ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ក្រុង​មូស្គូ​ដើម្បី​ស្វែងរក​ការ​សហការ​ពី​រុស្ស៊ី​លើ​បញ្ហា​នៅ​ស៊ីរី


លោក​ប្រធានាធិបតី Vladimir Putin និង​លោក​រដ្ឋ​មន្រ្តី​ការបរទេស John Kerry ចាប់​ដៃ​គ្នា​ក្នុង​កិច្ចប្រជុំ​របស់​លោក​នៅ​ក្នុង​វិមាន​ក្រឹមឡាំង​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី Vladimir Putin និង​លោក​រដ្ឋ​មន្រ្តី​ការបរទេស John Kerry ចាប់​ដៃ​គ្នា​ក្នុង​កិច្ចប្រជុំ​របស់​លោក​នៅ​ក្នុង​វិមាន​ក្រឹមឡាំង​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០១៦។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry កំពុង​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​មូស្គូ​នៅ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​មួយ​ដើម្បី​ការពារ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្មនៅ​ក្នុង​ប្រទេស​ស៊ីរី ​ថ្វីបើ​មាន​ការ​ប្រេះឆា​នៅ​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​លើ​បញ្ហាប្រទេស​អ៊ុយក្រែន ​អង្គការ​អូតង់​ហើយ​និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​២​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​ក៏​ដោយ។

ការ​ចរចា​ដែល​មាន​រយៈ​ពេល​២​ថ្ងៃ​របស់​លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ជា​មួយ​មន្រ្តី​រុស្ស៊ី​ត្រូវ​គេ​រំពឹង​ថា​នឹង​គ្រប​ដណ្តប់​លើ​បញ្ហា​សំខាន់ៗ ក៏ប៉ុន្តែ ​សេចក្តី​រាយការណ៍​ដែលធ្លាយ​ចេញ​ដែល​ត្រូវ​បានចេញ​ផ្សាយ​ដោយ​កាសែត Washington Post បាន​ប្រាប់​ឲ្យ​ដឹង​ថា ​អ្នក​ការ​ទូត​សហរដ្ឋ​អាមេរិក ​កំពុង​ស្នើ​ផ្តល់​ឲ្យ​ប្រធានាធិបតី Putinនៃ​ប្រទេស​រុស្ស៊ី​ពី​ការងារ​សំខាន់ៗ​ដូចជា ​សម្ព័ន្ធ​ភាព​យោ​ធា​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ប្រឆាំង​នឹងក្រុម​រដ្ឋ​ឥស្លាម ក្រុម​អាល់កៃដា​ហើយ​និង​ក្រុម​ជ្រុល​និយម​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​ស៊ីរី។

​មុន​ពេល​ចាក​ចេញ​ទៅ​កាន់​ទីក្រុង​មូស្គូ ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិកJohn Kerry បាន​បដិសេធ​ពុំព្រម​និយាយ​លម្អិត ​ក៏ប៉ុន្តែ ​បាន​កត់​សម្គាល់​ថា ​លោក ​នឹង​ជួប​ជា​មួយ​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin និង​លោក Sergei Lavrov រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក John Kerry មាន​ប្រសាសន៍​ថា «យើង ​នឹងមាន​ពេល​វេលា​យ៉ាង​ច្រើន​ពិភាក្សា​អំពី​បញ្ហា​នេះ‍»។

ក្រុម​មន្រ្តី​រុស្ស៊ី ​ក៏​បាន​ផ្តល់​សេចក្តី​លម្អិត​បន្តិចបន្តួច​ដែរ។

ក្រសួង​ការបរទេស​រុស្ស៊ី ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «យើង ​រំពឹង​ថា​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ទៅ​កាន់​រដ្ឋធានី​មូស្គូ ​នឹង​សម្រប​សម្រួល​ឲ្យ​មាន​ភាព​ប្រសើ​រឡើង​នូវ​បរិយាកាស​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក​ដូចជា​ការ​ថែរក្សា​ស្ថិរភាព​សាកលលោក​ហើយ​និង​ដោះ​ស្រាយ​បញ្ហា​អន្តរជាតិ​សំខាន់ៗ​ដែល​ពឹងផ្អែក​លើ​យើង‍»៕

XS
SM
MD
LG