ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​​​តួកគី​​​គ្រោងនឹង​​បោះឆ្នោត​លើ​ការសុំចូល​​សមាជិកភាព​​​អង្គការ​អូតង់​របស់​​ហ្វាំងឡង់


មន្ត្រីជាន់ខ្ពស់ពីប្រទេសស៊ុយអែតនិងហ្វាំងឡង់ជួបជាមួយសមភាគីតួកគីក្នុងទីក្រុងអង់ការ៉ាកាលពីថ្ងៃពុធ។
មន្ត្រីជាន់ខ្ពស់ពីប្រទេសស៊ុយអែតនិងហ្វាំងឡង់ជួបជាមួយសមភាគីតួកគីក្នុងទីក្រុងអង់ការ៉ាកាលពីថ្ងៃពុធ។

សភា​ប្រទេស​តួកគី​មាន​កំណត់​បោះឆ្នោតនៅ​ថ្ងៃព្រហស្បតិ៍នេះ​អំពី​ប្រទេស​ហ្វាំងឡង់​សុំ​ចូលជា​ស​មាជិកអង្គការ​អូតង់។

ហ្វាំងឡង់​និង​ស៊ុយអែតដែល​ជា​ប្រទេស​ជិតខាង​គ្នា​ បាន​បញ្ចប់រយៈ​ពេលច្រើន​ទសវត្សរ៍​នៃការ​មិន​ចូល​រួម​បក្ស​សម្ព័ន្ធ​ណា​មួយ​ ដោយ​ការដាក់​ពាក្យ​របស់​ពួក​គេ​សុំ​ចូល​ជា​សមាជិក​នៃសម្ព័ន្ធភាពយោធា​អូតង់ក្រោយ​ពីប្រទេស​រុស្ស៊ីបាន​លុកលុយប្រទេស​អ៊ុយក្រែនកាលពី​ឆ្នាំទៅ។​

តាំង​ពី​ការសុំ​ចូលជា​សមាជិក​អូតង់​របស់​ប្រទេស​ទាំង​ពីរ​នេះបាន​ទទួល​សច្ចានុម័តនៅក្នុង​សន្និសីទ​កំពូលអូតង់​កាលពី​ខែកក្កដា ​រដ្ឋ​ជា​សមាជិក​អូតង់​បាន​ចាត់ចែង​ដំណើរការ​ខ្លួនផ្ទាល់ក្នុង​ការផ្តល់​ការយល់ព្រម​ចុងក្រោយឱ្យហ្វាំងឡង់​និង​ស៊ុយអែត​ចូល​ជា​សមាជិក។

ប្រទេស​ហុងគ្រីបាន​ផ្តល់​ការយល់ព្រមរបស់​ខ្លួនឱ្យ​ហ្វាំងឡង់​ចូលជា​សមាជិកកាលពី​ថ្ងៃ​ចន្ទ ​ដោយបន្សល់ទុក​តែ​ប្រទេស​តួកគីនៅ​ក្នុង​ដំណើរការនេះដែល​ត្រូវតែមាន​ការយល់ព្រម​ជា​ឯកច្ឆន្ទក្នុងចំណោម​ក្រុម​សមាជិក​អូតង់​បច្ចុប្បន្ន​។

ការសុំ​ចូលជា​សមាជិកអូតង់​របស់​ហ្វាំងឡង់​និងស៊ុយអែតមាន​ភាពយឺតយូរដោយសារតួកគីបានសម្តែងកង្វល់​ថាប្រទេស​ពីរ​នេះ​អត់​ឱនពេកដល់​ក្រុម​នានាដែល​អាជ្ញាធរ​តួកគី​ចាត់ទុក​ថា​ជា​អង្គការ​ភេរវកម្ម។ ពួក​អ្នក​តំណាង​មក​ពី​ប្រទេស​ទាំង​បី​នេះ​បានជួប​គ្នាកាលពី​ដើម​ខែនេះដើម្បី​ដោះស្រាយ​បញ្ហាដែល​នៅ​សេសសល់ ​តែ​តួកគី​មិនទាន់​បានបញ្ជាក់​ថាខ្លួននឹង​គាំទ្រ​ដល់​សមាជិកភាព​ស៊ុយអែត​នៅឡើយ​ទេ។

ស៊ុយអែតនិង​ពួកមេដឹកនាំអូតង់​បាន​និយាយ​ថា​ស៊ុយអែត​បានធ្វើកំណែទម្រង់​មួយ​ចំនួនដើម្បី​បំបាត់​កង្វល់​របស់​តួកគី។ អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​និយាយច្រើន​ដង​មក​ហើយ​ថា​លោក​រំពឹង​ថា​ប្រទេសហ្វាំងឡង់​និងស៊ុយអែត​នឹង​ក្លាយ​ជា​សមាជិកនៃ​អង្គការ​អូតង់៕

Some material in this report came from The Associated Press, Agence France-Presse and Reuters.

XS
SM
MD
LG