កងកម្លាំងសន្តិសុខទុយណេស៊ីនិយាយថា ពួកគេបានសម្លាប់ជនជាប់សង្ស័យខ្លាំងជាងគេនៅក្នុងការវាយប្រហារដ៏ប្រល័យនៅឯសារមន្ទីរដែលបានយកក្រុមអ្នកទេសចរបរទេសជាទីដៅនៃការវាយប្រហារ នៅពេលដែលមនុស្សរាប់ម៉ឺននាក់បានដើរក្បួននៅតាមវិថីនានាក្នុងរដ្ឋធានីដើម្បីបរិហាររិះគន់ភាពជ្រុលនិយម។
ទីភ្នាក់ងារព័ត៌មាន TAP របស់រដ្ឋនៃប្រទេសទុយណេស៊ី បានផ្សាយថាឈ្មោះ Abou Sakhr Lokman ជាមួយជន៨នាក់ទៀតបានត្រូវសម្លាប់កាលពីយប់ថ្ងៃសៅរ៍នៅក្នុងកិច្ចប្រតិបត្តិការប្រឆាំងនឹងភេរវកម្មមួយនៅក្នុងតំបន់ Gafsa នៅជិតព្រំដែននៃប្រទេសអាល់ហ្សេរី។
ក្រុមមន្ត្រីបាននិយាយថា ក្រុមរបស់ Lokman ដែលមានចំណងទាក់ទងជាមួយបណ្តាញក្រុមអាល់កៃដា (al-Qaida) ក្នុងផ្នែកខាងជើងនៃទ្វីបអាហ្វ្រិក បានចាត់ចែងការវាយប្រហារកាលពីថ្ងៃទី១៨ខែមីនានៅឯសារមន្ទីរ Bardo ដែលបានបណ្តាលឲ្យក្រុមអ្នកទេសចរបរទេស២១នាក់ និងប៉ូលិសទុយណេស៊ីម្នាក់ស្លាប់។
កាលពីថ្ងៃអាទិត្យ មនុស្សរាប់ម៉ឺននាក់បានដើរក្បួនតាមផ្លូវនានានៃក្រុង Tunis ដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សាជ្រុលនិយមនៅក្នុងប្រទេស។ក្រុមមេដឹកនាំមកពីប្រទេសមួយចំនួនដោយមានរួមបញ្ចូលប្រទេសបារាំង និងប្រទេសអ៊ីតាលីបានចូលរួមជាមួយក្រុមមេដឹកនាំទុយណេស៊ី ក្នុងការដើរក្បួនពីមន្ទីររបស់រដ្ឋាភិបាលនៅក្នុងសង្កាត់ Bab Es-Saadoun ទៅកាន់សារមន្ទីរ Bardo៕