ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នឹង​មិន​បិទ​រដ្ឋាភិបាល​ម្តងទៀត​ពាក់ព័ន្ធ​នឹង​ជញ្ជាំង​ព្រំដែន​ទេ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ អំពី​ការ​ជួញដូរ​មនុស្ស​នៅ​ព្រំដែន​ខាង​ត្បូង នៅ​សេតវិមាន កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ អំពី​ការ​ជួញដូរ​មនុស្ស​នៅ​ព្រំដែន​ខាង​ត្បូង នៅ​សេតវិមាន កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ច្រានចោល​លទ្ធភាព​នៃ​ការ​បិទ​ផ្នែកខ្លះ​នៃ​រដ្ឋាភិបាល​ម្តង​ទៀត​ដើម្បី​ទទួល​បាន​ថវិកា​សង់ជញ្ជាំង​ព្រំដែន​របស់​លោក​នៅ​ទល់ដែន​ភាគខាងត្បូង​ជាមួយ​ប្រទេស​ម៉ិកស៊ិក។ ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​យ៉ាង​ខ្លាំង​ផងដែរ​ថា​ លោក​មាន​គម្រោង​ប្រកាស​ដាក់​ប្រទេស​ជាតិ​ក្នុង​ស្ថានភាព​អាសន្ន​ដើម្បី​សង់ជញ្ជាំង​ព្រំដែន​ដោយ​មិន​ចាំបាច់​មាន​ការអនុម័ត​ពី​សភា។

លោក Trump បាន​ថ្លែង​តាម​រយៈ​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន CBS ដែល​បាន​ចាក់ផ្សាយ​កាល​ពី​ថ្ងៃអាទិត្យ​មួយ​សប្តាហ៍​បន្ទាប់​ពី​ការ​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​ដែល​មាន​រយៈពេល​៣៥ថ្ងៃ​ថា «ខ្ញុំ​មិន​ចង់​ធ្វើអ្វី​ដែល​គ្មាន​ការ​ពិភាក្សា​នោះ​ទេ​ ប៉ុន្តែ​វា​គឺ​ជា​ជម្រើស​មួយ»។ ក៏ប៉ុន្តែ​មេដឹកនាំ​សហរដ្ឋ អាមេរិក​រូបនេះ​បាន​ថ្លែង​ថា «វា​គឺ​ជា​ស្ថានភាព​អាសន្ន​របស់​ប្រទេសជាតិ។ វា​ជា​រឿង​មួយ​ផ្សេង​ទៀត​ហើយ​អ្នក​បាន​ដឹង​ហើយ​ថា​មាន​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ជាច្រើន​ដង​រួច​មក​ហើយ។ នេះ​គឺ​ជា​ស្ថានភាព​ឈ្លានពាន​យ៉ាង​ពិតប្រាកដ​មក​ក្នុង​ប្រទេស​របស់​យើង​តាមរយៈ​ការជួញដូរ​មនុស្ស»។

លោក​បាន​និយាយ​បន្ត​ទៀត​ថា «មនុស្ស​ទាំងនេះ​គឺ​ពិត​ជា​អាក្រក់​ដែល​នាំ​យក​ស្ត្រី ​និង​កុមារ​ភាគច្រើន​ចូល​មក​ក្នុង​ប្រទេស​របស់​យើង។ វា​ជា​ការជួញដូរ​មនុស្ស។ យើង​នឹង​មាន​ជញ្ជាំង​ដែល​រឹងមាំ។ ជា​វិធីសាស្ត្រ​តែ​មួយ​គត់។ យើង​ត្រូវការ​ជញ្ជាំង។ អ្នក​ដែល​និយាយ​ថា​ជញ្ជាំង​មិនមែន​ជា​ភាព​ចាំបាច់​នោះ​ ពួកគេ​ទាំងនោះ​កំពុង​តែ​លេង​ល្បែង​ប៉ុណ្ណោះ»។

លោក​បាន​រិះគន់​ប្រធាន​សភាតំណាងរាស្ត្រ​អាមេរិក លោកស្រី Nancy Pelosi ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បន្ត​ប្រឆាំង​នឹង​សំណើ​សង់ជញ្ជាំង​ព្រំដែន​របស់​លោក។ នៅ​អំឡុងពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី ឆ្នាំ២០១៦ លោក Trump បាន​សន្យា​ថា​នឹង​សង់ជញ្ជាំង​ព្រំដែន​ ហើយ​ឲ្យ​ប្រទេសម៉ិកស៊ិក​ជា​អ្នក​ចំណាយ​លើ​ការសាងសង់​ ក៏ប៉ុន្តែឥឡូវនេះ​លោក Trump កំពុង​ស្នើ​ឲ្យ​សភាអនុម័ត​សំណើ​ថវិកា​សង់ជញ្ជាំង​ព្រំដែន​ទៅ​វិញ៕

XS
SM
MD
LG