មហាគណៈវិនិច្ឆ័យមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានចោទប្រកាន់ជាផ្លូវការមនុស្ស១៩នាក់ដោយមានរួមបញ្ចូលទាំងមន្ត្រីសន្តិសុខតួកគី១៥នាក់ផងដែរដែលមានការទាក់ទិនជាមួយជម្លោះវាយតប់គ្នាមួយដែលបានកើតមានឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតួកគី Recep Tayyip Erdogan នៅក្នុងរដ្ឋធានីស.រ.អា.កាលពីខែឧសភា។
ដីកាចោទប្រកាន់ជាផ្លូវការកាលពីថ្ងៃអង្គារបានចោទប្រកាន់ពួកចុងចោទថាបានវាយប្រហារទៅលើពួកបាតុករដែលធ្វើការតវ៉ាដោយសន្តិវិធីនៅខាងក្រៅផ្ទះឯកអគ្គរដ្ឋទូតតួកគី។
ជនទាំង១៩នាក់នេះបានត្រូវចោទប្រកាន់ពីបទរួមគំនិតធ្វើអំពើទុច្ចរិតដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មមួយប្រកបដោយហិង្សាដែលជាបទឧក្រិដ្ឋមួយអាចមានទោសជាប់ពន្ធនាគារអតិបរិមាចំនួន១៥ឆ្នាំ។ មនុស្សមួយចំនួនក្នុងបណ្តាពួកជនទាំងនេះប្រឈមនឹងការចោទប្រកាន់បន្ថែមអំពីការវាយប្រហារដោយប្រើអាវុធដ៏ប្រល័យ។
ជន១៦នាក់ក្នុងបណ្តាពួកចុងចោទទាំងនេះបានត្រូវចោទប្រកាន់រួចហើយកាលពីខែមិថុនា។ ការចោទប្រកាន់កាលពីថ្ងៃអង្គារបានបន្ថែមចុងចោទថ្មីបីនាក់ទៀតដែលសុទ្ធតែជាពួកមន្ត្រីសន្តិសុខរបស់រដ្ឋាភិបាលតួកគី។
ឧប្បត្តិហេតុនេះបានកើតមានឡើងនៅក្រោយ Erdogan ជួបជាមួយប្រធានាធិបតី Donald Trump នៅឯសេតវិមានហើយការណ៍នេះបានបណ្តាលឱ្យមានភាពតានតឹងថែមទៀតដល់ទំនាក់ទំនងតឹងតែងរួចស្រេចហើយរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងអង់ការ៉ា។
វីដេអូនៃឧប្បត្តិហេតុនេះដែលបានត្រូវថតដោយបុគ្គលិកនៃផ្នែកផ្សាយជាភាសាតួកគីរបស់ VOA បានបង្ហាញឱ្យឃើញពួកបុរសដែលហាក់ដូចជាពួកឆ្មាំសន្តិសុខនិងអ្នកគាំទ្រលោក Erdogan បានវាយតប់ពួកបាតុករមួយក្រុមតូច៕