ទោះណាជាប្រជារាស្ត្រអាមេរិកាំងភាគច្រើនបន្ទោសប្រធានាធិបតីស.រ.អា.អំពីការបិទផ្នែកខ្លះនៃរដ្ឋាភិបាលសហព័ន្ធស.រ.អា.ដែលមានយូរតទៅទៀតក៏ដោយ ក៏កាលពីថ្ងៃចន្ទ លោក Donald Trump បាននិយាយប្រាប់ក្រុមកសិករថា ពួកប្រជាធិបតេយ្យដែលជាក្រុមប្រឆាំងនៅក្នុងសភាស.រ.អា.ជាអ្នកទទួលខុសត្រូវ។
លោក Trump បាននិយាយប្រាប់សន្និបាតជាតិនៃក្រុមកសិករនៅក្នុងក្រុង New Orleans ដែលនៅទីនោះលោកនិយាយការពារការទាមទាររបស់លោកឱ្យទទួលប្រាក់រាប់ពាន់លានដុលា្លរសម្រាប់កសាងជញ្ជាំងព្រំដែនមួយនៅតាមបណ្តោយព្រំដែនរវាងប្រទេសអាមេរិកនិងប្រទេសម៉ិកស៊ិក។
លោក Trump បាននិយាយបន្ថែមថា ដ្រូន និងឧបករណ៍ចាប់ចលនាឱ្យដឹងពីមនុស្សឆ្លងកាត់ព្រំដែនមិនគ្រប់គ្រាន់ទេសម្រាប់កិច្ចការពារសន្តិសុខព្រំដែន ដោយលោកអះអាងថាមានតែ «របាំងធ្វើពីដែកថែប ឬស៊ីម៉ង់ត៍ទេ» ដែលអាចបញ្ចៀសពួកជនអន្តោប្រវេសន៍ខុសច្បាប់មិនឱ្យចូលក្នុងស.រ.អា.បាន។
លោក Trump បានប្តេជ្ញានៅក្នុងសុន្ទរកថារបស់លោកទៅកាន់សន្និបាតប្រចាំឆ្នាំទី១០០នៃការិយាល័យកសិករអាមេរិកាំងថា «ខ្ញុំនឹងមិនថយក្រោយដាច់ខាត» ពីកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រទេសអាមេរិកមានសុវត្ថិភាព។
លោកបានចោទប្រកាន់ពួកប្រជាធិបតេយ្យថា ប្រកែកមិនព្រមផ្តល់ប្រាក់សម្រាប់ការកសាងជញ្ជាំងមួយពីព្រោះពួកគេចង់ប្រើប្រាស់ការណ៍នេះជាបញ្ហាមួយសម្រាប់ការឃោសនាបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយនៅពេលលោក Trump ប្រឈមនឹងការបោះឆ្នោតជាថ្មី។
ការស្ទង់មតិធំៗ៦បញ្ជាក់ថាចំនួនពាក់កណ្តាល ឬលើសពីពាក់កណ្តាលនៃប្រជារាស្ត្រអាមេរិកាំងបានឱ្យប្រធានាធិបតីរូបនេះ និងគណបក្សសាធារណរដ្ឋរបស់លោកទទួលខុសត្រូវដល់ការបិទរដ្ឋាភិបាល៕