បេក្ខជនដែលគេរំពឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងជ្រើសរើសឲ្យធ្វើជានាយខុទ្ទកាល័យថ្មីរបស់លោក បានដកខ្លួនចេញពីការប្រកួតសម្រាប់មុខដំណែងជាន់ខ្ពស់នៅសេតវិមាននេះ។
លោក Nick Ayers ដែលបច្ចុប្បន្នជានាយខុទ្ទកាល័យរបស់លោកអនុប្រធានាធិបតី Mike Pence បានសរសេរនៅលើ Twitter អរគុណលោក Trump និងលោក Pence កាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែបាននិយាយថា លោកនឹងមិនទទួលយកមុខតំណែងណាមួយទាំងអស់ និងចាកចេញពីការងារក្នុងរដ្ឋបាលរបស់លោក Trump តែម្ដង។
លោក Trump ត្រូវគេគិតថា នឹងស្វែងរកនរណាម្នាក់ ដែលនឹងកាន់មុខតំណែងនៅក្នុងសេតវិមាននេះយ៉ាងហោចណាស់រហូតដល់ពេលយុទ្ធនាការឃោសនាបោះឆ្នោតឡើងវិញឆ្នាំ ២០២០ ផងដែរ។ លោក Trump បានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យម្សិលមិញថា លោកគ្រោងនឹងសម្រេចចិត្តក្នុងពេលឆាប់ៗខាងមុខនេះ។
ដោយសារលោក Ayers បដិសេធមិនទទួលយកមុខតំណែងនេះ សេចក្ដីរាយការណ៍នានាបានលើកឡើងថា លោក Trump ឥឡូវនេះកំពុងពិចារណាលើបេក្ខភាពលោក Steve Mnuchin ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុបច្ចុប្បន្ន លោក Mick Mulvaney ដែលជាប្រធានការិយាល័យគ្រប់គ្រង និងថវិកាបច្ចុប្បន្ន ឬក៏លោក Mark Meadows ដែលជាសមាជិកសភាខាងគណបក្សសាធារណរដ្ឋ សម្រាប់ធ្វើជានាយខុទ្ទកាល័យថ្មីរបស់លោក។
បេក្ខជនម្នាក់ក្នុងចំណោមនោះ ឬក៏ប្រហែលជានរណាម្នាក់ផ្សេងទៀត នឹងត្រូវជ្រើសរើសដើម្បីឲ្យមកជំនួសតំណែងលោក John Kelly។
លោក Trump បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោក Kelly នឹងចាកចេញពីមុខតំណែងជានាយខុទ្ទកាល័យសេតវិមាននៅចុងខែធ្នូនេះ៕