ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី​ថា ​ការ​បិទ​រដ្ឋាភិបាល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ខាត​៣​ពាន់​លាន​ដុល្លារ  


រូបឯកសារ៖ បុគ្គលិករដ្ឋាភិបាលសហព័ន្ធធ្វើការតវ៉ាប្រឆាំងនឹងការបិទរដ្ឋាភិបាល 

ការិយាល័យ CBO បាន​ប៉ាន់​ស្មាន​ថា គម្រោង​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ប្រមាណ​១៨​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ពន្យារ​ពេល​ក្នុង​អំឡុង​ការ​បិទ​រដ្ឋាភិបាល។

ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក ដែល​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ខាត​អស់​ប្រមាណ​៣​ពាន់លាន​ដុល្លារ ចំពោះ​សកម្មភាព​សេដ្ឋកិច្ច​ដែល​ត្រូវ​បាត់​បង់​ទាំង​ស្រុង។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ​ការិយាល័យ​ថវិកា​របស់​សភា​ជាតិ​អាមេរិក​ហៅ​កាត់​ថា​ CBO។

ការិយាល័យ CBO និយាយ​ថា​ការ​វាយតម្លៃ​របស់​ខ្លួន​អំពី​ផល​ប៉ះពាល់​នៃ​ការ​បិទ​រដ្ឋាភិបាល​អាមេរិក​រយៈ​ពេល​៣៥​ថ្ងៃ​នេះ​ ចំពោះ​សេដ្ឋកិច្ច​ដែល​ធំ​ជាង​គេ​ក្នុង​ពិភពលោក​មួយ​នេះ បង្ហាញ​ថា​សកម្មភាព​សេដ្ឋកិច្ច​តម្លៃ​៣​ពាន់លាន​ដុល្លារ​ត្រូវ​បាន​បាត់​បង់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ឆ្នាំ​២០១៨ ចាប់​ពី​ក្រោយការ​បិទ​រដ្ឋាភិបាលកាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ។ សកម្មភាព​សេដ្ឋកិច្ច​តម្លៃ​៨​ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​ត្រូវ​បាត់​បង់​ក្នុង​ខែ​មករា ដែល​មាន​រយៈ​ពេល​រហូត​ដល់​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នៅ​ពេល​ការ​បិទ​រដ្ឋាភិបាល​បាន​បញ្ចប់។

ក៏​ប៉ុន្តែ​ការិយាល័យ CBO បាន​បញ្ជាក់​ថា ដោយ​សារ​បុគ្គលិក​រដ្ឋការ​សហព័ន្ធ​៨​សែន​នាក់​ដែលគេ​បាន​ត្រូវ​ឲ្យ​ឈប់​ធ្វើ​ការ​ជា​បណ្តោះអាសន្នឬ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ដោយ​គ្មាន​ប្រាក់ខែ ​នឹង​ទទួល​បានប្រាក់ខែ​សង​វិញ ហើយ​សកម្មភាព​រដ្ឋាភិបាល​បានដំណើរការ​ឡើង​វិញ សកម្មភាព​សេដ្ឋកិច្ច​ដែល​បាត់បង់​នឹង​ត្រូវ​បាន​ស្តារ​ឡើង​វិញ​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ លើក​លែង​តែ​សកម្មភាព​សេដ្ឋកិច្ច​តម្លៃ​៣​ពាន់លាន​ដុល្លារ​ដែល​មិន​អាច​ស្តារ​មក​វិញ​បាន។

​ការិយាល័យ CBO បាន​ប៉ាន់​ស្មាន​ថា គម្រោង​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ប្រមាណ​១៨​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ពន្យារ​ពេល​ក្នុង​អំឡុង​ការ​បិទ​រដ្ឋាភិបាល។ គម្រោង​ចំណាយទាំង​នេះ​ភាគ​ច្រើន​នឹង​ត្រូវគេ​អនុវត្ត​ឡើងវិញ លើក​លែង​តែ​មាន​ការ​បិទ​រដ្ឋាភិបាល​ជា​ថ្មី​ឡើង​វិញ​នៅ​ក្នុង​រយៈ​ពេល​តិច​ជាង​បី​សប្តាហ៍​ខាង​មុខ។

លោក​ប្រធានាធិបតី Donald Trump ព្រម​ទាំង​មេដឹកនាំ​សភា​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋបាន​យល់​ព្រម​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​ ហើយ​បង្កើត​ក្រុម​ការងារមក​ពី​គណបក្ស​ទាំង​ពីរ​ដើម្បី​ចរចា​កិច្ច​សន្យា​សន្តិសុខ​តាម​ព្រំដែន​អាមេរិក​ម៉ិចស៊ិក។

ការ​បិទ​រដ្ឋាភិបាល​អាមេរិក​បាន​កើត​ឡើង​ដោយ​សារ​ការ​ខ្វែង​គំនិត​អំពី​ការ​ទាមទារ​របស់​លោក​ប្រធានាធិបតី​ Trump ឲ្យ​មាន​ថវិកា​៥,៧​ពាន់លាន​ដុល្លារ​ដើម្បី​ស្ថាបនា​ជញ្ជាំង​តាម​ព្រំដែន​ដើម្បី​ទប់​ការ​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​នេះ​ជា​ការ​សន្យា​ធំ​ជាង​គេ​របស់​លោក​ពេល​លោក​ឃោសនា​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦។ ប៉ុន្តែ​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​ បាន​បដិសេធ​មិន​ព្រម​ផ្តល់​ថវិកា​សម្រាប់​ស្ថាបនា​ជញ្ជាំង​ព្រំដែន​នេះ។ ពួក​គេ​ថ្លែង​ថា​ពួក​គេ​សុខ​ចិត្ត​ផ្តល់​ថវិកា​សម្រាប់​វិធានការ​សន្តិសុខ​ផ្សេង​ទៀត ដូច​ជា​ការ​បន្តឹង​ការ​ពិនិត្យ​នៅ​ច្រក​ព្រំដែន​ ការ​បង្កើន​ភ្នាក់ងារ​ប្រចាំ​នៅ​ព្រំដែន និង​ការ​បង្កើន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ឃ្លាំ​មើល​ការ​ឆ្លង​ព្រំដែន​ដោយ​ខុស​ច្បាប់។

លោក Trump បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​គិត​ថា​លទ្ធភាព​ដែល​ក្រុម​ការងារ​ចរចារ​របស់​សភាអាច​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ មាន​តិច​ជាង​៥០​ភាគរយ។ លោក​ Trump ថា ការ​បិទ​រដ្ឋាភិបាល​ម្តង​ទៀត​«ពិត​ជា​ជម្រើស​មួយ» ប្រសិន​បើ​មិន​មាន​ការ​យល់​ព្រម ហើយ​លោក​ក៏​នឹង​អាច​ធ្វើប្រកាស​អាសន្ន​របស់​ជាតិ ដើម្បី​ព្យាយាម​ស្ថាបនា​ជញ្ជាំង​ព្រំដែន​ដោយ​មិន​មាន​ការយល់​ព្រម​ពី​សភា ដោយ​លោក​ទាញ​យកថវិកាពី​ថវិកា​រដ្ឋាភិបាល​ដែល​មិន​ទាន់​ចំណាយ។

ក៏​ប៉ុន្តែសមាជិក​សភាសំខាន់ៗ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​បាន​ទទូច​លោក​ប្រធានាធិបតី​ Trump មិន​ឲ្យ​ប្រកាស​អាសន្ន​ជាតិ ដោយ​សកម្មភាព​នេះ​នឹង​នាំ​ឲ្យ​មាន​ការប្តឹង​ប្រឆាំង​យ៉ាង​ឆាប់​រហ័ស​ពី​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ។

ការិយាល័យ​ថវិកា​របស់​សភា​ជាតិ​អាមេរិក​ហៅ​កាត់​ថា​ CBO ថ្លែង​ថា ការណ៍​ដែល​សេដ្ឋកិច្ច​អាមេរិក​បានខាត​បង់៣​ពាន់​លាន​ដុល្លារ​ជា​អចិន្ត្រៃយ៍ មាន​ន័យ​ថា ​សេដ្ឋកិច្ច​អាមេរិកដែល​ត្រូវ​បាន​ទស្សន៍ទាយ​ថា នឹង​មាន​ទំហំ​១៩​លានលាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩​ មាន​ទំហំ​០.២​ភាគរយ​តូច​ជាង​ទំហំ​សេដ្ឋកិច្ច​ប្រសិន​បើ​មិន​មាន​ការ​បិទ​រដ្ឋាភិបាល។

ប៉ុន្តែ​របាយការណ៍​របស់​ការិយាល័យ CBO នេះ​បាន​បន្ថែម​ថា «លើស​ពី​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទាំង​មូល គឺ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាជីវកម្ម​តូចតាច​និង​ពលករ។ ក្នុង​ចំណោម​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ដោយ​ផ្ទាល់​រួម​មាន​បុគ្គលិក​រដ្ឋការ​សហព័ន្ធដែល​ត្រូវ​គេ​ពន្យារ​ការ​បើក​ប្រាក់ខែ​និង​ក្រុមហ៊ុន​ឯកជន​ដែល​ត្រូវ​បាត់​បង់​អាជីវកម្ម។ ក្រុមហ៊ុន​ឯកជន​ទាំង​នេះ​នឹង​មិន​អាច​ស្តារ​ប្រាក់​ចំណូល​ដែល​បាត់​បង់​វិញ​ទេ។

ទោះ​យ៉ាង​នេះ​ក្តី​ក៏​ការិយាល័យ CBO និយាយ​ថា «រាល់​ផល​ប៉ះពាល់​ដែល​គេ​បាន​សន្មត​ទាំង​នេះ​និង​រយៈ​ពេល​របស់​វា​ មិន​មាន​ភាព​ជាក់​ច្បាស់​ទេ។ ជា​ពិសេស ការិយាល័យ CBO មិន​ប្រាកដ​ថា តើ​មាន​គម្រោង​ចំណាយ​របស់​រដ្ឋាភិបាល​ណា​ដែល​ត្រូវ​ប៉ះពាល់​ដោយ​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​នេះ តើ​បុគ្គលិក​រដ្ឋការ​សហព័ន្ធ​និង​បុគ្គលិក​ជាប់​កិច្ច​សន្យា​បាន​កែតម្រូវ​ការ​ចំណាយ​របស់​ពួក​គេ​យ៉ាង​ណា​ចំណោះ​ការ​ពន្យារ​ពេល​បើក​ប្រាក់ខែ​នេះ ហើយ​ថា​ តើ​ទី​ភ្នាក់ងារ​រដ្ឋ​នានា​នឹង​កែ​សម្រួល​ការ​ចំណាយ​របស់​ខ្លួន​យ៉ាង​ណា​ក្រោយ​ពី​ថវិកា​មាន​ឡើង​វិញ»៕

XS
SM
MD
LG