លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារបានសម្រេចដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដែលមានបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកបានរិះគន់កិច្ចព្រមព្រៀងនេះថាជាកិច្ចព្រមព្រៀង «មហន្តរាយ» ដែលនឹងមិនអាចទប់ស្កាត់ក្រុងតេហេរ៉ង់ពីការផលិតអាវុធនុយក្លេអ៊ែរ និងអាចបង្កគ្រោះថ្នាក់ដល់ពិភពលោក។
មេដឹកនាំសហរដ្ឋអាមេរិកបាននិយាយថា លោកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងបំផុតឡើងវិញលើប្រទេសអ៊ីរ៉ង់។ លោក Trump បានថ្លែងបន្តថាលោកបើកចំហរធ្វើការជាមួយប្រទេសសម្ព័ន្ធមិត្តក្នុងទ្វីបអ៊ឺរ៉ុប ដើម្បីចរចាកិច្ចព្រមព្រៀងថ្មីជាមួយសាធារណរដ្ឋឥស្លាម ដើម្បីទប់ស្កាត់ការបាញ់សាកល្បងកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់អ៊ីរ៉ង់ និងភាពជឿនលឿនខាងវិស័យយោធាក្នុងប្រទេសស៊ីរី យេម៉ែន និងប្រទេសផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា បើទោះបីជាទីក្រុងតេហេរ៉ង់បានប្រកាសរួចហើយថាខ្លួនមិនចាប់អារម្មណ៍ក្នុងការចរចាកិច្ចព្រមព្រៀងថ្មីនេះក្តី។
លោក Trump បានថ្លែងយ៉ាងខ្លីនៅឯសេតវិមាន ដោយបានហៅកិច្ចព្រមព្រៀងដែលចរចាដោយលោកអតីតប្រធានាធិបតី Barack Obama ថាជាកិច្ចព្រមព្រៀងមានលក្ខណៈ «ផុយរលួយ»។
លោកបានថ្លែងបន្ថែមថាកិច្ចព្រមព្រៀងនេះគឺជា «រឿងប្រឌិតយ៉ាងធំមួយ» ដែលអ៊ីរ៉ង់យកលេសថាគ្រាន់តែចង់ផលិតនុយក្លេអ៊ែរដើម្បីរក្សាសន្តិភាពប៉ុណ្ណោះ។ ការសន្យារបស់អ៊ីរ៉ង់គឺជាការភូតកុហក»៕