ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបាននិយាយថា លោកនឹងមិនប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដើម្បីសង់ជញ្ជាំងព្រំដែនអាមេរិក-ម៉ិកស៊ិកភ្លាមៗនោះទេ ប៉ុន្តែជំនួសមកវិញលោកទាមទារឲ្យគណបក្សប្រជាធិបតេយ្យយល់ព្រមផ្តល់ថវិកាសម្រាប់សង់របាំងព្រំដែន។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានខណៈលោកចាកចេញទៅចូលរួមសិន្និសីទស្តីពីវិស័យកសិកម្មនៅក្រុង New Orleansថា «នេះជារឿងសាមញ្ញបំផុត។ ពួកប្រជាធិបតេយ្យជាអ្នកបញ្ឈប់ធ្វើមិនឲ្យពួកអ្នកធ្វើការទទួលបានប្រាក់ខែ»។ បុគ្គលិករដ្ឋាភិបាលសហព័ន្ធចំនួន៨សែននាក់បានបាត់បង់ការងារបណ្តោះអាសន្ន ឬធ្វើការមិនបានទទួលប្រាក់ខែក្នុងរយៈពេល២៤ថ្ងៃនៃការបិទទ្វារផ្នែកខ្លះនៃរដ្ឋាភិបាល។
លោក Trump បានបដិសេធសំណើររបស់លោក Lindsey Graham សមាជិកព្រឹទ្ធខាងគណបក្សសាធារណរដ្ឋដែលជាអ្នកគាំទ្រយ៉ាងស្មោះស្ម័គ្រម្នាក់របស់លោកដែលបានស្នើឲ្យបញ្ចប់ការបិទទ្វាររដ្ឋាភិបាលដ៏យូរបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកាំង និងស្នើឲ្យបើកទ្វាររដ្ឋាភិបាលឡើងវិញ ខណៈលោក Trump កំពុងចរចាជាមួយមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យអំពីផែនការសង់ជញ្ជាំងព្រំដែនប្រវែង៣២០០គីឡូម៉ែត្រនៅព្រំដែនភាគត្បូងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែលោក Trump បានឆ្លើយតបទៅនឹងសំណើនោះវិញថា លោកមិនចាប់អារម្មណ៍។
លោកបាននិយាយទៀតថា យើងកំពុងនិយាយអំពីសន្តិសុខព្រំដែន។ តើអ្នកណាអាចប្រឆាំងនឹងបញ្ហានេះបាន? យើងមានឧក្រិដ្ឋជន ពួកជនអន្ធពាលឆ្លងមកព្រំដែនរបស់យើង។ ពួកប្រជាធិបតេយ្យមិនចង់ធ្វើអ្វីសោះចំពោះបញ្ហាទាំងអស់នេះ»៕