ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​គាំទ្រ​ការ​ចរចា​សន្តិភាព​ជាមួយ​នឹង​ពួក​តាលីបង់​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន


លោក​នាយករដ្ឋមន្ត្រី​តួកគី Binali Yildirim ស្តាប់​អ្នក​កាសែត​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។
លោក​នាយករដ្ឋមន្ត្រី​តួកគី Binali Yildirim ស្តាប់​អ្នក​កាសែត​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

នាយក​រដ្ឋមន្រ្តី​តួកគី លោក Binali Yildirim កាល​ពី​ថ្ងៃអាទិត្យ​បាន​ប្រកាស​អំពី​ការ​គាំទ្រ​របស់​តួកគី​ចំពោះ​សំណើ​ចរចា​សន្តិភាព​ទៅ​កាន់​ពួកបះបោរ​តាលីបង់​នៅ​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក Yildirim​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​រួមគ្នា​មួយ​ជាមួយ​នឹង​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani នៅក្នុង​ទីក្រុង​កាប៊ុល​ថា «ពួក​តាលីបង់​មិន​គួរ​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ជា​ប្រវត្តិសាស្រ្ត​ និង​ជា​ឱកាស​កម្រ​នេះ​ឡើយ»។ លោក Ghani​ បាន​ស្នើ​កិច្ចចរចា​សន្តិភាព​គ្មាន​លក្ខខណ្ឌ​ជាមួយ​នឹង​ពួក​តាលីបង់​អាហ្វហ្គានីស្ថាន​កាល​ពី​ជាង​មួយ​ខែ​មុន​ នៅ​អំឡុងពេល​សន្និសីទ​ស្តី​ពី​ដំណើរ​ការ​សន្តិភាព​នៅក្នុង​ទីក្រុង​កាប៊ុល​ និង​បាន​ស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា។

លោក Shah Hussain Murtazawi អ្នក​នាំ​ពាក្យ​របស់​លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថានបាន​ប្រាប់ VOA ថា «លោក Yildirim បាន​លើក​ឡើង​ម្តង​ទៀត​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​បន្ត​រក្សា​ជំហរ​ជាមួយ​នឹង​រដ្ឋាភិបាល​ និង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ ហើយ​ថា​ខ្លួន​នឹង​គាំទ្រ​ដំណើរការ​សន្តិភាព​របស់​ប្រទេស​អាហ្វហ្គានីស្ថាន»។

ការ​អំពាវនាវ​របស់​តួកគី​ដើម្បី​ឲ្យ​មាន​សន្តិភាព​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ធ្វើ​ឡើងបន្ទាប់​ពី​ពួក​តាលីបង់​នៅ​តែ​រក្សា​ភាពស្ងៀមស្ងាត់ និង​មិន​ទាន់​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​ចរចា​សន្តិភាព​នេះ។ ក្រុមប្រឹក្សា​សន្តិភាព​ជាន់ខ្ពស់​អាហ្វហ្គានីស្ថាន​ ដែល​មាន​ភារកិច្ច​ចរចា​ជាមួយ​ពួក​បះបោរ​បាន​និយាយ​ថា​ ពួក​តាលីបង់​ប្រហែល​ជា​កំពុង​រៀបចំ​ការ​ឆ្លើយតប​លើ​សំណើ​នេះ។ លោក Sayed Ehsan Tahiri អ្នក​នាំ​ពាក្យ​របស់​ក្រុមប្រឹក្សា​នេះ​បាន​ប្រាប់ VOA ​ថា «យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​រៀបចំ​ការ​ចរចា​ជាមួយ​នឹង​ពួក​តាលីបង់​នៅ​ក្នុង​ប្រទេស​ណា​ដែល​ពួកគេ​ជ្រើសរើស។ ពួកគេ​គ្មាន​ជម្រើស​ទេ​ប៉ុន្តែ​ត្រូវ​យល់ព្រម​លើ​សំណើ​សន្តិភាព​សម្រាប់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន»៕

XS
SM
MD
LG