ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រទេសតួកគីបានលាលែងពីតំណែងបន្ទាប់ពីបានបំពេញការងារនេះបានរយៈពេលតិចជាងមួយឆ្នាំ។
លោកឯកអគ្គរដ្ឋទូត Hansjoerg Haber ដែលបានកាន់តំណែងនេះកាលពីខែតុលាឆ្នាំមុន មិនបានផ្តល់មូលហេតុនៅពីក្រោយការលាលែងពីតំណែងនេះទេ។
ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពេលដែលមានភាពតានតឹងរវាងទំនាក់ទំនងប្រទេសតួកគីនិងសហភាពអឺរ៉ុប ដោយសារតែតួកគីមិនបានបំពេញទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងលក្ខណៈប្រវត្តិសាស្រ្តមួយ ដែលនឹងអនុញ្ញាតឲ្យពលរដ្ឋតួកគីអាចធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបដោយមិនចាំបាច់មានទិដ្ឋាការ។ ជាថ្នូរនឹងលក្ខខណ្ឌនេះ ប្រទេសតួកគីត្រូវធ្វើការទប់ស្កាត់លំហូរចូលនៃជនភៀសខ្លួន។
សហភាពអឺរ៉ុបបានស្នើឲ្យប្រទេសតួកគីពន្យល់អត្ថន័យច្បាប់ភេរវកម្មនិងច្បាប់ប្រឆាំងអំពើភេរវកម្មឲ្យកាន់តែលម្អិត ដោយច្បាប់ទាំងពីរនេះត្រូវបានប្រើប្រាស់ដើម្បីផ្តល់មូលហេតុក្នុងការចាប់ខ្លួនអ្នកកាសែតនិងសាស្រ្តាចារ្យ។
ប៉ុន្តែនាយករដ្ឋមន្ត្រីតួកគី Binali Yildrim បានមានប្រសាសន៍ថា ច្បាប់ទាំងនេះនឹងមិនកែប្រែនោះទេ ទោះជាក្រោមលក្ខខណ្ឌណាមួយក៏ដោយ។
លោក Haber បានរិះគន់ពីភាពស្ទាក់ស្ទើររបស់តួកគីក្នុងការបំពេញទៅតាមលក្ខខណ្ឌដែលនៅសេសសល់របស់កិច្ចព្រមព្រៀងនេះដោយនិយាយយ៉ាងដូច្នេះថា «យើងមានសុភាសិតមួយនិយាយថា ចាប់ផ្តើមដូចពួកតួកគីនិងបញ្ចប់ដូចពួកអាល្លឺម៉ង់។ ប៉ុន្តែឥឡូវនេះ ការអនុវត្តផ្ទុយពីសុភាសិតនេះទៅវិញ។» នេះគឺជាសម្តីដែលត្រូវបានគេមើលឃើញថា ជាការប្រមាថយ៉ាងខ្លាំងនៅក្នុងប្រទេសតួកគី។
លោកHaber កាលពីមុននេះ គឺជាមន្ត្រីការទូតអាល្លឺម៉ង់ប្រចាំនៅរដ្ឋធានី អង់ការ៉ា ប្រទេសតួកគី ចន្លោះឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៦៕