នៅថ្ងៃចន្ទនេះ សមាជិករដ្ឋសភាសហរដ្ឋអាមេរិកដែលដើរតួជារដ្ឋអាជ្ញាចោទប្រកាន់ដើម្បីទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង និងក្រុមមេធាវីការពារលោក Trump មានពេល ២ ម៉ោងក្នុងមួយក្រុមដើម្បីបង្ហាញអំណះអំណាងបិទបញ្ចប់របស់ខ្លួន។
លទ្ធផលចុងក្រោយនៃសំណុំរឿងនេះហាក់ដូចជាមានការធានាទុកជាមុនរួចទៅហើយ ដោយសារគណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា ដោយមាន ៥៣ សំឡេងទល់នឹង ៤៧ សំឡេងនៃគណបក្សប្រជាធិបតេយ្យ ហើយកន្លងមកមិនមានសមាជិកគណបក្សសាធារណរដ្ឋណាម្នាក់មានគម្រោងបោះឆ្នោតគាំទ្រការទម្លាក់លោក Trump ពីតំណែងនេះទេ។
សមាជិកគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាត្រូវគេរំពឹងថានឹងនៅតែអះអាងនៅថ្ងៃចន្ទនេះថា លោក Trump បានរំលោភអំណាចរបស់លោក ដោយសារលោកបានស្នើប្រទេសអ៊ុយក្រែនឲ្យធ្វើការស៊ើបអង្កេតដែលអាចផ្ដល់ប្រយោជន៍ដល់លោកផ្នែកនយោបាយ ក៏ដូចជានៅតែអះអាងថាលោក Trump បានរារាំងដំណើរការស៊ើបអង្កេតរបស់សភា ដោយសារលោកបានបញ្ជាកុំឲ្យសមាជិករដ្ឋបាលរបស់លោកផ្ដល់ឯកសារ និងសក្ខីកម្មនៅពេលដែលរដ្ឋសភាចេញដីកាកោះហៅជាបន្តបន្ទាប់។
ចំណែកឯក្រុមមេធាវីរបស់លោក Trump និងលោក Trump ផ្ទាល់វិញ បានអះអាងថា លោក Trump មិនបានធ្វើអ្វីខុសនោះទេ ហើយទង្វើរបស់លោកមិនឈានដល់កម្រិតនៃទោសដែលត្រូវចោទប្រកាន់ទម្លាក់ពីតំណែងនោះឡើយ។
នៅល្ងាចថ្ងៃចន្ទនេះ គេនឹងអាចឮទស្សនៈរបស់សមាជិកព្រឹទ្ធសភា នៅពេលដែលពួកគេធ្វើសេចក្ដីថ្លែងមុនពេលការបោះឆ្នោតចុងក្រោយ ដែលបានគ្រោងធ្វើឡើងនៅថ្ងៃពុធខាងមុខនេះ។
សមាជិកព្រឹទ្ធសភាសំខាន់ៗខាងគណបក្សសាធារណរដ្ឋបាននិយាយថា ការណ៍ដែលលោក Trump ស្នើឲ្យអ៊ុយក្រែនធ្វើការស៊ើបអង្កេតបែបនេះគឺជារឿងមិនត្រឹមត្រូវ ប៉ុន្តែមិនធំដុំខ្លាំងរហូតដល់ការណ៍ដែលត្រូវដកលោកពីតំណែង ដូចការចោទប្រកាន់របស់រដ្ឋសភានោះទេ៕