ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​បដិសេធ​ថា​មិន​បាន​បញ្ជូន​ទ័ព​ចូល​ក្នុង​ស៊ីរី​ទេ


រូប​ឯកសារ៖ កង​ទ័ព​តួក​គីដាក់​ទីតាំង​នៅ​ភាគ​អាគ្នេយ៍​នៃ​ក្រុង​ Suruc ខេត្ត​ Sanliurfa ជាប់​ព្រំដែន​ប្រទេស​ស៊ីរី​ នៅ​ថ្ងៃ​ទី​៣ ខែ​តុលា​ ឆ្នាំ​២០១៤។​
រូប​ឯកសារ៖ កង​ទ័ព​តួក​គីដាក់​ទីតាំង​នៅ​ភាគ​អាគ្នេយ៍​នៃ​ក្រុង​ Suruc ខេត្ត​ Sanliurfa ជាប់​ព្រំដែន​ប្រទេស​ស៊ីរី​ នៅ​ថ្ងៃ​ទី​៣ ខែ​តុលា​ ឆ្នាំ​២០១៤។​

រដ្ឋ​មន្ត្រី​ការពារជាតិ​តួកគី​ បាន​បដិសេធចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រទេស​ស៊ីរី​ដែល​ថា​ កងទ័ព​តួកគី​បាន​ចូល​ក្នុង​ប្រទេស​ស៊ីរី​។

លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​តួកគី​ក៏​បាន​និយាយ​ដែរ​ថា ប្រទេស​តួកគី​មិន​មាន​ផែនការ​ណា​មួយ​ ដើម្បី​បញ្ជូន​កងទ័ព​របស់​ខ្លួន​ឆ្លង​ព្រំដែន​នោះ​ទេ។

ប្រទេស​តួកគី​បាន​ចូល​រួម​នៅ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ ប្រឆាំង​គោលដៅ​នានា​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ប៉ុន្តែ​ មិន​បាន​ប្តេជ្ញា​ថា​ នឹង​បញ្ជូន​កងទ័ព​ជើង​គោក​ចូល​រួម​ប្រយុទ្ធ​នៅ​ក្នុង​ជម្លោះ​ ដែល​បង្ក​ដោយ​មូលហេតុ​ច្រើន​យ៉ាង​នោះ​ទេ។

ប្រទេស​ស៊ីរី​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​បែប​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ ​នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​ ដោយ​និយាយ​ថា​ កងកម្លាំង​តួកគី​ស្ថិត​នៅ​ក្នុង​ក្រុម​ខ្មាន់​កាំភ្លើង​មាន​គ្នា​១០០​នាក់​ ដែល​បាន​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ីរី​ភាគ​ខាង​ជើង​កាល​ពី​ថ្ងៃ​សៅរ៍។

ខេត្ត​ Aleppo បាន​ក្លាយ​ជា​ចំណុច​ប្រសព្វ​នៅ​ក្នុង​ជម្លោះ​នៅ​ស៊ីរី​ ដោយ​ប្រទេស​តួកគី​តម្រង់​គោលដៅ​ទៅ​លើ​កម្លាំង​ប្រយុទ្ធ​របស់​ក្រុម​ Kurd ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​សហរដ្ឋ​អាមេរិក​ ហើយ​ក្រុម​ Kurd ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​វាយលុក​របស់​កងទ័ព​ស៊ីរី​ គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី​ ដែល​កំពុង​ព្យាយាម​ត្រួតត្រា​តំបន់​នេះ​ពី​ក្រុម​ប្រឆាំង​ជាច្រើន​វិញ៕

XS
SM
MD
LG