ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទួកគីបញ្ចុះបញ្ចូលសារមន្ទីរនៅជុំវិញពិភពលោក ឱ្យប្រគល់វត្ថុបុរាណមកវិញ


កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ទួកគី បានបើកសារមន្ទីរបុរាណវិទ្យាមួយ នៅក្នុងទីក្រុងអ៊ីម្សីរ៍(Izmir)ភាគខាងលិច។
កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ទួកគី បានបើកសារមន្ទីរបុរាណវិទ្យាមួយ នៅក្នុងទីក្រុងអ៊ីម្សីរ៍(Izmir)ភាគខាងលិច។
ប្រែសម្រួលដោយ ឌី ខាំបូលី
ប្រទេស ទួកគី (Turkey) កំពុងអនុវត្តគោលនយោបាយដ៏មោះមុតកាន់តែខ្លាំងឡើង ក្នុងការធ្វើឱ្យសារមន្ទីរធំៗនៅទូទាំងពិភពលោកប្រគល់បេតិកភណ្ឌរបស់ខ្លួនត្រឡប់មកវិញ។ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងទេសចរណ៍ លោក អឺទូហ្រ្គុល ហ្គូណាយ (Ertugrul Gunay) និយាយថា កាលពីទសវត្សរ៍មុន វត្ថុបុរាណជាង៤ពាន់ ត្រូវបានបញ្ជូនត្រឡប់មកឱ្យទួកគីវិញ ពីសារមន្ទីរនិងកន្លែងប្រមូលផ្តុំវត្ថុបុរាណនៅលើពិភពលោក។
កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ទួកគី បានបើកសារមន្ទីរបុរាណវិទ្យាមួយ នៅក្នុងទីក្រុងអ៊ីម្សីរ៍(Izmir)ភាគខាងលិច។ លោក អឺទូហ្រ្គុល ហ្គូណាយ (Ertugrul Gunay) គឺជាវិស្វករនៃបដិវត្តន៍សារមន្ទីរមួយរូបនៅក្នុងប្រទេសនេះ ដែលមានបំណងប្រមែប្រមូលបេតិកភណ្ឌដ៏សម្បូរបែបរបស់ទួកគី។
សារមន្ទីរបុរាណវិទ្យាថ្មីៗនៅទូទាំងប្រទេស ត្រូវបានបើកឳ្យដំណើរការ ដោយមានគម្រោងបើកកាន់តែច្រើនបន្ថែមទៀត ខណៈពេលដែលសារមន្ទីរដែលត្រូវបានបង្កើតរួចរាល់ហើយ មានការរៀបចំឡើងវិញដោយចំណាយសោហ៊ុយអស់យ៉ាងច្រើន។ ប៉ុន្តែ ដូចដែលលោក ហ្គូណាយ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងពិធីបើកសារមន្ទីរចុងក្រោយបំផុតនេះ បដិវត្តន៍របស់លោក មានជាប់ពាក់ព័ន្ធជាអន្តរជាតិ។
លោក ហ្គូណាយ និយាយថា នៅពេលអ្នកទៅទស្សនាសារមន្ទីរធំៗនៅលើពិភពលោក នៅក្នុងសហរដ្ឋអាមេរិក (United States) អង់គ្លេស (England) បារាំង (France) និង អាល្លឺម៉ង់ (Germany) អ្នកនឹងឃើញថា ភាគច្រើននៃវត្ថុបុរាណដ៏មានតម្លៃ ត្រូវបាននាំយកមកពីប្រទេស ទួកគី (Turkey) អ៊ីតាលី (Italy) អេហ្សីប (Egypt) និងក្រិច (Greece)ជាដើម។ លោកនិយាយថា វត្ថុបុរាណទាំងនេះមួយចំនួន ត្រូវបានលួច ហើយលោកកំពុងតស៊ូដើម្បីនាំយកវត្ថុបុរាណជាប្រវត្តិសាស្រ្តទាំងនោះមកវិញ ដែលត្រូវបានទៅដល់សារមន្ទីរធំៗនៅលើពិភពលោកដោយខុសច្បាប់ ពីប្រទេស ទួកគី។
រួមជាមួយនឹងការចាត់វិធានការយ៉ាងខ្លាំងក្លាតាមផ្លូវតុលាការ ដើម្បីនាំយកវត្ថុបុរាណទាំងនោះមកវិញ ពីបណ្តាសារមន្ទីរធំៗនៅជុំវិញពិភពលោក លោក ហ្គូណាយ បានប្រកាន់យកវិធីសាស្រ្តថ្មីមួយទៀត។
កាលពីដើមឆ្នាំនេះ លោកបានប្រើសិទ្ធិបដិសេធប្រឆាំងទៅនឹងការខ្ចីវត្ថុបុរាណ សម្រាប់ការតាំងពិពរ័ណ៌យ៉ាងធំមួយ ដោយសារមន្ទីររបស់ប្រទេសអង់គ្លេស ដរាបណាសារមន្ទីរនេះប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណ ដែលរដ្ឋាភិបាលទីក្រុង អង់ការ៉ា (Ankara) អះអាងថា ត្រូវបានយកចេញដោយខុសច្បាប់។ ទណ្ឌកម្មប្រហាក់ប្រហែលគ្នា ក៏កំពុងត្រូវបានអនុវត្តទៅលើសារមន្ទីរធំៗដទៃទៀតដែរ។
លោក នឺហ្សី បាសហ្គឺលែន (Nezih Basgelen) និពន្ធនាយកនៃទស្សនាវដ្ដីបុរាណវិទ្យាដ៏នាំមុខគេមួយរបស់ទួកគី មានប្រសាសន៍ថា គោលនយោបាយនេះអាចមានផលប៉ះពាល់យ៉ាងធំធេងទៅលើ
សារមន្ទីរនៅជុំវិញពិភពលោក។
«យើងមានបញ្ជីមួយចំនួន បញ្ជីជាច្រើនសម្រាប់ប្រទេស អាល្លឺម៉ង់ អង់គ្លេស សហរដ្ឋអាមេរិក បារាំង និងប្រហែលជាប្រទេស អូទ្រីសផងដែរ។ មានវត្ថុបុរាណជាងមួយពាន់ ពោលគឺរាប់ពាន់ចំណែក ដែលមួយចំនួនគឺជាវត្ថុបុរាណដែលផលិតពីសេរ៉ាមិក ហើយមួយចំនួនទៀតគឺជាកាក់។ វត្ថុបុរាណជាច្រើនទៀតធ្វើអំពីថ្មម៉ាប ដែលជារបស់ធំៗ ដូចជាមឈូសដែលធ្វើអំពីថ្ម និងបដិមាធំៗ ព្រមទាំងវត្ថុជាច្រើនទៀត»។
ក្រសួងវប្បធម៌របស់ ទួកគី ក៏បានប្រើប្រាស់ភាពល្បីល្បាញដែលកំពុងបន្តរបស់ប្រទេសនេះសម្រាប់ក្រុមអ្នកបុរាណវិទ្យា ដើម្បីធ្វើជាមធ្យោបាយមួយក្នុងការដាក់សម្ពាធដែរ។ រដ្ឋាភិបាលទីក្រុង អង់ការ៉ា បានគំរាមពន្យាការអនុញ្ញាតចំពោះក្រុមអ្នកបុរាណវិទ្យាជនជាតិ អាល្លឺម៉ង់មួយរូប មិនឱ្យទៅស្រាវជ្រាវនៅលើទីតាំងសំខាន់ៗទេ ប្រសិនបើសារមន្ទីរ អាល្លឺម៉ង់ មិនប្រគល់វត្ថុបុរាណដែលកំពុងមានជម្លោះទៅឱ្យទួកគី វិញ។ នៅទីបំផុត សារមន្ទីរនេះបានយល់ព្រមតាមការទាមទារនេះកាលពីឆ្នាំទៅ។
ប៉ុន្តែ គោលនយោបាយដ៏តឹងតែងនេះ បានធ្វើឲ្យមានការរិះគន់ថា ក្រសួងគួរតែរៀបចំផ្ទះសម្បែងរបស់ខ្លួនឱ្យមានរបៀបរៀបរយសិន មុនពេលសម្លឹងមើលទៅក្រៅប្រទេស។ លោក អូហ្សិន អាការ៍ (Ozgen Acar) ដែលជាអ្នកសរសេរមួយរូបសម្រាប់កាសែត ទួកគី ដែលមានឈ្មោះថា ខាំហឺរីយ៉ែត (Cumhurriyet) បានលះបង់ពេលវេលាភាគច្រើនក្នុងជីវិតរបស់លោក ទៅលើការបញ្ជូនត្រឡប់មកពីបរទេសវិញនូវវត្ថុបុរាណដែលត្រូវបានលួច។
«ភាពអនាធិបតេយ្យនៃការលួចរបៀបនេះនៅទួកគី កំពុងតែរីករាលដាលធំឡើងៗ នៅចំពេលដែលពួកគេព្យាយាមទាមទារមកវិញនូវវត្ថុបុរាណពីសារមន្ទីរផ្សេងៗនៅក្នុងពិភពលោក។ ប៉ុន្តែ រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ចំពោះការលួច នៅក្នុងប្រទេសនោះទេ។ នេះគឺជាកំហុសយ៉ាងធំធេងមួយ»។
លោករដ្ឋមន្រ្តីបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថាមានការកើនឡើងចំនួន១២ដង នូវធនធានសម្រាប់ការជីកកកាយផ្នែកបុរាណវិទ្យា កាលពី១២ឆ្នាំកន្លងទៅ។
វាក៏មានកត្តាសេដ្ឋកិច្ចដ៏មានឥទ្ធិពលមួយ នៅពីក្រោយយុទ្ធនាការរបស់ទួកគី ក្នុងការយកត្រឡប់មកវិញនូវវត្ថុបុរាណដ៏ល្បីល្បាញទាំងនេះ។
ឥឡូវនេះ អតីតកាលខាងបុរាណវិទ្យារបស់ ទួកគី គឺជាចំណែកមួយដ៏សំខាន់នៃយុទ្ធនាការរបស់រដ្ឋាភិបាល ដើម្បីទាក់ទាញទេសចរ ដោយមានផ្នែកពាណិជ្ជកម្មដែរ ដែលផ្សព្វផ្សាយប្រទេសនេះថាជាគោលដៅមួយដែលផ្តល់ឱ្យលើសពីពន្លឺព្រះអាទិត្យនិងឆ្នេរសមុទ្រទៅទៀត។
ផ្នែកមួយនៃគោលនយោបាយនេះ រាប់បញ្ចូលទាំងការសាងសង់សារមន្ទីរបុរាណវិទ្យាដ៏ធំជាងគេបង្អស់មួយនៅលើពិភពលោកសម្រាប់រដ្ឋធានី អង់ការ៉ា។
លោក បាសហ្គឺលែន ដែលជានិពន្ធនាយកនៃទស្សនាវដ្ដីបុរាណវិទ្យា មានការព្រួយបារម្ភថា គោលនយោបាយដ៏មោះមុតនៃការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណទាំងឡាយ អាចនឹងបញ្ចប់ការប៉ះពាល់ដល់សារមន្ទីររបស់ទួកគី និងគម្រោងបុរាណវិទ្យាទាំងឡាយ។ លោកស្នើឳ្យមានការសម្រុះសម្រួលមួយ ដែលវត្ថុបុរាណនោះអាចត្រូវបានផ្តល់ដល់សារមន្ទីរជាច្រើននូវការខ្ចីក្នុងរយៈពេល៤០ឆ្នាំ។
ប៉ុន្តែ រដ្ឋមន្រ្តីក្រសួងវប្បធម៌របស់ទួកគី បង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តការទាមទាយកមកវិញនូវវត្ថុបុរាណទាំងនោះ។ លោកបានប្រកាសអំពីកិច្ចព្រមព្រៀងជាមួយប្រទេសក្រិច ដើម្បីរួមកម្លាំងគ្នានៅក្នុងការតស៊ូរបស់ពួកគេ ហើយការចរចារកំពុងបន្តជាមួយប្រទេស អ៊ីតាលី និង អេហ្សីប។
ក្រុមអ្នកសង្កេតការបានព្រមានថា ការជាប់ពាក់ព័ន្ធនៅក្នុងភាពចម្រូងចម្រាស់នេះអាចមានឥទ្ធិពលយូរអង្វែងសម្រាប់សារមន្ទីរបុរាណវិទ្យាធំជាងគេបង្អស់ទាំងឡាយនៅលើពិភពលោក៕
XS
SM
MD
LG