ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​រដ្ឋ​អាជ្ញា និង​ក្រុម​មេធាវី​ការពារ​ក្ដី បង្ហាញ​អំណះអំណាង​បញ្ចប់​ក្នុង​ការ​ជំនុំជម្រះ​ទោស​លោក Trump


អ្នកស្រី Zoe Lofgren ថ្លែង​នៅ​ក្នុង​ការ​បង្ហាញ​អំណះអំណាង​បញ្ចប់​ក្នុង​ការ​ជំនុំជម្រះ​ទោស​លោក Trump នៅ​ក្នុង​ព្រឹទ្ធសភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។

មុន​ពេល​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ចូលរួម​ស្ដាប់​ការ​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ប្រធានាធិបតី Donald Trump អំពី​ស្ថានការណ៍​ប្រទេស​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ សមាជិក​ព្រឹទ្ធសភា​នឹង​មាន​ឱកាស​ថ្លែង​នៅ​ក្នុង​អង្គ​ជំនុំជម្រះ​ទោស​លោក Trump ដើម្បី​បង្ហាញ​អំពី​គោល​ជំហរ​របស់​ខ្លួន​លើ​ការ​កាត់ទោស​ដើម្បី​ដក​លោក Trump ពី​តំណែង​នេះ។

ការ​ថ្លែង​របស់​សមាជិក​ព្រឹទ្ធសភា ដែល​ដើរ​តួ​ជា​គណៈកម្មាធិការ​វិនិច្ឆ័យ​នៅ​ក្នុង​ការ​ជំនុំជម្រះ​នេះ គឺ​មិន​មែន​ជា​ផ្នែក​ផ្លូវការ​នៃ​ការ​ជំនុំជម្រះ​នេះ​ទេ និង​ទំនងជា​មិន​មាន​ភាព​ខុស​គ្នា​ខ្លាំង​ជាមួយ​នឹង​ការ​សម្រេច​ដែល​គេ​រំពឹង​ទុក​ជា​មុន​របស់​ព្រឹទ្ធសភា​ដែល​ថា លោក Trump គ្មាន​ទោស នៅ​ពេល​ដែល​ព្រឹទ្ធសភា​ធ្វើ​ការ​បោះ​ឆ្នោត​សម្រេច​ចុង​ក្រោយ​នៅ​ថ្ងៃ​ពុធ​ស្អែក។

ក្រុម​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​ដែល​ដើរ​តួ​ជា​រដ្ឋអាជ្ញា​ចោទ​ប្រកាន់​លោក Trump និង​ក្រុម​មេធាវី​ការពារ​លោក Trump បាន​បង្ហាញ​អំណះអំណាង​បញ្ចប់​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បន្ទាប់ពី​ការ​ជំនុំជម្រះ​ទោស​លោក Trump នេះ​ដំណើរការ​បាន ២ សប្ដាហ៍។

លោក Adam Schiff ដែល​ជា​ប្រធាន​ក្រុម​រដ្ឋអាជ្ញា​ចោទ​ប្រកាន់​លោក Trump ដើម្បី​ទម្លាក់​ពី​តំណែង​នេះ បាន​ស្នើ​សមាជិក​ព្រឹទ្ធសភា​ទាំង ១ រយ​រូប​ដែល​ដើរ​តួ​ជា​គណៈកម្មាធិការ​វិនិច្ឆ័យ​ថា៖ «ពួក​យើង​បាន​បង្ហាញ​ភស្តុតាង​ឲ្យ​ឃើញ​ថា​លោក Trump ពិតជា​មាន​កំហុស។ ឥឡូវ​នេះ សូម​កាត់ទោស​លោក​ដោយ​យុត្តិធម៌​មិន​លម្អៀង​ទៅ»។

លោក Pat Cipollone ដែល​ជា​មេធាវី​មួយ​រូប​ការពារ​លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​អង្គ​ជំនុំជម្រះ​របស់​ព្រឹទ្ធសភា​ថា គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ថា លោក Trump បាន​ធ្វើ​ខុស​នោះ​ទេ ហើយ​ជាជាង​ការ​ដក​លោក​ពី​តំណែង ដំណោះស្រាយ​តែ​មួយ​គត់​ដែល​ត្រូវ​ធ្វើ​គឺ «ទុក​ឲ្យ​អ្នក​បោះ​ឆ្នោត» ជា​អ្នក​សម្រេច​អំពី​ជោគ​វាសនា​របស់​លោក​ចុះ៕

XS
SM
MD
LG