លោកប្រធានាធិបតីទុយណេស៊ី Beji Essebsi បានមានប្រសាសន៍កាលថ្ងៃអាទិត្យថា ជនប្រដាប់អាវុធទីបីនៅក្នុងការសម្លាប់រង្គាលក្រុមអ្នកទេសចរនៅឯសារមន្ទីរជាតិរបស់ប្រទេសរត់រួចនៅទ្បើយ។
លោក Essebsi បាននិយាយប្រាប់ក្រុមអ្នកធ្វើកិច្ចសម្ភាសន៍របស់ទូរទស្សន៍បារាំងនៅក្នុងសារមន្ទីរជាតិ Bardo ក្នុងក្រុង Tunis ថា «ជនប្រដាប់អាវុធពីរនាក់បានត្រូវប្រហារជីវិត ក៏ប៉ុន្តែម្នាក់ទៀតមិនទាន់បានត្រូវចាប់ខ្លួននៅទ្បើយទេ។ក៏ប៉ុន្តែបុគ្គលរូបនោះមិនទៅឆ្ងាយណាស់ណាទេ»។
សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីទុយណេស៊ីជាការនិយាយលើកដំបូងដោយក្រុមមន្ត្រី ដែលថាមានជនប្រដាប់អាវុធបីនាក់នៅក្នុងការវាយប្រហារកាលពីថ្ងៃពុធដែលបានបណ្តាលឲ្យមនុស្ស២១នាក់ស្លាប់ដែលទាំងអស់គ្នាលើកលែងតែម្នាក់ចេញ សុទ្ធតែជាក្រុមទេសចរបរទេស។
ក្រសួងមហាផ្ទៃនៃប្រទេសទុយណេស៊ី បានចេញផ្សាយវីដេអូកាមេរ៉ាសន្តិសុខដែលបានបង្ហាញឲ្យឃើញបុរសពីរនាក់មានកាំភ្លើងវែងដើរចូលក្នុងសារមន្ទីរនោះ។នៅចំណុចមួយ ពួកគេបានជួបបុរសទីបីដែលមានកាបូបស្ពាយមួយ។ពួកគេបានស្គាល់គ្នាទៅវិញទៅមកក្នុងរយៈពេលខ្លីហើយបន្ទាប់មកបានដើរទៅកាន់ទិសផ្សេងគ្នា។
លោក Essebsi បានមានប្រសាសន៍ប្រាប់ទស្សនាវដ្តី Paris Match កាលពីថ្ងៃសៅរ៍ថា មានបរាជ័យខាងសន្តិសុខនៅក្នុងសារមន្ទីរនោះដែលជាស្ថាប័នវប្បធម៌សំខាន់មួយក្នុងផ្នែកខាងជើងនៃទ្វីបអាហ្វ្រិក៕