ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អាជ្ញាធរ​តួកគី​ចុះ​បង្រ្កាប​សារព័ត៌មាន​បក្ស​ប្រឆាំង


ប៉ូលិស​បង្រ្កាប​បាតុករ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ប្រឆាំង​នឹង​ប្រជាជន​ដែល​បាន​ប្រមូល​ផ្តុំ​ដើម្បី​គាំទ្រ​កាសែត​ Zaman នៅ​ក្រុង​អ៊ីស្តង់ប៊ូល នៅ​​ថ្ងៃ​សៅរ៍ ទី០៥ ខែ​មិនា ឆ្នាំ​២០១៦។
ប៉ូលិស​បង្រ្កាប​បាតុករ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ប្រឆាំង​នឹង​ប្រជាជន​ដែល​បាន​ប្រមូល​ផ្តុំ​ដើម្បី​គាំទ្រ​កាសែត​ Zaman នៅ​ក្រុង​អ៊ីស្តង់ប៊ូល នៅ​​ថ្ងៃ​សៅរ៍ ទី០៥ ខែ​មិនា ឆ្នាំ​២០១៦។

ក្រុម​អាជ្ញាធរ​តួកគី​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុល ​បានរៀប​ចំ​ការ​ចុះ​ទៅ​ឆែកឆេរលើ​ការិយាល័យ​របស់​កាសែត Zaman ​ដែល​ជាកាសែត​ដ៏ធំ​បង្អស់​របស់​តួកគី ​នៅ​ក្នុង​ការ​បង្រ្កាបបណ្តាញ​ព័ត៌មាន​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង។

បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅមាត់​ទ្វារ​របស់​ទីស្នាក់ការ​ធំរបស់​កាសែត​នោះ​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​កាល​ពី​ថ្ងៃសុក្រនៅពេល​ដែល​ប៉ូលីស ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ហើយ​ទឹក​ដើម្បីទម្លុះ​ចូល​ក្នុង​អាគារ​ដើម្បី​បណ្តេញ​បុគ្គលិក​ចេញ​ពី​នោះ។

លោក Abdulhamit Bilicit បណ្ណាធិការ​របស់​កាសែត​នោះ ​បាន​ថ្លែង​ទៅ​កាន់​បុគ្គលិក​មុន​ពេល​ប៉ូលិសចុះ​ទៅ​ឆែកឆេរ​អាគារ​នោះ ​ដោយ​លោក​បាន​ហៅ​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា «ជាថ្ងៃ​ដ៏​ខ្មៅ​ងងឹត​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ‍»។

សកម្មភាព​នេះ​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដើម្បី​ប្រឆាំង​ពួក​អ្នកកាសែត​ប្រឆាំង និង​បព្វជិត​ឥស្លាម​ខាង​ប្រឆាំង​លោក Fethullah Gulen ដែល​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

បាតុករ​ដែល​ស្ថិត​នៅ​ខាង​ក្រៅ​អាគារ​បាន​ស្រែក​ថា «សេរីភាព​សារព័ត៌មាន​មិន​អាច​ត្រូវ​គេ​បំបិទ​មាត់​បាន​ទេ‍» ​ហើយ​ពួកគេ​បាន​គ្រវី​ទង់​ជាតិ​ប្រទេស​តួកគី។

ការ​ចេញ​ផ្សាយ​របស់​កាសែត Today’s Zaman ​ជា​ភាសា​អង់គ្លេស​កាល​ពី​ថ្ងៃ​សុក្រ ​បាន​និយាយ​ថា «​យើង​កំពុង​ឆ្លង​កាត់​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​បំផុត​នៅ​ក្នុង​សេរីភាព​សារព័ត៌មាន​ដែល​ជា​គ្រឹះ​ដ៏​សំខាន់​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​នីតិរដ្ឋ‍»។ កាសែត​នោះ​បាន​និយាយ​បន្ត​ទៀត​ថា បញ្ញាវ័ន្ត ​ពាណិជ្ជករ ​ពិធីករ​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ត្រូវគេ​បំបិទ​មាត់​ហើយ​អង្គការ​បណ្តាញ​ព័ត៌មាន និង​អ្នកកាសែត​ក៏​ត្រូវ​គេ​បំបិទ​មាត់ផង​ដែរ។

គណៈកម្មា​ធិការ​ការពារ​អ្នកកាសែត​ដែល​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ប្រឆាំង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សុក្រ។​ លោក Joel Simon ប្រធាន​របស់​អង្គការ​នោះ​បាន​និយាយ​ថា «អាជ្ញាធរ​តួកគី​ត្រូវ​តែ​ធ្វើ​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​ការពារ​សេរីភាព​សារព័ត៌មាន​ជាជាងបំផ្លាញ​បណ្តាញ​ព័ត៌មាន​របស់គណបក្ស​ប្រឆាំង​ដោយ​ចាត់​វិធានការ​ដ៏​គឃ្លើន​នេះ‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG