ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ និង​មន្ត្រី​សេតវិមាន ច្រាន​ចោល​ការ​បកស្រាយ​របាយការណ៍​​របស់​លោក Mueller


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សម្ព័ន្ធ​ជ្វីប​របស់​គណបក្ស​សាធារណរដ្ឋ កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សម្ព័ន្ធ​ជ្វីប​របស់​គណបក្ស​សាធារណរដ្ឋ កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ និង​មន្ត្រី​សេត​វិមាន បាន​ច្រាន​ចោល​សេចក្ដី​រាយការណ៍​ព័ត៌មាន​នានា​នៅ​ថ្ងៃ​អាទិត្យ​ ដែល​ថា​ការ​ចេញ​ផ្សាយ​របាយការណ៍​ទាំងស្រុង​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ស្ដីពី​ទំនាក់ទំនង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ ត្រាំ​ កាល​ពី​ឆ្នាំ ​២០១៦​ ជាមួយ​ប្រទេស​រុស្ស៊ី​ នឹង​មាន​ឥទ្ធិពល​អាក្រក់​ជាង​ការ​សន្និដ្ឋាន​បឋម ដែល​ថា ​ទាំង​លោក​ ត្រាំ ទាំង​មនុស្ស​ជំនិត​របស់​លោក សុទ្ធ​តែ​មិន​បាន​ឃុបឃិត​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី ដើម្បី​ជួយ​លោក​ ត្រាំ ឱ្យ​ឈ្នះ​ការបោះឆ្នោត​នៅ​ពេល​នោះ។

លោក ត្រាំ បាន​ថ្លែង​តាម​បណ្ដាញ ​Twitter ថា៖ «‍មើល​ទៅ​ដូច​ជា​ក្រុម​របស់​លោក Mueller ​ដែល​រួម​មាន​អ្នក​ស្អប់​លោក​ត្រាំ និង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សរុប​ ១៣​ នាក់ កំពុង​លួច​បញ្ចេញ​ព័ត៌មាន​ដោយ​ខុសច្បាប់​ទៅ​ឱ្យ​បណ្ដាញ​ព័ត៌មាន ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ បង្កើត​រឿង​ដោយ​ខ្លួនឯង​ មិន​ថា​មាន​ឬ​គ្មាន​ប្រភព​ព័ត៌មាន​នោះ​ទេ។ ប្រភព​លែង​សំខាន់​តទៅទៀត​ហើយ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ ដែល​ពុករលួយ​និង​គ្មាន​ភាព​ស្មោះត្រង់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​នោះ គឺ​គ្រាន់តែ​រឿង​លេងសើច​ប៉ុណ្ណោះ»។

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក William Barr កំពុង​ពិនិត្យ​មើល​របាយការណ៍​កម្រាស់​ជិត​ ៤០០​ ទំព័រ​នេះ ហើយ​លោក​មាន​ប្រសាសន៍​ថា លោក​គ្រោង​នឹង​បញ្ចេញ​របាយការណ៍​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ បន្ទាប់​ពី​ដក​ព័ត៌មាន​សម្ងាត់​ដូចជា​កសិណសាក្សី​សម្ងាត់ ​ឬ​ការណ៍សម្ងាត់​របស់​បរទេស​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​នេះ​ជាដើម៕

XS
SM
MD
LG