ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រឿងរ៉ាវ​ពន្ធដារ​លោក Trump កកូរកកាយ​ការ​ប្រជែង​តំណែង​ជា​ប្រធានាធិបតី


លោក​ Donald Trump បេក្ខជន​​ប្រធានាធិបតី​ស.រ.អា​ខាង​គណបក្ស​សាធារណរដ្ឋ។
លោក​ Donald Trump បេក្ខជន​​ប្រធានាធិបតី​ស.រ.អា​ខាង​គណបក្ស​សាធារណរដ្ឋ។

ឯកសារ​បង់ពន្ធ​ចំនួន​ពីរ​ទសវត្សរ៍​របស់លោក​ Donald Trump បេក្ខជនប្រធានាធិបតី​ស.រ.អា​ខាង​គណបក្ស​សាធារណរដ្ឋ​បានធ្វើឱ្យ​មាន​ការ​កករ​ល្អក់​ដល់ការ​ប្រកួត​ប្រជែង​ដើម្បីតំណែង​ប្រធានាធិបតី​អាមេរិកាំង​ ដោយ​លោកស្រី Hillary Clinton បេក្ខជនប្រធានា​ធិបតី​អាមេរិកាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចោទ​ប្រកាន់លោក​ថា​ ជា​បុគ្គល​ក្លាយ​ទៅ​ជា​អ្នកមាន​ដោយ​ទាញ​យក​អត្ថប្រយោជន៍​ពី​ក្រុម​អ្នកបង់ពន្ធ​ដារ​ជា​ទៀង​ទាត់ នៅ​ពេល​ដែល​ក្រុម​សម្ព័ន្ធមិត្ត​របស់​លោក Trump បានពណ៌នា​ថា​លោក​ជា​ «មនុស្សមាន​ប្រាជ្ញា​ក្រៃ​លែង» ដោយ​បាន​ចៀស​វៀង​ដោយ​ត្រឹមត្រូវ​តាម​ច្បាប់​មិន​បង់ពន្ធ​ដារ​រាប់លាន​ដុល្លារ។​

លោកស្រី​ Clinton បាន​មានប្រសាសន៍​បង្ហាញ​ហេតុផល​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុងការ​ប្រជុំ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ក្នុង​រដ្ឋ​ Ohio នាប៉ែកកណ្តាល​ខាង​លិច​ស.រ.អា​ថា​ លោក Trump «បានទទួល​យក​អត្ថប្រយោជ​ន៍​ពី​ប្រទេស​អាមេរិក​ដោយ​ដៃ​ទាំង​ពីរ​ ហើយ​បានបន្សល់​វិក័យបត្រ​ទុកឱ្យ​យើង​ទាំង​អស់គ្នា»។

លោកស្រី​ Clinton បានលើក​យក​ការ​ចោទ​ប្រកាន់ថ្មីៗ​ទាំងនេះ​មក​និយាយ​ បន្ទាប់​ពី​មានរបាយការណ៍​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​កាសែត​ New York Times បាន​បង្ហាញ​អំពី​ផ្នែកមួយនៃ​ឯកសារ​បង់ពន្ធ​ដាររដ្ឋ​របស់​លោក Trump ដែល​នៅ​ក្នុង​នោះលោក​បាន​ប្រកាស​ថា ​លោករក​ស៊ី​ខាត​៩១៦​លាន​ដុលា្លរ​ក្នុង​កិច្ចប្រតិបត្តិការ​កាស៊ីណូ​និង​របរ​រកស៊ី​ឯទៀតៗ។ ​ការ​ប្រកា​សថា ​លោក​រកស៊ី​ខាត​ច្រើន​បែបនេះ​អាច​ឱ្យ​មហា​សេដ្ឋី​អចលនទ្រព្យ​នេះ​ចៀស​វៀង​ដោយ​ត្រឹមត្រូវ​តាម​ច្បាប់​មិន​ចាំ​បាច់បង់ពន្ធ​លើ​ប្រាក់ចំណូល​រហូត​ដល់១៨​ឆ្នាំ។

លោកស្រី Clinton បានសាកសួ​រថា​ «តើ​មនុស្សមាន​ប្រាជ្ញា​ក្រៃលែង​បែបណា​ដែល​រក​ស៊ី​ខាត​មួ​យ​ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ?»។

លោកស្រី​ Clinton បានមានប្រសាសន៍​ថា​ «លោក Trump តំណាង​ប្រព័ន្ធ​ប្រើ​មធ្យោបាយ​ទុច្ចរិត​ដដែល​ ដែលគាត់និយាយ​ថា​ គាត់នឹង​កែ​ប្រែ។​ បន្ទាប់​ពីគាត់​រក​ស៊ី​ខាតបង់​ប្រាក់នោះទាំង​អស់ ​គាត់​មិន​បាន​ជួយ​និងមិនបានការពារ​ពួក​បុគ្គលិក​គាត់​ ឬ​វិស័យ​ជំនួញ​តូច​តាច ឬ​ពួកអ្នកធ្វើការ​តាមកុងត្រា​ទេ។ ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ នៅ​ពេល​ដែលគាត់ជាប់រវល់ជាមួយ​ពួក​គណនេយ្យករ​របស់គាត់ ដើម្បី​រក​វិធី​បែប​ណា​ឱ្យ​គាត់រស់នៅ​ដូច​ជា​មហា​សេដ្ឋី​មានប្រាក់រាប់ពាន់លាន​ដុល្លារ​តទៅ​ទៀត»៕

XS
SM
MD
LG