ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ប្រទេស​តួកគី​ធ្វើ​ការ​បោះឆ្នោត​នៅ​ខែមិថុនា​ នៅ​ជាង​មួយ​ឆ្នាំ​មុន​ការ​កំណត់


លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ប្រកាស​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​មុន​កាល​កំណត់ នៅ​វិមាន​ប្រធានាធិបតី ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។

ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan បាន​និយាយ​ថា​ការ​បោះឆ្នោត​ប្រធានាធិបតី ​និង​ការ​បោះឆ្នោត​តំណាងរាស្រ្ត​នឹង​ត្រូវ​ធ្វើ​ឡើង​មុន​ការ​កំណត់​ជាង​មួយ​ឆ្នាំ​ ដើម្បី​ពន្លឿន​ការ​ផ្លាស់ប្តូរ​ទៅ​ជា​របប​ប្រធានាធិបតី​និយម​ និង​ដើម្បី​ដោះសា្រយ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​ជួប​ប្រទះ។

លោកប្រធានាធិបតី Erdogan កាល​ពី​ថ្ងៃពុធ​បាន​និយាយ​ថា​ ការ​បោះឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៤​ខែមិថុនា​ក្នុង​ឆ្នាំ​នេះ​ ជំនួស​ឲ្យ​ការ​កំណត់​នៅក្នុង​វិច្ឆិកា​ឆ្នាំ២០១៩។
លោក Erdogan បាន​ចេញ​សេចក្តី​ប្រកាស​ដូច្នេះ​ បន្ទាប់​ពី​បាន​និយាយ​ជាមួយ​នឹង​មេដឹក​នាំ​គណបក្ស​ជាតិនិយម​ លោក Devlet Bahceli ជា​អ្នក​ដែល​ធ្លាប់​បាន​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​មុន​ការ​កំណត់។

លោក Erdogan បាន​ថ្លែង​តាម​ស្ថានីយ៍​ទូរទស្សន៍​ថា «បើ​ទោះ​បី​ជា​ទាំង​ប្រធានាធិបតី​ និង​រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​រួមគ្នា​យ៉ាងណា​ក៏​ដោយ​ ក៏​ផលវិបាក​នៃ​ប្រព័ន្ធ​របប​សភា​និយម​នេះ​តែងតែ​រារាំង​រាល់​វិធានការណ៍​ដែល​យើង​អនុវត្ត»។

ប្រទេស​តួកគី​កំពុង​ផ្លាស់ប្តូរ​ប្រព័ន្ធ​សភា​ឲ្យ​ស្ថិត​នៅ​ក្រោម​ប្រធានាធិបតី​ ដែល​ការណ៍​នេះ​នឹង​បង្កើន​អំណាច​ដល់​ប្រធានាធិបតី។

រដ្ឋាភិបាល​តួកគី​ធ្លាប់​បាន​បដិសេធ​ការ​ស្នើ​ឲ្យ​បោះឆ្នោត​មុន​ពេល​កំណត់​ ប៉ុន្តែ​លោក
Erdogan បាន​ទទួល​ជ័យជម្នះ​យ៉ាង​ប្រកៀកប្រកិត​ពី​ការ​ធ្វើ​ប្រជាមតិ​កាល​ពី​ឆ្នាំមុន​ ដើម្បី​ផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​ និង​បង្កើត​របបប្រធានាធិបតី​និយម។ ការ​បន្ថែ​មអំណាច​ដល់​ប្រធានាធិបតី​នឹង​ចាប់ផ្តើម​មាន​ប្រសិទ្ធភាព​បន្ទាប់​ពី​ការ​បោះឆ្នោត​ក្នុង​ខែ​មិថុនា៕

XS
SM
MD
LG