ក្រុមមន្ត្រីស.រ.អា.បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថារបាយការណ៍របស់លោក Robert Mueller រដ្ឋអាជ្ញាពិសេសដែលនៅតែជាការសម្ងាត់នៅឡើយអំពីការជ្រៀតជ្រែករបស់រុស្សីក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អា.កាលពីឆ្នាំ២០១៦មានជាង ៣០០ទំព័រ នៅពេលដែលពួកប្រជាធិបតេយ្យធ្វើការទាមទារថ្មីៗឱ្យលោក William Barr រដ្ឋមន្ត្រីក្រសួងយុត្តិធ៌មស.រ.អា.ផ្សព្វផ្សាយឯកសារនេះទាំងស្រុងនៅក្រោយលោកបានសរសេរសេចក្តីសង្ខេបតែបួនទំព័រកាលពីដំណាច់សប្តាហ៍។
លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងដែលត្រួតត្រាដោយពួកប្រជាធិបតេយ្យបានសុំដល់មន្ត្រីកំពូលរូបនេះខាងការពង្រឹងច្បាប់«ឱ្យបង្ហាញសេចក្តីរាយការណ៍នេះដល់យើង។ យើងមិនត្រូវការឱ្យលោកបកស្រាយសេចក្តីរាយការណ៍នេះទេ។ យើងត្រូវការឃើញអ្វីដែលជាការពិតជាក់ស្តែង។ យើងមិនត្រូវការរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ម្នាក់...ធ្វើជាអ្នកបកស្រាយម្នាក់នៃអ្វីដែលលោកគួរបង្ហាញយើងនោះទេ»។
លោក Barr បានដកស្រង់ពាក្យ ៦៥ម៉ាត់ពីរបាយការណ៍លោក Mueller នៅក្នុងសេចក្តីសង្ខេបនោះ ទោះណាជាលោកបានពណ៌នាភស្តុតាងខ្លះដែលលោករដ្ឋអាជ្ញាបានប្រមែប្រមូលក៏ដោយ។
នៅក្នុងលិខិតមួយច្បាប់ដែលលោកបានផ្ញើកាលពីថ្ងៃអាទិត្យទៅជូនមេដឹកនាំសភាស.រ.អា.ដែលលោកបានផ្សព្វផ្សាយជាសាធារណៈដែរនោះលោក Barr បាននិយាយថាលោក Mueller បានសន្មតថាលោកប្រធានាធិបតី Donald Trump និងអ្នកឃោសនាបោះឆ្នោតឱ្យលោកមិនបានឃុបឃិតជាមួយប្រទេសរុស្ស៊ីដើម្បីជួយឱ្យលោកឈ្នះឆ្នោតទេ ក៏ប៉ុន្តែមិនបានសន្មតថាតើលោកប្រធានាធិបតីបានរារាំងយុត្តិធម៌ដោយខិតខំព្យាយាមធ្វើឱ្យខាកខានដល់ការស៊ើបអង្កេតនេះឬបែបណាទេ៕