ជម្លោះថ្មីមួយរវាងរដ្ឋាភិបាលតួកគីនិងរដ្ឋាភិបាលអាល្លឺម៉ង់បានកើនឡើង ដោយប្រធានាធិបតីតួកគីត្រូវបានគេបដិសេធមិនអនុញ្ញាតឲ្យធ្វើការប្រជុំមហាជនសម្រាប់ជនជាតិភាគតិច Turks ខណៈដែលលោកនឹងអញ្ជើញរួមសន្និសីទកំពូលរបស់ប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង២០ហៅថា G-20 នៅសប្តាហ៍ក្រោយនៅក្នុងប្រទេសអាល្លឺម៉ង់។
លោក Sigma Gabrielរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់និយាយថា «យើងមិនមានកម្លាំងប៉ូលិសគ្រប់គ្រាន់ដើម្បីការពារសន្តិសុខ G-20 ផង។ ក៏ប៉ុន្តែ ខ្ញុំក៏បានប្រាប់ពួកតួកគីដោយចំហដែរថា ការបង្ហាញខ្លួនបែបនេះជាការមិនត្រឹមត្រូវទេ ជាការប៉ះពាល់ស្ថានការណ៍ដែលមានជាមួយតួកគី ហើយថាការណ៍នេះមិនសាកសមនឹងទិដ្ឋភាពនយោបាយនៅពេលនេះទេ»។
ទំនាក់ទំនងរវាងសមាជិកទាំង២របស់អង្គការអូតង់បានស្ថិតក្នុងកម្រិតទាបបំផុតដែលមិនធ្លាប់មានកាលពីពេលមុន។ ក៏ប៉ុន្តែការប្រកាសរបស់លោករដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Gabriel ទំនងជាធ្វើឲ្យរដ្ឋាភិបាលតួកគីមានការភ្ញាក់ផ្អើល។
ប្រភពអនាមិករបស់ប្រធានាធិបតីបានត្រូវបណ្តាញព័ត៌មានតួកគីដកស្រង់សម្តីយកមកចុះផ្សាយថា «យើងកំពុងតាមដានសេចក្តីថ្លែងការណ៍ប្រកបដោយការប្រុងប្រយ័ត្នពីប្រទេសអាល្លឺម៉ង់»។
ការប៉ុនប៉ងដើម្បីទទួលបានការអត្ថាធិប្បាយជាផ្លូវការមិនបានទទួលជោគជ័យ។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសតួកគី បានរិះគន់លោក Martin Schulzមេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យរបស់អាល្លឺម៉ង់ចំពោះការទាមទាររបស់លោកដែលរារាំងមិនឲ្យប្រធានាធិបតីតួកគី Erdogan មិនឲ្យនិយាយក្នុងដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសអាល្លឺម៉ង់៕