ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបិទ​រដ្ឋាភិបាលផ្នែកខ្លះ ធ្វើឲ្យ​មាន​មន្ទិល​លើ​នយោបាយ​របស់​អាមេរិក


លោក James Robertson លើកស្លាក​សម្រាប់​ការ​ប្រមូល​ផ្តុំ​របស់​ត្រាំ «សង់ជញ្ជាំង» នៅ​ Bloomfield Hills រដ្ឋ​ Michigan កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ២០១៩។

នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បុគ្គលិក​រដ្ឋាភិបាល​មួយ​ចំនួន​ធំ បាន​វិល​ត្រឡប់​​​មក​ធ្វើការ​វិញ ក្រោយពី​ការបិទ​រដ្ឋាភិបាល​អស់​រយៈពេល​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អ្នក​ដែល​ចរចា​នៅក្នុង​រដ្ឋសភា បាន​ចាប់ផ្តើមកិច្ចការ​មួយ​ ​គឺ​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ភាពស្រុះស្រួល​គ្នា​លើ​បញ្ហា​ថវិកា​សង់​ជញ្ជាំង​សន្តិសុខ ដែល​បញ្ហា​នេះ គឺ​ជា​បញ្ហា​ស្នូល​នៃ​ការបិទ​រដ្ឋាភិបាល​ផ្នែក​ខ្លះ​រយៈពេល ៣៥ថ្ងៃ ដែល​បាន​ចប់​នៅ​សប្តាហ៍មុន។ អ្នក​ចរចា​ទាំងនេះ មាន​ពេល​រហូត​ដល់​ត្រឹម​ថ្ងៃទី១៥ ខែកុម្ភៈ​នេះ​ប៉ុណ្ណោះ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ បើ​រក​ដំណោះស្រាយ​មិន​បាន​ទេ ការបិទ​រដ្ឋាភិបាល នឹង​អាច​កើត​មាន​ឡើង​ម្តង​ទៀត។

ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​ដែល​រងប៉ះពាល់​ បាន​បើក​ឡើង​វិញ​ ក្រោយពី​លោក​ប្រធានាធិបតី​ Donald Trump និង​គណបក្ស​ប្រជាធិបតេយ្យ បាន​យល់ស្រប​គ្នា​ក្នុង​ការ​សម្រុះសម្រួល​គ្នា​លើ​បញ្ហា​ជញ្ជាំង​សន្តិសុខ។

លោក Trump បាន​ចេញ​ការព្រមាន​ថ្មី​មួយ​នៅ​លើ​បណ្តាញ Twitter ថា កិច្ចព្រមព្រៀង​ណាមួយ​ត្រូវតែ​រួមបញ្ចូល​ថវិកា​សម្រាប់​សង់​ជញ្ជាំង​ ក្រោយពី​ការប្តេជ្ញា​របស់​លោក ដែល​បាន​ធ្វើ​ឡើង នៅ​ពេល​ការបិទ​រដ្ឋាភិបាល​ផ្នែក​ខ្លះ​បាន​បញ្ចប់​ទៅ​កាលពី​សប្តាហ៍​មុន។

«រដ្ឋាភិបាល​ នឹង​បិទ​ម្តង​ទៀត នៅ​ថ្ងៃទី ១៥ខែកុម្ភៈ ខាងមុខ​នេះ​ ឬ ខ្ញុំ​ត្រូវ​ប្រើ​អំណាចដែល​បាន​ផ្តល់ឲ្យ​ខ្ញុំ​តាម​ផ្លូវច្បាប់​ និង​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ដោះស្រាយបញ្ហា​បន្ទាន់​នេះ»។​

សមាជិក​ខាងគណបក្ស​សាធារណរដ្ឋ ដែល​ក្នុងនោះ​ក៏​មាន​មេដឹក​នាំសំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា លោក Mitch McConnell ផងដែរ​នោះ មិន​ចង់​ឲ្យមាន​ការបិទ​រដ្ឋាភិបាលនេះ​ជា​ថ្មី​ទេ។

«ខ្ញុំ​មិន​ចូលចិត្ត​ការបិទ​រដ្ឋាភិបាល​នោះ​ទេ។ ការបិទ​រដ្ឋាភិបាល​មិន​បាន​ផ្តល់​ផល​ប្រយោជន៍ដល់​អ្នកណា​ឡើយ ហើយ​ខ្ញុំ​គិត​ថា យើង​ត្រូវតែ​ជៀសវាង​ឲ្យ​បាន»។

ការស្ទង់មតិ​សាធារណៈ​ បាន​រក​ឃើញ​ថា សាធារណជន​ភាគច្រើន បាន​បន្ទោស​លោក Trump និង​គណបក្ស​សាធារណរដ្ឋ ​ចំពោះ​ការបិទ​រដ្ឋាភិបាល​កន្លង​ទៅ​នេះ គឺ​ដូច​អ្វី​ដែល​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​លោក Chuck Schumer បាន​លើក​ឡើង​ថា៖

«ខ្ញុំ​សង្ឃឹម​ថា ការបិទ​រដ្ឋាភិបាល​នា​ពេល​ថ្មីៗ​នេះ នឹង​ក្លាយជា​មេរៀន​សម្រាប់​លោក​ប្រធានាធិបតី Trump និង​សហការី​របស់​ខ្ញុំ​ទាំងអស់​នៃ​គណបក្ស​សាធារណរដ្ឋ​ថា នឹង​មិន​ឲ្យ​មាន​ការបិទ​រដ្ឋាភិបាល​ទៀត​ទេ។ លោក Trump បាន​លេង​ភ្លើង ហើយ​ខ្ញុំ​សង្ឃឹម​ថា លោក​នឹង​មិន​ធ្វើ​ដូច្នេះ ម្តង​ទៀត​នោះ​ទេ»។

ការស្ទង់មតិ​មួយ​ចំនួន ក៏​បាន​បង្ហាញ​ដែរ​ថា អត្រា​អ្នកគាំទ្រ​លោក​ប្រធានាធិបតី បាន​ធ្លាក់​ចុះ​ដល់​ក្រោម​ ៤០ភាគរយ គ្រាដែល​ការបិទ​រដ្ឋាភិបាល​បាន​អូស​បន្លាយ​រយៈ​ពេល​យូរ ដែល​បង្ហាញពីផល​ប៉ះពាល់​រយៈពេល​យូរដល់​លោក Trump។

លោកស្រី Elaine Kamarck អ្នកវិភាគ​មួយ​រូប​នៃ​វិទ្យាស្ថាន Brookings បាន​ថ្លែង​ថា៖

«មើល​ទៅ​ ហាក់ដូចជា​យើង បាន​ឈាន​ដល់​ផ្លូវ​របត់​មួយ។ លោក​ប្រធានាធិបតី បាន​វាយតម្លៃ​ខុស​យ៉ាងខ្លាំង​នៃ​ផលប៉ះពាល់​ទៅ​លើ​ពលរដ្ឋ​សាមញ្ញ​ដោយសារ​ការបិទ​រដ្ឋាភិបាល​នេះ។ អ្នកធ្វើការ​នៅ​សេតវិមាន មិន​ដឹង​ថា​ ការមាន​រដ្ឋាភិបាល​ មាន​សារៈសំខាន់​យ៉ាងណា​ចំពោះសេដ្ឋកិច្ច​ទាំងមូល​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ»។

អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​ខ្លះ សង្ឃឹម​ថា លោក​ប្រធានាធិបតី បាន​រៀន​មេរៀន​ពី​ការជាប់គាំង​ដែល​នាំឲ្យ​មាន​ការបិទ​រដ្ឋាភិបាល​នេះ ហើយ​ពួកគេសង្ឃឹម​ថា លោក Trump ប្តូរ​គោលនយោបាយ។ ក្នុង​ចំណោម​អ្នកទាំងនោះ ​ក៏​មាន​អតីត​អភិបាលរដ្ឋ New Jersey មួយ​រូប​ផងដែរ គឺ​លោក Chris Christie។

«លោក គឺ​ជា​មនុស្ស​ដែល​គ្មាន​ការភ័យខ្លាច ខ្ញុំ​ចង់​និយាយ​ថា មនុស្ស​ដែល​គ្មាន​ការ​ភ័យខ្លាច​ដូច​លោក​អ៊ីចឹង មានតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ក្នុង​ឆាក​នយោបាយ។ ដូច្នេះ ទាំងនោះ​សុទ្ធតែ​ជា​ចំណុច​ល្អ។ ក៏ប៉ុន្តែ នៅ​ពេល​ដែល យើង​ធ្វើតាម​ការ​គិតឃើញ​ភ្លាមៗ ជួនកាល យើង​មិនមាន​ផែនការ​នោះ តាម​ដែល​ខ្ញុំ​គិត អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​រឿង​បិទ​រដ្ឋាភិបាល​នេះ មិនមាន​លទ្ធផលល្អ​នោះ​ទេ»។

ដោយសារតែ​ការបិទ​រដ្ឋាភិបាល​គ្មាន​ប្រជាប្រិយភាព​នេះ អ្នកគាំទ្រ​លោក Trump ជាច្រើន​រំពឹង​ថា លោក Trumpនឹង​ប្រកាស​ស្ថាន​ភាពអាសន្ននៅ​តាម​ព្រំដែន ដើម្បី​សង់​ជញ្ជាំង​ បើសិន​ជា សភា​បរាជ័យ​ក្នុងការ​សម្រុះសម្រួល​រក​ដំណោះស្រាយ​នោះ។

លោក John Fortier អ្នកវិភាគ​នយោបាយមួយ​រូប បាន​និយាយ​ថា ការសន្យា​ក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ថា នឹង​សង់​ជញ្ជាំង​នោះ មាន​សារៈសំខាន់​ខ្លាំង ដែល​មិន​អាច​ឲ្យ​លោក​ ​Trump​ លះបង់ចោល​បាន​ឡើយ។

«វា​គឺ​ជា​ពាក្យ​ស្លោក ក្នុង​អំឡុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត។ នេះ គឺ​ជា​អ្វី​ដែល​ លោក Trump មិន​ចង់​ឲ្យ​គេ​មើល​ឃើញ​ថា ជា​ការចុះចាញ់​របស់​លោក​នោះទេ ហើយ​ហេតុដូចនេះ វា​ធ្វើ​ឲ្យ​មាន​ការលំបាក​ក្នុងការសម្រុះ​សម្រួល​ណាស់»។

ក៏ប៉ុន្តែ លោកស្រី Elaine Kamarck នៃ​វិទ្យាស្ថាន Brookings បាន​ថ្លែង​ថា ការណ៍​នេះ ធ្វើ​ឲ្យ​លោក Trump ចុះ​ខ្សោយ​សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​ដោយសារតែ​លោក ផ្តោត​ទៅ​លើ​តែ​រឿង​ម្យ៉ាង​គឺ​បំពេញចិត្ត​អ្នកគាំទ្រ​សំខាន់​របស់​លោក។

«ក្នុង​រយៈពេល​២ ឆ្នាំ តាំងពី​លោក​បាន​ចូលកាន់​តំណែង​នៅ​ក្នុង​សេតវិមាន លោក​មិន​បាន​ធ្វើកិច្ចការ​ដើម្បី​បង្កើន​អ្នកគាំទ្រ​ទេ។ នោះ ជា​មហន្តរាយ​សម្រាប់​ប្រធានាធិបតី ពីព្រោះ​ថា វា​ជា​រឿង​ជៀស​មិន​ផុត ដែល​ថា លោក​នឹង​បាត់បង់​អ្នក គាំទ្រ​ខ្លះ​របស់​លោក»។

ឱកាស​ល្អ​បំផុតក្នុង​ពេល​ខាងមុខ សម្រាប់លោក​ប្រធានាធិបតី ក្នុង​រឿងសង់​ជញ្ជាំងនៅតាម​ព្រំដែន​នេះ គឺ​នៅពេល​លោក ថ្លែង​សុន្ទរកថា​ស្តីអំពី​ស្ថានការណ៍​ប្រទេស​ជាតិ នៅ​ចំពោះ​មុខ​សភា និង​ដែល​មាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់ទូរទស្សន៍៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG