ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោត​សភា​​អាមេរិក​នៅ​ថ្ងៃអង្គារ​នេះ​​ អាច​​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​​ការ​ជជែក​ដេញដោល​ថ្មី​​ក្នុង​​រដ្ឋធានី​វ៉ាស៊ីនតោន


អ្នក​ថ្មើរជើង​ដើរ​កាត់​ទង់ជាតិ​សហរដ្ឋអាមេរិក​ក្បែរ​វិមាន​សភា​ជាតិ Capitol របស់​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​ដែល​នឹង​កំណត់​ថា​ គណបក្ស​ណា​នឹង​គ្រប់គ្រង​សភា​ទាំង​ពីរ​ថ្នាក់។
អ្នក​ថ្មើរជើង​ដើរ​កាត់​ទង់ជាតិ​សហរដ្ឋអាមេរិក​ក្បែរ​វិមាន​សភា​ជាតិ Capitol របស់​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​ដែល​នឹង​កំណត់​ថា​ គណបក្ស​ណា​នឹង​គ្រប់គ្រង​សភា​ទាំង​ពីរ​ថ្នាក់។

ថ្ងៃ​អង្គារ​នេះ​ គឺជា​ការ​បោះឆ្នោតនៅក្នុង​សហរដ្ឋអាមេរិក​ ដោយ​ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​លាន​នាក់​នឹង​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិកសភា​ដែល​នឹង​កំណត់ពី​ការផ្លាស់​ប្តូរ​ទស្សនៈ​របស់​សភា​សហរដ្ឋ​អាមេរិក​និង​កំណត់​សម្រាប់​ការជជែក​ដេញ​ដោល​ខាង​នយោបាយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​អំឡុង​នៃ​ពាក់​កណ្តាល​អាណត្តិរបស់​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ដែលបាន​កាន់តំណែង​ជា​ប្រធានាធិបតី​អស់រយៈពេល៤ឆ្នាំ។

(សូម​ចូល​ទំព័រ​ពិសេស​អំពី​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ត្រង់​នេះ៖ https://khmer.voanews.com/usmidterms20)

សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ដែល​មាន​អាសនៈ​សរុប​៤៣៥​អាសនៈ​នោះ​នឹងត្រូវប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ហើយអាសនៈ​ព្រឹទ្ធសភាចំនួន​៣៥​ក្នុង​ចំណោម១០០​អាសនៈ​ក៏​នឹងត្រូវ​ធ្វើ​ការ​ប្រកួតប្រជែង​ផង​ដែរ។ ពលរដ្ឋ​អាមេរិកាំង​ប្រមាណ​ជាង​៤២​លាន​នាក់ ​បាន​ធ្វើការ​បោះឆ្នោត​តាម​ប្រអប់​ប្រៃសណីយ៍​រួច​ហើយ។ អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា ចំនួន​អ្នក​បោះឆ្នោត​សរុប​នៅ​ទូទាំង​អាមេរិក អាច​មាន​ចំនួន​លើស​១១៥​លាន​នាក់​ដែល​ជា​ចំនួន​ដែលបានចូលរួម​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​កាល​ពី​ឆ្នាំ២០១៨។

គណបក្ស​ប្រជាធិបតេយ្យ​នៅ​ពេល​នេះ​កំពុង​គ្រប់គ្រង​ទាំងរដ្ឋសភា​និង​ព្រឹទ្ធសភា​អាមេរិក​ក្នុង​សំឡេង​លើស​បន្តិច​បន្តួច ក៏ប៉ុន្តែ​ការ​ស្ទង់​មតិ​មុន​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នេះបង្ហាញ​ថា​ គណបក្ស​សាធារណរដ្ឋ​ អាច​ទំនង​ជាបាន​គ្រប់គ្រង​រដ្ឋសភា​ ហើយ​ក៏​អាចមាន​លទ្ធភាព​គ្រប់គ្រង​ព្រឹទ្ធសភា​ផង​ដែរ​ដែល​ជា​លទ្ធផល​មួយ​ដែលអាច​នាំ​ទៅ​ដល់​កា​រជាប់គាំង​នយោបាយដូច​ក្នុង​អតីតកាល​នៅពេលដែល​គណបក្ស​មួយគ្រប់គ្រង​សភា​ទាំង​ពីរ​ឬសភា​មួយ​ ហើយ​គណបក្ស​មួយគ្រប់គ្រង​សេតវិមាន​នោះ។


គេហទំព័រ​ស្ទង់មតិនយោបាយដ៏ល្បី​ឈ្មោះ​មួយ​របស់​សហរដ្ឋអាមេរិក ដែល​មាន​ឈ្មោះ​ថា fivethirtyeight.com បានផ្តល់ពិន្ទុ​ចំនួន​៥៥%​ដល់​គណបក្ស​សាធារណរដ្ឋ​ ថា​អាច​មាន​ឱកាសឈ្នះ​គ្រប់គ្រង​ព្រឹទ្ធសភា​អាមេរិក​និង​៨៣%​ថា​មាន​ឱកាស​អាច​ឈ្នះ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការគ្រប់គ្រង​រដ្ឋសភា​អាមេរិក។ គេហទំព័រ​នេះ​ព្យាករណ៍​ថា គណបក្ស​សាធារណរដ្ឋ​នឹង​ឈ្នះ អាសនៈ​រដ្ឋសភា​បន្ថែមចំនួន​១៣​ទៀត​ ដែល​មានចំនួន​អាសនៈ​សរុប​ទាំង​អស់​២២៥​ទល់​នឹង​២១០​របស់​គណបក្ស​ប្រជាធិបតេយ្យ​ ហើយ​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​បាន​សំឡេង១​អាសនៈ​បន្ថែម​ទៀត​នៅក្នុង​ព្រឹទ្ធសភា​ ដែល​ធ្វើ​ឱ្យ​ចំនួនសរុប​អាសនៈ​ព្រឹទ្ធសភារបស់​គណបក្ស​សាធារណរដ្ឋ​មាន​ចំនួន៥១​ទល់​នឹង​៤៩នៃ​គណបក្ស​ប្រជាធិបតេយ្យ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG