ប្រធានគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការយុត្តិធម៌សហរដ្ឋអាមេរិក ចង់ឲ្យលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ចេញរបាយការណ៍សង្ខេបរបស់លោករដ្ឋអាជ្ញាពិសេស Robert Mueller ដែលមានទាំងប៉ុន្មាន ដែលសរសេរដោយក្រុមការងាររបស់លោក Mueller ស្តីពីការស៊ើបអង្កេតលោកត្រាំ។
អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យ លោក Jerry Nadler បានផ្ញើលិខិតមួយច្បាប់ទៅជូនលោករដ្ឋមន្ត្រីយុត្តិធម៌ William Barr បន្ទាប់ពីមានរបាយការណ៍ព័ត៌មានដែលចុះផ្សាយថា ក្រុមការងាររបស់លោក Mueller មិនសប្បាយចិត្តចំពោះរបាយការណ៍សង្ខេបផ្ទាល់ខ្លួនរបស់លោករដ្ឋមន្ត្រី Barr ពីព្រោះរបាយការណ៍ព័ត៌មានទាំងនោះនិយាយថា ការស៊ើបអង្កេតរបស់លោក Mueller បានរកឃើញរឿងរ៉ាវដែលប៉ះពាល់ដល់លោក ត្រាំ ច្រើនជាងអ្វីដែលលោក Barr ធ្វើឲ្យសភានិង សាធារណជនជឿ។
លោក Nadler ថ្លែងក្នុងលិខិតរបស់លោកទៅកាន់លោករដ្ឋមន្ត្រី Barr ថា៖ «បើសិនជារបាយការណ៍ព័ត៌មានទាំងនោះនិយាយត្រូវ របាយការណ៍សង្ខេបរបស់លោក Mueller ទាំងនោះចាំបាច់ត្រូវតែបញ្ចេញជាសាធារណៈឲ្យបានកាន់តែឆាប់កាន់តែល្អ»។
បើតាមរបាយការណ៍សង្ខេបចំនួន ៤ ទំព័ររបស់លោក Barr នៃរបាយការណ៍ជាង ៣០០ទំព័រនោះថា ទោះជាលោក Mueller មិនបានសន្មតថា លោកប្រធានាធិបតីបានប្រព្រឹត្តអំពើឧក្រិដ្ឋក៏ដោយ ក៏លោកមិនបាននិយាយថា លោក ត្រាំ គ្មានទោសកំហុសអ្វីទាំងអស់នោះដែរ៕