ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Donald Trump វាយ​ប្រហារ​អ្នកស្រី​ Hillary Clinton ដោយ​ពិភាក្សា​ពី​កាម​តណ្ហា​​​របស់​លោក Bill Clinton


បេក្ខជន​ប្រធានាធិបតី​គណបក្សសាធារណរដ្ឋ Donald Trump ចុះ​ហត្ថលេខា​លើ​មួក​បន្ទាប់​ពី ការ​ជួបជុំ​នៅ​ Novi រដ្ឋ Mich., កាល​ពី​ថ្ងៃទី​៣០ កញ្ញា ២០១៦។

លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​ស.រ.អា.ខាង​គណបក្ស​សាធារណរដ្ឋបាន​ចាប់ផ្តើម​ផែនការ​មួយ​ដើម្បី​បង្ខូច​កិត្តិយសលោកស្រី​ Hillary Clinton ដែល​ជា​គូ​ប្រជែង​របស់លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យដោយប៉ុនប៉ង​យកការ​មិន​ចេះ​លាក់អាថ៌កំបាំង​ខាង​កាម​តណ្ហា​របស់លោកអតីត​ប្រធានាធិបតី​ Bill Clinton ជា​បញ្ហា​សំខាន់មួយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់លោក។​

នៅ​ក្នុង​សម្ភាសន៍​មួយ​ជាមួយ​កាសែត​ New York Times លោក​ Trump បាននិយាយ​ថា​លោកមានជំនឿថា​ការ​វាយ​ប្រហារ​អវិជ្ជមាន​ទាំង​នេះ​នឹង​ជួយ​ឱ្យលោកមាន​ការគាំទ្រច្រើន​ជាង​មុន​ពី​ពួក​ស្ត្រី​អ្នកបោះឆ្នោត​ដែល​ ២ភាគ​៣​នៃ​ស្ត្រី​ទាំង​នេះ​មិន​ចូលចិត្ត​លោក​ទេ នេះ​បើ​តាម​ការស្ទង់​មតិ។

លោក​ Trump បាននិយាយថា «Hillary មាន​ចិត្ត​កំណាច ក៏​ប៉ុន្តែ​ខ្ញុំ​អាច​មានចិត្តកំណាច​អាក្រក់ជាង​គាត់ទៅទៀត»។

លោក Trump បាន​និយាយ​សម្តៅដល់ស្វាមី​លោកស្រី​ដែល​បានបម្រើការ​ជា​ប្រធានាធិបតី​ស.រ.អា.ពីឆ្​នាំ១៩៩៣​ ដល់ ឆ្នាំ២០០១ ថា «Hillary Clinton បានរៀបការ​ជាមួយ​អ្នករំលោភ​បំពាន​លើស្ត្រី​ខ្លាំង​ជាង​គេបំផុត​តែ​ម្នាក់គត់​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ»។

លោក Trump បានថ្លែង​ប្រាប់​សារព័ត៌មាន​ New York Times ថា «Hillary ជា​អ្នកជួយ​ឱ្យ​មានការ​រំលោភ​បំពាន​ទាំង​នេះ​ហើយ​បន្ទាប់​មកគាត់​បាន​វាយ​ប្រហារ​ពួក​ស្ត្រី​ដែល​ Bill Clinton បាន​ធ្វើ​ប៉ះពាល់​។ ​ខ្ញុំយល់ថា​នេះ​ជាបញ្ហា​ធ្ងន់ធ្ងរ​សម្រាប់ប្តី​ប្រពន្ធ​ពីរ​នាក់នេះ ហើយ​នេះ​ជាអ្វី​ដែល​ខ្ញុំកំពុង​ពិចារណា​លើក​យក​មក​និយាយ​ថែមទៀត​នៅ​ពេល​ខាង​មុខ​ឆាប់ៗនេះ»។

ក្រុម​អ្នកឃោសនា​បោះឆ្នោត​ជូន​លោកស្រី​ Clinton បាន​ខិតខំ​ព្យាយាម​ទប់ទល់នឹង​ការ​វាយ​ប្រហារ​របស់លោក Trump ដោយ​បាន​ផ្សាយ​សំឡេង​របស់​លោក Bill Clinton ពិភាក្សា​អំពី​ជីវភាពជាស្វាមី​ភរិយា​ជាមួយ​លោកស្រី​ Hillary Clinton។

ការ​វាយ​ប្រហារ​តាមពាក្យ​សម្តី​របស់លោក Trump មានឡើង​ទោះបី​ជាមាន​ការ​ពិត​ជាក់ស្តែង​អំពី​អាពាហ៍ពិពាហ៍​ដំបូងរបស់លោក Trump ក្នុង​ចំណោម​អាពាហ៍ពិពាហ៍ទាំង​បី​លើក​របស់​គាត់​បាន​ចប់​ដោយការលែង​លះគ្នា​ បន្ទាប់មហាសេដ្ឋី​អចលនទ្រព្យនេះ​មាន​ទំនាក់ទំនង​ខាង​ស្នេហា​ជាមួយ​នឹងស្ត្រី​ម្នាក់ទៀត​ដែល​បាន​ក្លាយ​ទៅជា​ប្រពន្ធទី​ពីរ​របស់គាត់៕

XS
SM
MD
LG