ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី​តួកគី​ប្រកាស​ថាការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ត្រូវ​បាន​បង្រ្កាប​​


ប្រជាជននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារដោយការលើកទង់ជាតិដាក់លើកំពូលវិមាន។
ប្រជាជននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារដោយការលើកទង់ជាតិដាក់លើកំពូលវិមាន។

លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan បាន​ធានា​ជា​ថ្មី​ឡើងវិញ​ថា លោក​ជា​អ្នក​កាន់​អំណាច​ក្នុង​ប្រទេស​តួកគី ហើយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដោយ​សមាជិក​របស់​យោធា​មួយ​ចំនួន​បាន​បញ្ចប់​ហើយ។ ក៏​ប៉ុន្តែ​សម្លេង​គ្រាប់បែក​ផ្ទុះ​និង​ស្នូរ​កាំភ្លើង​នៅ​តែ​បន្ត​ឮ​សូរ​នៅ​ទូទាំង​រដ្ឋធានី អង់ការ៉ា និង​ទី​ក្រុង អ៊ីសស្តង់ប៊ុល រហូត​ដល់​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ហើយ​គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​នរណា​ជា​អ្នកគ្រប់គ្រង​ទីស្នាក់ការ​យោធា​នៅ​ក្នុង​រដ្ឋធានី អង់ការ៉ា។ ​

លោក​នាយករដ្ឋមន្ត្រី Binali Yildrim បាន​ថ្លែង​សុន្ទរកថាកាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ដោយ​បាន​ហៅ​រាត្រី​នោះ​ថា​ជា​ស្រមោល​ខ្មៅ​សម្រាប់​ប្រទេស​តួកគី។ ​

លោក​បាន​មាន​ប្រសាសន៍​ថា «ឥឡូវ​នេះ ដំណាក់កាល​ទី​១​នៃ​ហេតុការណ៍​នេះ បាន​មក​ដល់​ទីបញ្ចប់​ហើយ។» ដោយ​លោក​បាន​បញ្ជាក់​ថា សកម្មភាព​ដែល​ទាហាន​និង​មន្ត្រី​២៨៣៩​នាក់​បាន​ធ្វើ​រដ្ឋប្រហារ​នឹង​ត្រូវ​ទទួល​ទោស​ពេញលេញ។

បច្ចុប្បន្ន​នេះ ទោសប្រហារ​ជីវិត​មិន​ត្រូវ​បាន​អនុញ្ញាត​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​តួកគី​នោះ​ទេ ប៉ុន្តែ​លោក Yildrim បានលើកឡើង​ថា រដ្ឋាភិបាល​ប្រហែល​ជា​ស្វះស្វែង​កែប្រែ​ច្បាប់​នេះ។ ចាប់​តាំង​សេចក្តីប្រកាស​នេះ​បាន​ចេញ​ផ្សាយ ប្រយោគ​ដែល​ថា «ខ្ញុំ​ចង់​ឲ្យ​មាន​ទោសប្រហារ​ជីវិត» បាន​ក្លាយ​ជា​ប្រយោគ​ពេញនិយម​នៅ​លើ​បណ្តាញ​សង្គម Twitter នៅ​ក្នុង​ប្រទេស​តួកគី។ ​

លោក Erdogan បាន​ជិះយន្តហោះ​ទៅ​កាន់​ទីក្រុង អ៊ីស្តង់ប៊ុល​ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដោយ​បាន​ថ្កោលទោស​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ​ ថា​ជា​សកម្មភាព​ក្បត់ជាតិ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ដែល​លោក​បាន​ពិពណ៌នា ​ថា​ជា​មន្ត្រី​យោធា​ទុច្ចរិត។ ​

លោក​បាន​ថ្លែង​ទៅ​កាន់​ហ្វូង​មនុស្ស​ដែល​គ្រវី​ទង់ជាតិ​តួកគី នៅ​ខាងក្រៅ​អាកាសយានដ្ឋាន Ataturk ក្នុង​ទីក្រុង អ៊ីស្តង់ប៊ុល ថា «ពួកគេ​បាន​លើក​កាំភ្លើង​របស់​ប្រជាពលរដ្ឋ​ភ្ជង់​ប្រជាពលរដ្ឋ​ខ្លួន​ឯង។ រដ្ឋាភិបាល​ដែល​ទទួល​បាន​អំណាច​ដោយសារ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​នេះ គឺ​ជា​អ្នកគ្រប់គ្រង​ប្រទេស។ ពួកគេ​នឹង​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ដរាបណា​យើង​ពួតដៃ​គ្នា​ប្រឆាំង​នឹង​ពួកគេ​ដោយ​ប្រថុយ​នឹង​អ្វីៗ​គ្រប់​យ៉ាង។»​

នៅ​ក្នុង​សុន្ទរកថា​ដែល​ផ្សាយ​តាម​ទូរទស្សន៍​កាល​ពី​មុន​នេះ លោក Umit Dundar អគ្គសេនាធិការ​ស្តីទី​បាន​កោតសរសើរ​អំពី​សហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋតួកគី ប៉ុន្តែលោក​បាន​ព្រមាន​ថា សកម្មភាព​របស់​ទាហាន​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​នេះ​នឹង​មិន​ត្រូវ​អភ័យទោស​ឲ្យ​បាន​ដោយ​ងាយស្រួល​នោះ​ទេ៕

XS
SM
MD
LG