ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំ៖ ​យើង​នឹង​ដឹង​​នៅ​សប្តាហ៍​ក្រោយ ​ថាតើ​សន្និសីទ​កំពូល​កូរ៉េខាង​ជើង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ​ខែ​មិថុនា​ឬ​យ៉ាង​ណា


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

លោក​ប្រ​ធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​និយាយថា ​សហរដ្ឋ​អាមេរិក ​នឹង​ដឹង​នៅ​សប្តាហ៍​ក្រោយ​ថាតើជំនួប​កំពូល​របស់​លោក​ជា​មួយ​មេដឹកនាំ​កូរ៉េខាង​ជើង គីម​ ជុង​អ៊ុន ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១២ ​ខែ​មិថុនា​ នៅក្នុង​ប្រទេស​សិង្ហបុរី​ទៅ​តាម​ការ​គ្រោង​ទុក​ដែរ​ឬទេ។

​លោក​ប្រធានា​ធិបតី​ត្រាំ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​ថា «ជំនួប​កំពូល​នោះ​អាច​ជាការ​ល្អ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ​ខែ​មិថុនា។ ​ប្រសិន​បើ យើង​ទៅ​ចូលរួមសន្និ​សីទ​កំពូល​នោះ ​វានឹង​ក្លាយ​ជាការ​ដ៏​អស្ចារ្ស​សម្រាប់​កូរ៉េខាង​ជើង‍»។

​កូរ៉េខាង​ជើង​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​ប្រហែល​លុប​ចោល​ជំនួប​នោះ​បណ្តាល​មក​ពី​ការ​ខ្វែងគំនិត​គ្នា​លើ​លក្ខខណ្ឌ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ធ្វើ​ឲ្យ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ដោយ​ឯកតោភាគី។

ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារក្នុង​អំឡុង​នៃជំនួប​ជាមួយ​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង Moon Jae-in ដែល​បំពេញ​ទស្សន​កិច្ច​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា ​សន្និសីទ​កំពូល​នោះ​ប្រហែល​មិន​ធ្វើឡើង​នៅ​ខែ​ក្រោយ​នោះ​ទេ។

​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ទៀត​ថា «ប្រសិន​បើ​សន្និសីទ​នោះ​មិនកើត​មាន​ឡើង​ទេ ​វា​ប្រហែល​នឹង​កើត​មាន​ឡើង​នៅ​ពេល​ក្រោយ‍»។

​ប្រធានា​ធិបតី​ត្រាំ​បាននិយាយ​បន្ត​ទៀត​ថា «មាន​លក្ខខណ្ឌ​ខ្លះ​ដែល​យើងចង់​បាន។ ​ខ្ញុំ​គិតថា ​យើង​នឹង​ទទួល​បាន​លក្ខខណ្ឌ​ទាំង​នោះ‍»។

​នៅពេល​ដែល​គេ​សួរ​អំពីលក្ខខណ្ឌ​នោះ ​ប្រធានា​ធិបតី​ត្រាំ​បាន​ឆ្លើយតប​ថា «ខ្ញុំ​មិនគួរ​និយាយ​ទេ‍»។​ ក៏ប៉ុន្តែ ​លោក​ប្រធានា​ធិបតី​បាន​ថ្លែងថា ​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​ត្រូវ​តែ​កើត​មាន​ឡើង៕

XS
SM
MD
LG