ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​ភៀស​ខ្លួន​ដែល​កំពុង​ស្វែង​រក​សុវត្ថិភាព​នៅ​អឺរ៉ុប​ប្រថុយ​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​និង​អំពើ​ហិង្សា


ស្រ្តី​ជនជាតិ​ស៊ីរី​ម្នាក់​ជាមួយ​នឹង​កូន​របស់​គាត់​យក​ប្រអប់​ដែក​មួយ​ធ្វើ​ជា​ជម្រក​ក្នុង​ពេល​ភ្លៀង បន្ទាប់​ពី​ទៅ​ដល់​កោះ Pasas របស់​ក្រិក​ កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។
ស្រ្តី​ជនជាតិ​ស៊ីរី​ម្នាក់​ជាមួយ​នឹង​កូន​របស់​គាត់​យក​ប្រអប់​ដែក​មួយ​ធ្វើ​ជា​ជម្រក​ក្នុង​ពេល​ភ្លៀង បន្ទាប់​ពី​ទៅ​ដល់​កោះ Pasas របស់​ក្រិក​ កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។

អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​ថា ​ស្ត្រី​ដែល​ជា​ភៀស​ខ្លួន​និង​ក្មេងៗ​ដែល​កំពុង​ស្វែង​រក​សុវត្ថិភាព​នៅ​អឺរ៉ុប​កំពុង​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និង​អំពើ​ហិង្សា​នៅ​ក្នុង​ដំណើរ​ស្វែង​រក​របស់​ពួកគេ។

អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​ថា ​ស្ត្រី​ដែល​ជា​ភៀស​ខ្លួន​និង​ក្មេងៗ​ដែល​កំពុង​ស្វែង​រក​សុវត្ថិភាព​នៅ​អឺរ៉ុប​កំពុង​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និង​អំពើ​ហិង្សា​នៅ​ក្នុង​ដំណើរ​ស្វែង​រក​របស់​ពួកគេ។ បេសកកម្ម​វាយ​តម្លៃ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ មូលនិធិ​ប្រជាជន​របស់​អង្គការ​សហ​ប្រជាជាតិ និង​គណកម្មការ​ជន​ភៀស​ខ្លួន​របស់​ស្រ្តី​ បាន​រក​ឃើញ​ថា​ វិធានការ​ដើម្បី​ការពារ​ស្រ្តី​និង​ក្មេង​ស្រី​មិន​ទាន់​គ្រប់គ្រាប់​នៅ​ឡើយ​ទេ។

បេសកកម្ម​ចុះ​ទៅ​មូលដ្ឋាន​រួម​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ក្រិក និង​ប្រទេស​ម៉ាសេដ្ឋាន (Macedonia) កាល​ពី​ខែ​វិច្ឆិកា។ បេសកកម្ម​នេះ​បាន​រក​ឃើញ​ថា អ្នក​ដែល​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​និង​អំពើ​ហិង្សា​ខ្លាំង​ជាង​គេ រួម​មានស្ត្រី​នៅ​លីវ​ដែល​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង ឬ​ជាមួយ​ក្មេងៗ ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​ស្រ្តី​កំពុង​បំបៅ​ដោះ​កូន ក្មេង​ស្រី​វ័យ​ជំទង់​ ក្មេងៗ​ដែល​មិន​មាន​អ្នក​ធ្វើ​ដំណើរ​ជាមួយ​ និង​ក្មេងៗ​ដែល​រៀបការ​ក្នុង​វ័យ​ក្មេង។

លោក ​William Spindler​ អ្នក​នាំ​ពាក្យ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​បាន​ប្រាប់​ VOA ថា វា​ពិបាក​នឹង​ដឹង​ថា​តើ​បាតុភូត​នេះ​នឹង​រីករាល​ដាល​ខ្លាំង​ប៉ុណ្ណា​ ដោយសារ​តែ​ស្រ្តី​ទាំង​នោះ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​អំពី​បទ​ពិសោធន៍​របស់​ពួក​គេ។ ប៉ុន្តែ​លោក​និយាយ​ថា​លោក​បារម្ភ​ថា ការ​រំលោភ​បំពាន​ដែល​យក​អ្នក​ទាំង​នោះ​ជា​គោល​ដៅ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​ ​ភាគ​ច្រើន​មិន​ត្រូវ​បាន​គេ​រាយការណ៍។

លោក​និយាយ​ថា ស្រ្តី​ជា​ច្រើន​បាន​ពណ៌នា​ថា​ ខ្លួន​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បម្រើ​ផ្លូវ​ភេទ​ដើម្បី​បង់​ថ្លៃ​ឯកសារ​ធ្វើ​ដំណើរ​របស់​ពួកគេ។ លោក​និយាយ​ថា ស្ត្រី​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​ចំណី​របស់​ពួក​ឈ្មួញ​ដែល​ទាមទារ​ថ្លៃ​ដ៏​ខ្ពស់​មួយ​សម្រាប់​ដឹក​ជន​ភៀស​ខ្លួន និង​ជន​ទេសន្តរប្រវេសន៍​កាត់​ទន្លេ​មេឌីទែរ៉ាណេ​ទៅ​កាន់​តំបន់​អឺរ៉ុប។

«នៅ​ក្នុង​ករណី​ខ្លះ ស្រ្តី​ត្រូវ​បាន​ដាក់​សម្ពាធ​ឲ្យ​រួម​ភេទ​ជាមួយ​នឹង​ឈ្មួញ​ដើម្បី​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ហើយ​ក៏​មាន​ផង​ដែរ​ករណី​ដែល​ស្ត្រី ក្មេង​ស្រី​និង​ក្មេង​ប្រុស​ដែល​បាន​បាត់​ប្រាក់​របស់​ពួកគេ​អស់។ ហេតុ​ដូច្នេះ វិធី​មួយ​គត់​ដែល​ពួកគេ​អាច​បន្ត​ដំណើរ​របស់​ទៅ​ទៀត​បាន​ គឺ​ការ​លក់​ខ្លួន​ដើម្បី​បាន​ប្រាក់»។

លោក ​Spindler​ និយាយ​ថា ​មាន​របាយការណ៍អំពី​ស្រ្តី​ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន​ផ្លូវ​ភេទ​ដោយ​ជន​ភៀស​ខ្លួន​និង​ជន​ទេសន្តរប្រវេសន៍​ដទៃ​ទៀត​ផង​ដែរ ហើយ​នៅ​ក្នុង​ករណី​ខ្លះ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​មន្រ្តី​នៅ​ក្នុង​ប្រទេស​ដែល​ពួកគេ​ឆ្លង​កាត់។ លោក​បន្ត​ថា ​ក្មេង​ប្រុស​តូចៗ​ដែល​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ក៏​ត្រូវ​បាន​ឈ្មួញ​ទាំង​នោះ​បង្ខំ​ឲ្យ​រួម​ភេទ ដើម្បី​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន។

លោក​និយាយ​ថា ស្រ្តី​និង​ក្មេងៗ​ងាយ​នឹងរងគ្រោះថ្នាក់​ជាច្រើន​នៅ​ក្នុង​កន្លែង​ដែល​ទទួល​ពួក​គេ​ឬ​នៅ​មជ្ឈមណ្ឌល​ឆ្លង​កាត់ ​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​យ៉ាង​ច្រើន​លើស​លប់។ លោក​បាន​ឲ្យ​ដឹងថា វិធានការ​សាមញ្ញ​ ដូចជា​ការ​បង្កើត​បង្គន់​សម្រាប់​បុរស​និង​ស្រ្តី​ដាច់​ដោយ​ឡែក​ពី​គ្នា និង​ការ​ធានា​ថា​ មាន​កន្លែង​សម្រាក​ភ្លឺ​ច្បាស់ ហើយ​នៅដាច់​ដោយ​ឡែក​ពី​គ្នា អាច​នឹង​កាត់​បន្ថយ​ហានិភ័យ​ទាំង​អស់​នេះ​បាន។​

ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ជាច្រើន​កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សហភាព​អឺរ៉ុបចាត់​វិធានការ​ដើម្បី​ការពារ​ជន​ភៀស​ដែល​ជា​ស្រ្តី និង​ក្មេងៗ​ពី​គ្រោះ​ថ្នាក់​និង​ការ​កេង​ចំណេញ​ដែល​ពួកគេ​បាន​ជួប​ប្រទះ ​និង​ផ្តន្ទា​ទោស​ជន​ដៃ​ដល់​ដែល​បាន​ប្រព្រឹត្តបទ​ល្មើស​ទាំង​នោះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG