ដោយសារមានរយៈពេលតែ ៦ សប្ដាហ៍ទៀតប៉ុណ្ណោះ មុនថ្ងៃបោះឆ្នោតរើសប្រធានាធិបតីសហរដ្ឋអាមេរិកចូលមកដល់ បេក្ខជនប្រធានាធិបតីទាំងពីរគឺលោកស្រី Hillary Clinton និងលោក Donald Trump បានត្រឡប់ទៅធ្វើយុទ្ធនាការរបស់ពួកគេវិញកាលពីថ្ងៃអង្គារម្សិលមិញ និងបានធ្វើការរិះគន់ការសម្ដែងឡើងរបស់គូប្រជែងរបស់ខ្លួននៅក្នុងការដេញដោលតទល់គ្នារវាងបេក្ខជនប្រធានាធិបតីទាំងពីរលើកទីមួយ ដែលបានធ្វើឡើងកាលពីយប់ថ្ងៃចន្ទសប្ដាហ៍នេះ។
អ្នកវិភាគឯករាជ្យភាគច្រើនថា លោកស្រី Clinton បានឈ្នះការដេញដោលតទល់គ្នានេះ ហើយលោកស្រីបានទទួលការគាំទ្រកើនឡើងនៅក្នុងការស្ទង់មតិថ្នាក់ជាតិ ដែលការស្ទង់មតិនេះបានបង្ហាញថា លោកស្រីបាននាំមុខលោក Trump ក្នុងកម្រិតតិចតួច។
លោកស្រី Clinton បានថ្លែងប្រាប់អ្នកគាំទ្រលោកស្រីនៅក្នុងរដ្ឋ North Carolina ថា លោក Trump មិនបានរៀបរាប់ឲ្យបានលម្អិតនៅក្នុងការថ្លែងរបស់លោកនៅក្នុងការដេញដោលតទល់គ្នាជាមួយលោកស្រីនោះទេ។
លោកស្រីនិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមានឱកាសនិយាយអំពីចំណុចមួយចំនួនតូចដែលខ្ញុំចង់ធ្វើ ប្រសិនបើខ្ញុំមានសំណាងត្រូវបានជ្រើសរើសជាប្រធានាធិបតី។ ហើយខ្ញុំគិតថា ប្រសិនបើខ្ញុំសុំសន្លឹកឆ្នោតពីអ្នក ខ្ញុំគួរប្រាប់អ្នកអំពីអ្វីដែលខ្ញុំចង់ធ្វើ»។
លោក Trump បាននិយាយបន្ទាប់ពីការដេញដោលតទល់គ្នាបានបញ្ចប់ថា លោកឈ្នះលោកស្រី Clinton នៅក្នុងការដេញដោលនេះ។ ប៉ុន្តែ នៅក្នុងការថ្លែងទៅកាន់អ្នកគាំទ្រលោកនៅក្នុងរដ្ឋ Florida កាលពីថ្ងៃអង្គារម្សិលមិញ លោកថា លោកគួរតែធ្វើបានល្អជាងនេះ នៅក្នុងការដេញដោលតទល់គ្នាកាលពីយប់ថ្ងៃចន្ទ។
លោក Trump ថា៖ «ក្នុងរយៈពេល ៩០ នាទី នៃការដេញដោលនេះ ខ្ញុំបានមើលលោកស្រី Clinton ថ្លែងដោយយកចិត្តទុកដាក់។ ខ្ញុំមិនចង់ធ្វើអ្វីដែលអាចឲ្យលោកស្រីមានការខ្មាសគេនោះទេ»។
បេក្ខជនទាំងពីរនឹងធ្វើការដេញដោលតទល់គ្នាពីរដងទៀតនៅមុនការបោះឆ្នោតថ្ងៃទី ៨ ខែវិច្ឆិកា ចូលមកដល់។ ការដេញដោលតទល់លើកទីពីរនឹងធ្វើនៅថ្ងៃទី ៩ ខែតុលា ខាងមុខនេះ៕