អ្នកនាំពាក្យសេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃចន្ទថារដ្ឋបាលថ្មីនឹងមានគោលការណ៍ «មិនកុហក» អ្នកកាសែតទេ។ អត្ថាធិប្បាយរបស់លោកសន ស្ពៃសឺ កើតមានឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងលោកប្រធានាធិបតីថ្មីនិងអ្នកសារព័ត៌មានដែលគេចាត់តាំងឱ្យតាមយកព័ត៌មានពីសកម្មភាពរបស់លោកនិងសេតវិមានក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនៃរដ្ឋបាលរបស់លោក។
លោក ស្ពៃសឺ បង្ហាញលក្ខណៈមិនសូវប្រឈមមុខដាក់អ្នកកាសែតដូចមុនក្នុងពេលដែលលោកដើរចូលទៅក្នុងបន្ទប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទហើយបានទទួលសួរនិងឆ្លើយសំណួរក្នុងលក្ខណៈផ្លូវការ។
ការណ៍នេះកើតមានឡើងក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីលោក ស្ពៃសឺ បានចោទប្រកាន់អ្នកសារព័ត៌មានថាបានរាយការណ៍ខុសដោយចេតនាពីទំហំនៃហ្វូងមនុស្សដែលបានចូលរួមក្នុងពិធីសម្ពោធចូលកាន់តំណែងរបស់លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃសុក្រ ក្នុងនោះរួមមានការអះអាងនានាដែលផ្ទុយគ្នានឹងរូបថតនិងការវាយតម្លៃផ្លូវការ។
កាលពីថ្ងៃចន្ទអ្នកសារព័ត៌មានបានសួរលោក ស្ពៃសឺ ដោយផ្ទាល់ថាតើលោកនិងរដ្ឋបាលថ្មីនេះនឹងនិយាយការពិតឬទេ។
លោកបានឆ្លើយតបថា៖
«បាទខ្ញុំជឿថាយើងត្រូវតែស្មោះត្រង់ជាមួយនឹងពលរដ្ឋអាមេរិកាំង។ ខ្ញុំគិតថាជួនកាលយើងអាចមិនយល់ស្របគ្នាលើតួលេខខ្លះ។ មានកិច្ចការខ្លះដែលយើងអាចមិនយល់ស្របគ្នាទាំងស្រុង។ ប៉ុន្តែចេតនារបស់យើងគឺមិនដែលចង់កុហកអ្នកលោកទេ»៕