ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ថា សហរដ្ឋ​អាមេរិក​នឹង​ខក​ចិត្ត​ប្រសិនបើ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥


រូបភាព​ឯកសារ៖ ប្រធានាធិបតី​អ៊ីរ៉ង់​ Hassan Rouhani ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​មេដឹកនាំ​មូស្លីម​និង​បញ្ញវន្ត​ក្នុង​ទីក្រុង​ Hyderabad ប្រទេស​ឥណ្ឌាកាលពី​ថ្ងៃទី​១៥ កុម្ភៈ ឆ្នាំ ២០១៨។
រូបភាព​ឯកសារ៖ ប្រធានាធិបតី​អ៊ីរ៉ង់​ Hassan Rouhani ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​មេដឹកនាំ​មូស្លីម​និង​បញ្ញវន្ត​ក្នុង​ទីក្រុង​ Hyderabad ប្រទេស​ឥណ្ឌាកាលពី​ថ្ងៃទី​១៥ កុម្ភៈ ឆ្នាំ ២០១៨។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រសិនបើ​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ នោះ​សហរដ្ឋ​អាមេរិក​នឹង​ស្ដាយ​ក្រោយ​ជាក់​ជា​មិន​ខាន។

លោក Rouhani បាន​បញ្ជាក់​នៅ​ក្នុង​ការ​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិនបើ​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ នោះ​អ្នក​នឹង​ឃើញ​ថា សហរដ្ឋ​អាមេរិក​នឹង​ស្ដាយក្រោយ​ជា​មិន​ខាន​ក្នុង​ប្រវត្តិសាស្ត្រ»។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក​នឹង​សម្រេច​នៅ​ត្រឹម​ថ្ងៃ​ទី ១២ ខែ​ឧសភា ខាង​មុខ​នេះ អំពី​ថា​តើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​នៅតែ​គោរព​តាម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ ឬ​ក៏​យ៉ាង​ណា​នោះ។

លោក Trump ធ្លាប់​បាន​និយាយ​ថា លោក​នឹង​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ ប្រសិន​បើ​កិច្ច​ព្រមព្រៀង​នេះ​មិន​ត្រូវ​បាន​គេ​កែប្រែ​នោះ​ទេ ដែល​ក្នុង​នោះ​មាន​ទាំង​សំណើ​ដែល​ដាក់​កំហិត​ចំពោះ​កម្មវិធី​គ្រាប់​ផ្លោង​មីស៊ីល​របស់​អ៊ីរ៉ង់​ផង​ដែរ ដែល​ជា​កម្មវិធី​មួយ​ដែល​អ៊ីរ៉ង់​អះអាង​ថា​សម្រាប់​តែ​ការ​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​និយាយ​ថា អ៊ីរ៉ង់​នឹង​មិន​ចរចា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ នេះ​ឡើង​វិញ​ជាមួយ​នឹង​មហា​អំណាច​ពិភពលោក​នោះ​ទេ។

កន្លង​មក ចក្រភព​អង់គ្លេស ប្រទេស​បារាំង និង​អាល្លឺម៉ង់ ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ បាន​ព្យាយាម​បញ្ចុះបញ្ចូល​លោក Trump ម្ដង​ហើយ​ម្ដង​ទៀត​កុំ​ឲ្យ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ៕

XS
SM
MD
LG