ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្ធិសញ្ញា​ត្រី​ធូណា​កំពុង​ស្ថិត​ក្នុង​ឧបសគ្គ


ត្រី​ធូណា​ភ្នែក​ធំ ដែល​ចាប់​បាន​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ ត្រូវ​បាន​គេ​បង្ហាញ​នៅ​កន្លែង​កែច្នៃ​ត្រី​មួយ​នៅ​ក្នុង​ក្រុង San Francisco រដ្ឋ California។
ត្រី​ធូណា​ភ្នែក​ធំ ដែល​ចាប់​បាន​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ ត្រូវ​បាន​គេ​បង្ហាញ​នៅ​កន្លែង​កែច្នៃ​ត្រី​មួយ​នៅ​ក្នុង​ក្រុង San Francisco រដ្ឋ California។

សន្ធិសញ្ញា​ត្រី​ធូណា​ដែល​មាន​អាយុ​កាល​មួយ​ទសវត្សរ៍​ រវាង​ស.រ.អា និង​ប្រជាជាតិ​កោះ​ប៉ាស៊ីហ្វិក​ ត្រូវ​បាន​បំផ្លាញ​បន្ទាប់ពី​កប៉ាល់​អាមេរិក​ជា​ច្រើន​គ្រឿង​មិន​គោរព​ទៅ​តាម​ការ​សន្យា។

សន្ធិសញ្ញា​ត្រី​ធូណា​ (Tuna) ដែល​មាន​អាយុ​កាល​មួយ​ទសវត្សរ៍​ រវាង​សហរដ្ឋ​អាមេរិក និង​ប្រជាជាតិ​កោះ​ប៉ាស៊ីហ្វិក​ ត្រូវ​បាន​បំផ្លាញ​បន្ទាប់ពី​កប៉ាល់​អាមេរិក​ជា​ច្រើន​គ្រឿង​មិន​គោរព​ទៅ​តាម​ការ​សន្យា​ចំពោះ​ចំនួន​ថ្ងៃ​ដែល​ខ្លួន​ត្រូវ​បង់​ប្រាក់​ដើម្បី​អាច​នេសាទ​បាន។

ការ​មិន​បង់​ប្រាក់​ថ្លៃ​នេសាទ​របស់​ទូក​នេសាទ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឲ្យ​ខូច​ដល់​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០១៧​ សម្រាប់​ប្រជាជាតិ​តូចៗ​ ដូចជា​ប្រជុំ​កោះ Solomon និង​ប្រជុំ​កោះ Marshall ​ដែល​ចំណូល​ពី​ការ​នេសាទ​ជា​ធាតុ​យ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​របស់​ពួកគេ។​

លោក James Movick គឺ​ជា​នាយក​គ្រប់គ្រង​ទូទៅ​របស់​ទីភ្នាក់ងារ​នេសាទ​នៃ​វេទិកា​កោះ​ប៉ាស៊ីហ្វិក (Pacific Islands Forum Fisheries Agency) ដែល​ជា​ភ្នាក់ងារ​គ្រប់គ្រង​រដ្ឋបាល​នៃ​សន្ធិសញ្ញា​ត្រី​ធូណា (Tuna) នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង។ លោក​និយាយ​ថា៖

«វា​ពិត​ជា​រឿង​មិនគួរ​កើត​ឡើង​ទាល់​តែ​សោះ​ ហើយ​វា​ទំនង​នឹង​ក្លាយ​ជា​វិបត្តិ​ពិត​ប្រាកដ​ជាក់​ជា​មិន​ខាន»។​

លោក​ Brian Hallman​ ដែល​ជា​នាយក​សមាគម​ទូក​នេសាទ​ត្រី​ធូណា ​របស់​អាមេរិក​ បាន​និយាយ​ថា ម្ចាស់​កប៉ាល់​នេសាទ​ទាំង​នោះ​តាំង​ចិត្ត​បង់​ប្រាក់​ចំនួន​៤០​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​ប្រជុំ​កោះ​ទាំង​នេះ​ សម្រាប់​បាន​សិទ្ធិ​ក្នុង​ការ​នេសាទ​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ចំនួន​នេះ​ខុស​គ្នា​ឆ្ងាយ​ពី​ចំនួន​ទឹក​ប្រាក់​ដែល​បាន​ព្រម​ព្រៀង​ត្រូវ​បង់​មាន​ចំនួន​៨៩​លាន​ដុល្លារ​ តាម​សន្ធិសញ្ញា​ដែល​គ្រប់គ្រង​លើ​ការ​នេសាទ​រយៈពេល​ជាង​៥.៧០០ថ្ងៃ។

លោក​ Brian Hallman និយាយ​ថា៖ «បើ​តាម​ជាក់​ស្តែង​ និង​តាម​ទស្សនៈ​សេដ្ឋកិច្ច​ យើង​មិន​អាច​ប្រមូល​ប្រាក់​ទាំង​នោះ​បាន​ទេ ពីព្រោះ​ទូក​នេសាទ​ជា​ច្រើន​កំពុង​ក្ស័យ​ធន និង​កំពុង​បាត់​ខ្លួន»។

ភាគី​អាមេរិក​ចង់​កាត់​បន្ថយ​ថ្ងៃ​នេសាទ​ចំនួន​២.០០០​ថ្ងៃ​ ដែល​ពួកគេ​ត្រូវ​បង់​សម្រាប់​ទូក​នេសាទ​ចំនួន​៣៧​គ្រឿង​ ដោយសារ​តែ​តម្លៃ​ត្រី​ប្រភេទ​ skipjack Tuna​ ទំហំ​មធ្យម​ក្នុង​ចំណោម​ត្រី​ដែល​រក​បាន ​បាន​ធ្លាក់​តម្លៃ​នៅ​ក្រោម​១.០០០ដុល្លារ​ក្នុង​មួយ​តោន។​

ទូក​នេសាទ​អាមេរិក​ធ្វើ​ការ​នេសាទ​ប្រភេទ​ត្រី​នៅ​តំបន់​ត្រូពិច​ ដែល​ភាគ​ច្រើន​ជា​ប្រភេទ​ត្រី​ skipjack Tuna ក៏​ប៉ុន្តែ​ក៏​មាន​ប្រភេទ​ត្រី​ធូណា​ភ្នែក​ធំ និង​ត្រី​ធូណា​ព្រុយ​លឿង​ផងដែរ​ ដែល​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ត្រី​ធូណា​ កំប៉ុង​នៅ​ទូទាំង​ពិភពលោក​មាន​ទឹក​ប្រាក់​ប្រចាំ​ឆ្នាំ​ច្រើន​ដល់​ទៅចំនួន​១៥លានលាន ​(ទ្រីលាន)​ ដុល្លារ។

គ្មាន​ភាគី​ណាមួយ​និយាយ​ដោយ​បើក​ចំហថា ​សន្ធិសញ្ញា​ត្រី​ធូណា​ ដែល​បាន​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ​១៩៨៨​នោះ​កំពុងតែ​មាន​បញ្ហា​នោះ​ទេ​ គឺ​គ្រាន់តែ​និយាយ​ថា ការ​កែប្រែ​ជា​ច្រើន​ត្រូវ​តែ​ធ្វើ​ដោយ​មិន​អាច​ចៀស​បាន។

ក្រសួង​ការ​បរទេស​អាមេរិក​ បាន​ប្រាប់ VOA​ ដោយ​ទទួល​ស្គាល់​ថា៖ «ការអនុវត្តន៍សន្ធិសញ្ញា​ត្រី​ធូណា​ នា​ពេល​បច្ចុប្បន្ន​នេះ​មិន​អាច​ឋិតថេរ​ដូច​ការ​គ្រោង​ទុក​ ឬ​មិន​មាន​ស្ថេរភាព​ក្នុង​រយៈពេល​វែង​នោះ​ទេ» ​ហើយ​បទដ្ឋាន​ថ្មី​មួយ​សម្រាប់​ការ​នេសាទ​ និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បរិស្ថាន​ ចាំ​បាច់​ត្រូវ​តែ​មាន​ការ​គិតគូរ​ឡើង​វិញ។

ម្ចាស់​ទូក​នេសាទ​អាមេរិក​បាន​ទទួល​ការ​ព្រមាន​មិន​ឲ្យ​ធ្វើ​ការ​នេសាទ​នៅ​ក្នុង​ឆ្នាំ​២០១៤ នៅ​ពេល​ដែល​ប្រទេស​គិរីបាទី (Kiribati) ដែល​មាន​ប្រជាជនប្រមាណ​តែ​១០០.០០០នាក់​ ប៉ុន្តែ​គ្រប់គ្រង​លើ​ផ្ទៃ​ទឹក​តំបន់​នេសាទ​ត្រី​ធូណា​ច្រើន​បំផុត​ បាន​មាន​ទំនាស់​បែក​បាក់​គ្នា​ជាមួយ​ក្រុម​តំបន់​នេសាទ​ទាំង​នោះ ហើយ​បាន​ចាប់​ផ្តើម​ហាម​ឃាត់​ទូក​នេសាទ​មិន​ឲ្យ​នេសាទ​ ក្រៅ​តែ​ពី​ទូក​មក​ពី​ប្រទេស​ចិន និង​តៃវ៉ាន់។

ប្រទេស​មួយ​ចំនួន​ដូច​ជា​ ប្រទេស​ណូវែលសេឡង់ ​(New Zealand)​ បាន​តស៊ូ​មតិ​ឲ្យ​ផ្លាស់​ប្តូរ​ពី​គម្រោងបង់​ប្រាក់​តាម​ចំនួន​ថ្ងៃ​នេសាទ​ ដែល​បាន​ជំរុញ​ឲ្យ​ប្រទេស​ជា​កោះ​នេះបង្កើន​ថ្លៃ​នេសាទ​ ឲ្យ​ទៅ​ជា​ការ​បង់​ប្រាក់​ដោយ​ផ្អែក​លើ​បរិមាណ​ត្រី​ដែល​ចាប់​បាន​វិញ។ ប៉ុន្តែ​ ប្រទេស​ជា​កោះ​ទាំង​នោះ​ មិន​ចង់​បានការផ្លាស់​ប្តូរ​ដូច្នេះ​ឡើយ។​

ក្រុម​អ្នក​ការពារ​បរិស្ថាន​ក៏​ចង់​ឲ្យ​សន្ធិសញ្ញា​នេះ​មាន​ការ​កែប្រែ​ឲ្យ​ល្អ​ជាង​មុន​ផង​ដែរ​ ដើម្បី​ការពារ​អំបូរ​ត្រី​ដូច​ជា​ត្រី​ឆ្លាម​ និង​កូន​ត្រី​ធូណា​ភ្នែក​ធំ​ ដែល​ជាប់​នៅ​ក្នុង​សំណាញ់​ក្រឡា​ល្អិតៗ​ដោយ​អចេតនា​ ដែល​សំណាញ់​ធំៗ​ទាំង​នោះ​ប្រើ​សម្រាប់​ចាប់​ត្រី​ទាំង​ហ្វូង​មិន​ថា​តូចមិន​ថា​ធំ។

លោក ​John Hocevar ​ជា​នាយក​យុទ្ធនាការ​សមុទ្រ​នៃ​អង្គការ​សន្តិភាព​បៃតង​នៅ​សហរដ្ឋ​អាមេរិក (Greenpeace ​USA ​និយាយ​ថា៖

«ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ប្រើប្រាស់​ប្រាក់ពន្ធឲ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ជួយ​ចេញ​បដិភាគ​ទូក​នេសាទ​ត្រី​ធូណា​ ដែល​បំពាក់​ទង់ជាតិ​អាមេរិក​ទាំង​នេះ នោះ​យើង​ចង់​ឲ្យ​មាន​ការ​ដឹកនាំ​ឲ្យ​ខ្លាំង​ជាង​មុន​ផ្នែក​ខាង​អភិរក្ស»។

យោង​តាម​ប្រសាសន៍​របស់​លោក ​Hocevar បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​មាន​ទូក​នេសាទ​អាមេរិក​នៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ គឺ​ប្រសើរ​ជាង​ទូក​របស់​ប្រទេស​ដទៃ​ទៀត ដោយសារ​តែ​រដ្ឋាភិបាល​អាមេរិក​បាន​ដោះស្រាយ​បញ្ហា​បំពាន​ផ្សេងៗ​បាន​ល្អ និង​ដាក់​ឲ្យ​ទូក​នេសាទ​ដែល​ប្រើប្រាស់​ទង់ជាតិ​របស់​ខ្លួន​មាន​ការទទួល​ខុស​ត្រូវ​ជាង​ប្រទេស​ដទៃ។

ក្រសួង​ការ​បរទេសអាមេរិក​និយាយ​ថា ខ្លួន​កំពុង​បន្ត​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​កោះ​ទាំង​នោះ​ ដោយ​សង្ឃឹម​ថា​ នឹង​ឈាន​ដល់​ដំណោះស្រាយ​មួយ​ ក្នុង​ពេល​ដែល​មាន​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ និង​ស្ថានភាព​សេដ្ឋកិច្ច​ប្រែប្រួល​បែប​នេះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG