បព្វជិតឥស្លាម Fethullah Gulen ត្រូវបានចោទប្រកាន់ថា ឋិតនៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីពេលថ្មីៗនេះ។ ការចោទប្រកាន់នេះបានធ្វើឱ្យទំនាក់ទំនងរវាងបុរសពីរនាក់ដែលកាលពីពេលមុនត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធមិត្តជិតស្និទ្ធ មានភាពអាក្រក់ឡើងៗ។
លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានបន្ទោសការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះលើពួកអ្នកគាំទ្របព្វជិត Gulen ដែលជាមហាសត្រូវរបស់លោកមានមូលដ្ឋាននៅក្នុងស.រ.អា. ដែលចលនាឈ្មោះ Hizmet របស់បព្វជិតនេះមានវត្តមានប្រកបដោយឥទ្ធិពលនៅក្នុងសង្គមតួកគី ដោយមានរួមបញ្ចូលទាំងបណ្តាញផ្សាយព័ត៌មាន ប៉ូលិស និងអង្គការតុលាការ។
បព្វជិត Gulen បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយថ្កោលទោសយ៉ាងខ្លាំងបំផុតនូវការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ហើយបានបដិសេធជាដាច់ខាតនូវការចោទប្រកាន់ដែលថាលោកនៅពីក្រោយការប៉ុនប៉ងនេះ។
លោក Gulen បាននិយាយថា៖ «គេគួរតែឈ្នះហើយបង្កើតរដ្ឋាភិបាលតាមរយៈដំណើរការនៃការបោះឆ្នោតដោយសេរី និងយុត្តិធ៌ម មិនមែនតាមរយៈការប្រើកម្លាំងទេ។ ខ្ញុំសូមបួងសួងដល់ព្រះអាទិទេពឲ្យជួយដល់ប្រទេសតួកគី ជួយដល់ពលរដ្ឋតួកគី និងក្រុមជនទាំងឡាយដែលកំពុងឋិតនៅក្នុងប្រទេសតួកគី នៅពេលបច្ចុប្បន្ននេះ និងសូមឱ្យស្ថានការណ៍នេះត្រូវបានដោះស្រាយដោយសន្តិវិធីនិងយ៉ាងឆាប់រហ័ស»។
លោក Gulen បានថ្លែងបន្តថា៖ «ក្នុងនាមជាមនុស្សម្នាក់ដែលបានរងទុក្ខវេទនានៅក្រោមរដ្ឋប្រហារយោធាជាច្រើនដងកាលពីប្រាំទសវត្សរ៍មុននេះ វាជាការប្រមាថមើលងាយដោយ នៅពេលដែលខ្ញុំត្រូវបានចោទប្រកាន់ថាមានការទាក់ទិនជាមួយការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ»។
លោកប្រធានាធិបតី Erdogan ប្រឈមមុខនឹងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល និងការស៊ើបអង្កេតអំពីអំពើពុករលួយ។ ប៉ុន្តែលោកបានបន្ទោសបញ្ហារបស់លោកថាដោយសារពួកអ្នកដើរតាមបព្វជិត Gulen និងប្រទេសមហាអំណាចបរទេស។
លោកប្រធានាធិបតីនៃប្រទេសតួកគីរូបនេះ បានចោទប្រកាន់ជាញឹកញយដល់អតីតសម្ព័ន្ធមិត្តរបស់លោកដែលរស់នៅនិរទេសខ្លួនក្នុងរដ្ឋ Pennsylvania នាប៉ែកខាងកើតស.រ.អា.ថា បានខិតខំព្យាយាមរំលំរដ្ឋាភិបាលរបស់លោក។
រដ្ឋាភិបាលស.រ.អា.មិនបានរកឃើញភ័ស្តុតាងច្បាស់អំពីការចោទប្រកាន់កាលពីពេលមុនៗដោយលោក Erdogan ទេ៕