែង​ថា​ ក្រុមហ៊ុន​ដែល​ទទួល​បាន​សម្បទាន​ពី​រដ្ឋាភិបាលមាន​សិទ្ធិ​កាប់​ព្រៃ​ឈើ។​

«ក្រុមហ៊ុន​ដែល​គេ​កាប់​ព្រៃ​នេះ​គឺ​គេ​កាប់​ទៅ​តាម​ច្បាប់។​ គេ​មាន​ច្បាប់​ពី​រាជ​រដ្ឋាភិបាល​ឲ្យ​កាប់។​ អាហ្នឹង​គេ​កាប់​ហើយ មិន​ខុស​ទេ។​ ប៉ុន្តែ​បងប្អូន​យើង​ទៅ​កាប់​ ​ដល់ពេល​វា​អត់​ច្បាប់​ វា​ខុសច្បាប់»។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ លោក​ពុំ​បាន​ដឹង​អំពី​បទ​បញ្ជា​ណាមួយ​ឲ្យ​ឃាត់​ដំណើរ​របស់​ក្រុម​អ្នក​សារព័ត៌មាន​ទៅ​កាន់តំបន់​ដែល​មាន​ការ​សង្ស័យ​អំពី​ការកាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុស​ច្បាប់នៅក្នុង​ភូមិ​ពូគង់​នោះ​ទេ។​

វីអូអេ​ខ្មែរ​មិន​អាច​ទាក់ទង​តំណាង​ក្រុម​ហ៊ុន​បិនភឿក​១​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ណាមួយ​សម្រាប់​របាយ​ការណ៍​នេះ​បាន​ទេ។​

លោក​សារ៉ូ រតនា នាយរង​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ខេត្ត​មណ្ឌល​គីរី​នេះ ​បាន​ថ្លែង​ថា រូប​លោក​និង​មន្ត្រី​របស់​លោក ពុំ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​សំណូក​ពី​ក្រុមហ៊ុន​កាប់​ឈើ​នោះ​ទេ។​

«បើ​មាន​មន្ត្រី​ណា​ដែល​ពាក់​ព័ន្ធ​ បើ​មាន​ភស្តុតាង​ជាក់ស្តែង​ សូម​អស់​លោក​រាយ​ការណ៍​មក។​ ខ្ញុំ​នឹង​មាន​វិធានការ​រដ្ឋបាល ​ចាត់​ការ​មន្ត្រី​នោះ»។​

យ៉ាង​ណាក៏​ដោយ ​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ទី​នេះ​និយាយ​ថា​ ពួកគេ​មិន​ចង់​ធ្វើ​ជា​កម្មករ​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​ណា​មួយ​ទេ​ ហើយ​បាន​ទទូច​ឲ្យ​មាន​ការ​ការពារ​ព្រៃ​ឈើ​ដើម្បី​ទុក​ឲ្យពួក​គេ​អាច​បន្ត​ជីវិត​រស់​នៅ​របស់​ខ្លួន​និង​កូន​ចៅទៅ​តាម​ទំនៀមទម្លាប់​របស់​ពួកគេ​បាន​តទៅ​មុខ​ទៀត៕
XS
SM
MD
LG