ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និយាយ​អួត​អំពី​ទំនាក់ទំនង​របស់​លោក​ជាមួយ​លោក Xi និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​ចិន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួម​ថតរូប​ជា​ក្រុម​ក្នុង​កិច្ចប្រជុំ G20 កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុង​ក្រុង Buenos Aires។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួម​ថតរូប​ជា​ក្រុម​ក្នុង​កិច្ចប្រជុំ G20 កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុង​ក្រុង Buenos Aires។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃចន្ទ​បាន​និយាយអួត​អំពី​ទំនាក់ទំនង​ដ៏រឹងមាំ​រវាង​លោក ​និង​ប្រធានាធិបតីចិន​លោក Xi Jinping ដោយ​លោក​បាន​ប្រកាស​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេសចិន នឹង​អនុញ្ញាត​ឲ្យ​កសិករ​អាមេរិកាំង​អាច​លក់​ផលិតផល​របស់​ពួកគេ​ឲ្យ​ទីក្រុងប៉េកាំង​បាន​ភ្លាមៗ។

ទីផ្សារ​ភាគហ៊ុន​នានា​នៅ​តំបន់អាស៊ី​និង​អ៊ឺរ៉ុប​បាន​ឡើងថ្លៃ​យ៉ាងខ្លាំង បន្ទាប់​ពី​លោក Trump និង​លោក Xi ដែល​ជា​មេដឹក​នាំ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើនបំផុត​នៅក្នុង​ពិភពលោក​បាន​ព្រមព្រៀងគ្នា​កាល​ពីថ្ងៃសៅរ៍​សប្តាហ៍មុន​នៅក្នុង​ប្រទេស​អាហ្សង់ទីន​ថា​ផ្អាក​ការ​ដំឡើង​ពន្ធគយ​លើ​ទំនិញ​នាំចេញ​ទៅវិញ​ទៅមក​របស់​ប្រទេស​ទាំងពីរ​រយៈពេល​៩០ថ្ងៃ ខណៈ​ប្រទេសទាំងពីរ​កំពុង​ពិភាក្សា​លម្អិត​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ។

ទីផ្សារ​ភាគហ៊ុន​ទីក្រុងញ៉ូវយ៉ក​ក៍បាន​ឡើងថ្លៃ​យ៉ាងខ្លាំង​កាល​ពីថ្ងៃចន្ទ​ម្សិលមិញ។ លោក Trump បាន​បង្ហោះសារ​នៅលើ Twitter ថា «កិច្ចប្រជុំ​របស់ខ្ញុំ​នៅ​ប្រទេស​អាហ្សង់ទីន​ជាមួយ​លោក​ប្រធានាធិបតី Xi ​គឺ​ពិតជា​អស្ចារ្យ។ ទំនាក់ទំនង​របស់​យើង​ជាមួយ​ចិន​នឹង​ទទួល​ផលវិជ្ជមាន​នៅពេល​ខាងមុខ។ រឿងរ៉ាវ​ល្អៗ​ជាច្រើន​នឹង​កើតឡើង​នៅពេល​ខាងមុខនេះ»។

សហរដ្ឋអាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​គិតជា​ទឹកប្រាក់​ចំនួន៣៣៥,៤ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ២០១៧។ លោក Trump បាន​ថ្លែង​ថា​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​យើង​កំពុង​ដោះស្រាយ​ដោយចាប់​ផ្តើម​ពីការពង្រឹង​ទំនាក់ទំនង​របស់​យើង​ ហើយ​ប្រទេសចិន​ក៏​ដូចគ្នាដែរ​ គឺ​នឹង​ទទួល​បាន​ផលវិជ្ជមាន​ជាច្រើន​ប្រសិន​បើ​និងនៅពេល​ដែល​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​ចុះហត្ថលេខា»។

មេដឹកនាំ​សហរដ្ឋអាមេរិក​រូបនេះ​បាន​និយាយ​ថា​កសិករ​អាមេរិកាំង​នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ក្នុង​ពេលឆាប់ៗ​ខាងមុខ​នេះ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន។ ចិន​ចង់​ចាប់ផ្តើម​ទិញ​ទំនិញ​កសិកម្ម​របស់​យើង​ភ្លាមៗ។ យើង​ផលិត​ទំនិញ​មាន​គុណភាព​ល្អ​បំផុត​ និង​មាន​អានាម័យ​បំផុត​នៅក្នុង​ពិភពលោក។ នេះ​ជា​អ្វី​ដែល​ចិន​ចង់​បាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG