ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋក្នុងប្រទេសតួកគីបានផ្សាយថា អាជ្ញាធរតួកគីកំពុងតែធ្វើសកម្មភាពបិទសាលាឯកជនចំនួន៦២៦កន្លែងនិងវិទ្យាស្ថានអប់រំដទៃទៀត នៅក្នុងជំហានចុងក្រោយបង្អស់ក្នុងបង្រ្កាបដែលធ្វើឡើងបន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុន។
សាលារៀនទាំងនោះមានជាប់ពាក់ព័ន្ធជាមួយនឹងបព្វជិតសាសនាឥស្លាមដែលនិរទេសខ្លួនឯង Fethullah Gulen ដែលបានបង្កើតបណ្តាញសាលារៀននៅទូទាំងប្រទេសតួកគី ដើម្បីលើកផ្សព្វផ្សាយការបង្រៀនរបស់ខ្លួន។
បន្ថែមពីលើនេះទៀត តួកគីបានហាមឃាត់សាស្រ្តាចារ្យទាំងឡាយមិនឲ្យចាកចេញពី ប្រទេសនោះទេ និងបានជំរុញឲ្យអ្នកដែលធ្វើដំណើរនៅបរទេសទាំងឡាយត្រឡប់មកកាន់ប្រទេសកំណើតវិញ។
ប្រព័ន្ធផ្សព្វផ្សាយតួកគីបានចេញផ្សាយថា ក្រសួងអប់រំបានបណ្តេញសាស្ត្រាចារ្យចំនួន១ម៉ឺន៥ពាន់២រយនាក់ នៅទូទាំងប្រទេស ខណៈដែលក្រសួងមហាផ្ទៃបានបណ្តេញបុគ្គលិកចេញចំនួន៩ពាន់នាក់។ បុគ្គលិកចំនួន១៥០០នាក់នៅក្នុងក្រសួងហិរញ្ញវត្ថុត្រូវបានបណ្តេញចេញ ហើយមនុស្សរាប់រយនាក់ទៀតដែលពាក់ព័ន្ធនឹងកិច្ចការសាសនា ក្រសួងគោលនយោបាយគ្រួសារនិងសង្គម និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក៏ត្រូវបានបណ្តេញចេញផងដែរ។ ក្រុមប្រឹក្សាភិបាលថ្នាក់ឧត្តមសិក្សានៃប្រទេសនេះ បានទាមទារឲ្យព្រឹទ្ធបុរសសាកលវិទ្យាល័យចំនួន១៥៧៧នាក់ដាក់ពាក្យសុំលាលែងពីតំណែង។
ការបណ្តេញចេញនេះត្រូវបានធ្វើឡើងបន្ទាប់ពីមនុស្សប្រហែល៩ពាន់នាក់នៅក្នុងរដ្ឋធានីអង់ការ៉ា ត្រូវបានឃុំខ្លួន ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Erdogan។
កាលពីថ្ងៃពុធម្សិលមិញនេះ លោក Erdogan ក៏បានជួបប្រជុំជាមួយនឹងក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុននេះ។
លោកក៏បានជួបជាមួយនឹងរដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីរបស់លោក នៅពេលបូកសរុបកិច្ចប្រជុំសន្តិសុខជាតិផងដែរ។ គេរំពឹងថា នឹងមានការធ្វើសេចក្តីប្រកាសដ៏សំខាន់មួយនៅពេលបន្ទាប់៕