ប្រទេសតួកគីបញ្ជូនកងរថក្រោះនិងរថពាសដែកទៅក្នុងខេត្ត Idlib នៃប្រទេសស៊ីរី នៅពេលដែលរដ្ឋាភិបាលក្រុងដាម៉ាស់នៅតែបន្តការវាយលុករបស់ខ្លួនប្រឆាំងនឹងតំបន់ចុងក្រោយបង្អស់របស់ពួកឧទ្ទាម។
ក៏ប៉ុន្តែនៅក្នុងការកាយវិការមួយសម្រាប់រដ្ឋាភិបាលក្រុងមូស្គូ រដ្ឋាភិបាលក្រុងអង់ការ៉ា សន្យាថានឹងបង្ក្រាបពួកជ្រុលនិយមនៅក្នុងតំបន់ Idlib ជាមួយនឹងការអំពាវនាវឱ្យមាន«កិច្ចឈប់បាញ់គ្នាជាប់លាប់មួយ»ផងដែរ។
កងកម្លាំងរដ្ឋាភិបាលក្រុងដាម៉ាស់បាននិយាយអះអាងថា ពួកគេបានរុលទៅមុខប្រឆាំងនឹងសំបុកចុងក្រោយបង្អស់របស់ពួកឧទ្ទាម។ ក៏ប៉ុន្តែនៅក្នុងសញ្ញាមួយនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំង ពួកឧទ្ទាមបាននិយាយអះអាងថា ខ្លួនបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងរបស់រដ្ឋាភិបាលស៊ីរីកាលពីថ្ងៃសុក្រ ដែលជាការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រទីពីរក្នុងសប្តាហ៍នេះ។
មានការរាយការណ៍ថា រដ្ឋាភិបាលក្រុងអង់ការ៉ា បានបង្កើនការផ្តល់អាវុធបាញ់យន្តហោះនិងបាញ់រថក្រោះទៅឱ្យពួកឧទ្ទាមជាមួយនឹងការបញ្ជូនរថពាសដែកនិងរថក្រោះរាប់រយគ្រឿងផងដែរ។
កំណើនវត្តមានយោធានេះមានឡើងក្រោយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានសន្យាថានឹងរុញច្រានកងកម្លាំងរដ្ឋាភិបាលក្រុងដាម៉ាស់ពីIdlib ប្រសិនបើកងកម្លាំងរដ្ឋាភិបាលស៊ីរីមិនដកថយមុនដំណាច់ខែកុម្ភៈទេនោះ។ ឱសានវាទនេះមានឡើងក្រោយពីកងទាហានស៊ីរីបានសម្លាប់ទាហានតួកគី ១៤នាក់ក្នុងខែនេះ៕