ក្នុងអំឡុងពេលពិសាអាហារពេលល្ងាចរយៈពេល ២ ម៉ោង កន្លះ នៅក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping បានពិភាក្សាគ្នាអំពីទស្សនៈខ្វែងគំនិតគ្នារបស់ពួកគេលើរឿងពាណិជ្ជកម្ម ដែលកាលពីប៉ុន្មានខែកន្លងទៅនេះបានធ្វើឲ្យពួកគេយកពន្ធគយសងសឹកគ្នាទៅវិញទៅមក។
លោក Xi Jinping បានកត់សម្គាល់ឃើញថា លោក និងលោក Trump បានជួបគ្នាលើកចុងក្រោយយូរមកហើយ ហើយ «រឿងជាច្រើនបានកើតឡើង»។
លោក Xi Jinping និយាយដូច្នេះថា៖ «មានតែកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលយើងអាចបម្រើដល់ផលប្រយោជន៍សន្តិភាព និងវិបុលភាពពិភពលោកបាន»។
លោក Trump ទស្សន៍ទាយថា ទំនាក់ទំនងរបស់លោកជាមួយនឹងលោក Xi Jinping នាំឲ្យមានដំណោះស្រាយមួយ។
លោក Trump ថ្លែងដូច្នេះថា៖ «ខ្ញុំគិតថា ក្នុងករណីខ្លះ យើងនឹងឈានដល់ការធ្វើអ្វីមួយដែលល្អបំផុតសម្រាប់ប្រទេសចិន និងល្អបំផុតសម្រាប់សហរដ្ឋអាមេរិក»។
ជំនួបរវាងលោក Trump និងលោក Xi Jinping នៅក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីននេះ ឈានទៅដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងមួយទាក់ទិននឹងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយប្រទេសទាំងពីរឯកភាពគ្នាផ្អាកយកពន្ធគយបន្ថែមទៀតលើទំនិញនាំចូលទៅវិញទៅមក សម្រាប់រយៈពេល ៩០ ថ្ងៃ ដែលនៅក្នុងអំឡុងពេល ៩០ ថ្ងៃនេះ មេដឹកនាំទាំងពីរនឹងចរចាគ្នា។ ចំណុចមួយទៀតដែលទទួលបានពីជំនួបនេះ គឺប្រទេសចិនសន្យាបង្កើនការទិញទំនិញពីសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ ភី សុភាដា