ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​ចិន​ផ្ដល់​ទស្សនៈ​ប្រជែង​គ្នា​ដល់​ប្រទេស​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក


មេដឹកនាំ​នានា​សាទរ​ចំបោះ​ការ​ចុះ​ហត្ថលេខា​រួម​កិច្ចព្រមព្រៀង​អគ្គិសនី ក្នុង​កិច្ចប្រជុំ APEC នៅ​ក្រុង Port Moresby ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រទេស​ចិន​ត្រូវ​បាន​គេ​ឃើញ​ថា បាន​ធ្វើ​ការ​វិនិយោគ​ជា​ច្រើន​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea)។

ឆ្លើយតប​ទៅ​នឹង​វត្តមាន​កើន​ឡើង​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បាន​បង្ហាញ​នូវ​គម្រោង​ផ្ដួចផ្ដើម​មួយ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ១ ពាន់ ៧ រយ​លាន​ដុល្លារ​អាមេរិក ដោយ​ធ្វើ​ការ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​មួយ​ចំនួន ដើម្បី​ផ្ដល់​អគ្គិសនី និង​អ៊ីនធឺណិត​ដល់​តំបន់​ភាគ​ច្រើន​នៃ​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​កំពុង​ធ្វើការ​ជាមួយ​នឹង​ប្រទេស​អូស្ត្រាលី​ផង​ដែរ ដើម្បី​សាងសង់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​មួយ​នៅ​កោះ Manus ។ វិធានការ​ទាំង​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ជំហាន​មួយ​ចំនួន​ដើម្បី​តទល់​នឹង​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន។

លោក Mike Pence មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «កាល​ពី​ឆ្នាំ​ទៅ លោក​ប្រធានាធិបតី ត្រាំ បាន​បង្ហាញ​នូវ​ចក្ខុវិស័យ​មួយ​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​ភាព​សេរី និង​បើក​ចំហ ហើយ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​នេះ​នៅ​ក្នុង​ពិភពលោក​គឺ​រឹងមាំ​ជាង​ពេល​ណាៗ​ទាំង​អស់។ យើង​ជឿ​ជាក់​ថា ការ​ប្រកាស​ដូច​នេះ​នៅ​ថ្ងៃ​នេះ និង​ការ​ចូលរួម​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ប្រកាស​រួម​នេះ គឺ​ជា​ភស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​ថា សហរដ្ឋ​អាមេរិក និង​ពាណិជ្ជករ​របស់​យើង​កំពុង​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​នេះ​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់»។

ការ​ខ្វែង​គំនិត​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​ចិន បាន​គ្រប​ដណ្ដប់​ភាគ​ច្រើន​លើ​កិច្ចប្រជុំ​ទាំង​នេះ។ ភាគី​ទាំង​ពីរ​បាន​ប្រើ​ពាក្យ​ចំៗ​ដាក់​គ្នា​ទៅវិញ​ទៅមក។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ថ្លែង​ថា៖ «ច្បាប់​ត្រូវតែ​បង្កើត​ឡើង​រួម​គ្នា​ដោយ​សហគមន៍​អន្តរជាតិ មិន​មែន​ដោយ​ប្រទេស​ណា​មួយ​ដែល​មាន​ឥទ្ធិពល និង​អំណាច​ខ្លាំង​ជាង​គេ​នោះ​ទេ។ នេះ​មិន​ចាំបាច់​និយាយ​ដល់​ការ​ប្រើ​វិធានការ​បែប​ប្រយោជន៍​និយម និង​ស្តង់ដារ​ពីរ​ផង»។

សហរដ្ឋ​អាមេរិក បាន​ដាស់តឿន​បណ្ដា​ប្រទេស​នានា​មិន​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នៃ​ការទូត​បំណុល​របស់​ប្រទេស​ចិន។

លោក Mike Pence បាន​បញ្ជាក់​ថា៖ «សូម​កុំ​ជំពាក់​បំណុល​បរទេស​ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​របស់​អ្នក សូម​ការពារ​ផល​ប្រយោជន៍​របស់​អ្នក សូម​ថែ​រក្សា​ឯករាជ្យ​ភាព​របស់​អ្នក​ឲ្យ​ដូច​សហរដ្ឋ​អាមេរិក គឺ​តែងតែ​ផ្ដល់​អាទិភាព​លើ​ប្រទេស​របស់​អ្នក​ជា​មុន»។

ប៉ុន្តែ បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ចង់​ធ្វើការ​ជាមួយ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នៅ​លើ​ពិភពលោក​នេះ រួម​ទាំង​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​ផង​ដែរ។

លោក Peter O'Neill នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ និយាយ​ដូច្នេះ​ថា៖ «កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​បន្ត​លើក​កម្ពស់​ដល់​ការ​អភិវឌ្ឍ​នៃ​ប្រទេស​របស់​យើង​នីមួយៗ និង​សេដ្ឋកិច្ច​របស់​យើង។ ហើយ​សម្រាប់​បញ្ហា​ប្រឈម​ដែល​មាន​នៅ​ចំពោះ​មុខ​យើង​នេះ គឺ​ពួក​យើង​អាច​ដោះស្រាយ​រួម​គ្នា ដោយ​ការ​ធ្វើការ​ជាមួយ​គ្នា»។

ការ​ប្រកួត​ប្រជែង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន និង​ទស្សនៈ​ផ្ទុយ​គ្នា​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ APEC មាន​ការ​លំបាក​នៅ​ក្នុង​ការ​សម្រេច​បាន​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ៕

ប្រែ​សម្រួល​ដោយ ហេង រស្មី

XS
SM
MD
LG