ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ៖ ព្រំដែន​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ជាង​ការ​បិទ​រដ្ឋាភិបាល​ទៅ​ទៀត


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដឹកនាំ​កិច្ចប្រជុំ​តុ​មូល​ស្តី​ពី​សន្តិសុខ​ព្រំដែន​ កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដឹកនាំ​កិច្ចប្រជុំ​តុ​មូល​ស្តី​ពី​សន្តិសុខ​ព្រំដែន​ កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បាន​អះអាង​ថា ការ​បំផ្លិចបំផ្លាញ​ដែល​កើតឡើង​ដោយសារ​តែ​ «ព្រំដែន​ដែល​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ‍»​ នៅ​ជាប់​ប្រទេស​ម៉ិកស៊ិក គឺ​មាន​ទំហំ​ធំធេង​ខ្លាំង​ណាស់​ជាង​ផល​ប៉ះពាល់​ដែល​កើតឡើង​ដោយសារ​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​​ទៅ​ទៀត។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​បំផ្លិចបំផ្លាញ​ដែល​កើតឡើង​ដោយសារ​តែ​ «ព្រំដែន​ដែល​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ‍»​ នៅ​ជាប់​ប្រទេស​ម៉ិកស៊ិក គឺ​មាន​ទំហំ​ធំធេង​ខ្លាំង​ណាស់​ជាង​ផល​ប៉ះពាល់​ដែល​កើតឡើង​ដោយសារ​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​រយៈពេល​យូរ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទៅ​ទៀត។ ឥឡូវ​នេះ ការ​បិទរដ្ឋាភិបាល​អាមេរិក​មួយ​ផ្នែក​បាន​ឈាន​ដល់​ថ្ងៃ​ទី​២៣​ហើយ។

លោក ត្រាំ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter ថា «ការ​សាងសង់​ជញ្ជាំង​នៅ​ព្រំដែន​ប៉ែក​ខាង​ត្បូង​នឹង​កាត់​បន្ថយ​អត្រា​ឧក្រិដ្ឋកម្ម​នៅ​ទូទាំង​ប្រទេស‍»។

បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ប្រមាណ​៨​សែន​មិន​បាន​បើក​ប្រាក់​ខែ​ទេ​កាល​ពី​ថ្ងៃ សុក្រ ដោយសារ​តែ​ការ​បិទ​រដ្ឋាភិបាល ដែល​បាន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​រដ្ឋាភិបាល​អាមេរិក​ប្រមាណ​មួយ​ភាគ​បួន។

ភាព​ចម្រូងចម្រាស​គ្នា​នេះ​កើតឡើង​ដោយសារ​តែ​ការ​ទាមទារ​របស់​លោក ត្រាំ ចំពោះ​ប្រាក់​៥​ពាន់​លាន​ដុល្លារ​ដើម្បី​យក​ទៅ​សាងសង់​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​នឹង​ប្រទេស ម៉ិកស៊ិក ដែល​មាន​ប្រវែង ៣២០០​គីឡូម៉ែត្រ ក្នុង​គោលបំណង​បញ្ឈប់​ការ​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ចូល​មក​អាមេរិក។

នៅ​មិន​ទាន់​មាន​ចំណាត់ការ​ណា​មួយ​នៅ​ឡើយ​ទេ រហូត​ទាល់​តែ​សភា​ប្រជុំ​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក ត្រាំ បាន​និយាយ​ថា «ខ្ញុំ​កំពុង​រងចាំ​នៅ​ក្នុង​សេតវិមាន។ សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​គ្រប់ទីកន្លែង​លើកលែង​តែ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ខណៈ​ដែល​មនុស្សម្នា​រងចាំ​បើក​ប្រាក់​ខែ​របស់​ខ្លួន។ ពួកគេ​កំពុង​តែ​សប្បាយ​រីករាយ​ ហើយ​មិន​ព្រម​និយាយ​ស្តី​អ្វី​សោះ»។

នៅ​ពេល​ថ្មីៗ​នេះ លោក ត្រាំ បាន​ស្តីបន្ទោស​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​នេះ ប៉ុន្តែ​មុន​ពេល​ការ​បិទ​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២២ ខែ ធ្នូ លោក​បាន​និយាយ​ថា លោក​នឹង​មាន​មោទនភាព​ក្នុង​ការ​បិទ​រដ្ឋាភិបាល៕

XS
SM
MD
LG